សហគមន៍​រតនគិរី​​មិន​​ទទួល​​លុយ ១០​ម៉ឺន​​ដុល្លារ​ ​​ជា​​ថ្នូរ​​លក់​​​ដី​​​​សហគមន៍​​​ឱ្យ​​ក្រុម​ហ៊ុន​​ចិន​​រក​រ៉ែ​មាស

សហគមន៍​​ជន​ជាតិ​ដើម​ភាគ​តិច​​ចារ៉ាយ ខេត្ត​រតន​គិរី ជាង ៣០០ គ្រួសារ បដិសេធ​​មិន​​ព្រម​​ទទួល​​លុយ​ ១០ ម៉ឺន​​​ដុល្លារ ជា​​ថ្នូរ​​លក់​​ដី​​សហគមន៍​​គង់​ធំ ៥០ ហិកតា ឱ្យ​​ក្រុម​ហ៊ុន​​ចិន រក​រ៉ែ​មាស។

ជន​ជាតិ​ដើមភាគតិច​ចារ៉ាយ​ទាំងនោះ រស់នៅ​ភូមិ​គង់ធំ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី បារម្ភ​ពី​ជោគ​វាសនា​​​​ព្រៃ​​សហគមន៍​​គង់​ធំ មាន​​ផ្ទៃ​ដី ១៨០ ហិកតា ដែល​ជា​ព្រៃ​អភិរក្ស​បន្សល់ទុក​ចុងក្រោយ កំពុង​ប្រឈម​​ការ​គំរាម​កំហែង ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែមាស​ទ្រង់ទ្រាយ​ធំ ពីសំណាក់​ក្រុមហ៊ុន​ចិន ស៊ាន ចាម (CAMBODIAN XUANCHAM CO., LTD.)។

ប្រធាន​សហគមន៍ លោក រចំ ដ្វេន ឱ្យដឹង​នៅ​ថ្ងៃទី០៤ ខែវិច្ឆិកា ថា ជំហរ​របស់​សហគមន៍​មិន​ឯកភាព លក់​​ដី​​​ព្រៃ​សហគមន៍​​គង់ធំ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​រ៉ែមាស​នោះ​ទេ ព្រោះ​ប៉ះពាល់​កន្លែង​ប្រតិបត្តិ​ប្រពៃណី​វប្បធម៌​​ជនជាតិដើម​ភាគ​តិច​​ចារ៉ាយ និង​ព្រៃ​អាស្រ័យ​ផល។

លោក​ថា អ្នក​ម៉ៅការ​ក្រុមហ៊ុន​ចិន ស៊ាន ចាម បាន​ដាក់​សម្ពាធ​ឱ្យ​តំណាង​សហគមន៍​ត្រូវតែ លក់​ដី​ព្រៃ​សហគមន៍​គង់ធំ ៥០ ហិកតា ឱ្យ​ពួកគេ បើ​មិន​លក់​ទេ ក៏​គេ​នៅតែ​យក​ដដែល។ លោក​បារម្ភ​ថា ព្រៃ​សហគមន៍​គង់ធំ​នឹង​បាត់​បង់ ប្រសិន​បើ​​មាន​​វត្ត​មាន​​ក្រុ​មហ៊ុន​​ចូល​វិនិយោគ​រ៉ែមាស​នៅ​តំបន់​នោះ។

លោក​ រចំ ដ្វេន និយាយថា៖ «សហគមន៍​យើង​ការ​ពារ​ហ្នឹង គេ​(ក្រុម​ហ៊ុន​ចិន) ឧបត្ថម្ភ​យើង ១០ ម៉ឺន​ដុល្លារ។ បើ​សិន​ជា​យើង​មិន​ការ​ពារ​ទេ ដី​ហ្នឹង​គេ​ចុះ​ធ្វើ​ទទេៗ​ទេ គេ​អត់​មាន​ឧបត្ថម្ភ​ឱ្យ​យើង​ទេ គេ​ធ្លាប់​ចឹង​»។

កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា តំណាង​ក្រុមហ៊ុន ចិន ស៊ាន ចាម (CAMBODIAN XUANCHAM CO., LTD.) បាន​ប្រជុំ​ជាមួយ​​សមាជិក​សហគមន៍ និង​ពលរដ្ឋ ជាច្រើន​នាក់ ដើម្បី​ទិញ​ដី​សហគមន៍​គង់ធំ​ទំហំ ៥០ ហិកតា ធ្វើ​​អាជីវកម្ម​រ៉ែមាស។

តំណាង​ក្រុមហ៊ុន​ដែល​អ្នកភូមិ​តែង​ហៅ​ឈ្មោះ​ក្រៅ​ថា តាសក់ស បាន​ប្រាប់​​ពួកគាត់​ថា នឹង​ផ្តល់​លុយ ១០ ម៉ឺន​​​ដុល្លារ ដើម្បី​ទិញ​ដី ៥០ ហិកតា ហើយ​លុយ ៥ ០០០ ដុល្លារ​ផ្សេងទៀត ក្រុមហ៊ុន​នឹង​ជូន​សហគមន៍ ដើម្បី​កសាង​ស្ពាន​មួយ។

វីអូឌី មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន ស៊ាន ចាម (CAMBODIAN XUANCHAM CO., LTD.) បាន​នៅ​ឡើយ​​​ទេ។ ចំណែក ​អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ គិត​ត្រឹម​​ម៉ោង​ផ្សាយ​នេះ។

ជំទប់​ទី ១ ឃុំ​ប៉ាតេ មកពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ក្លាន ភួន យល់ថា ក្រុមហ៊ុន​ចិន ដាក់​សម្ពាធ​ឱ្យ​សហគមន៍​លក់​ដី​ឱ្យ ៥០ ហិកតា ដើម្បី​ហ៊ុមព័ទ្ធ​ធ្វើ​អាជីវកម្ម​រ៉ែមាស និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​​ដី ដែល​ពួកគេ​បាន​​ទិញ​​ពី​សហគមន៍។ ទង្វើ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យព្រួយ​ខ្លាច​ប៉ះពាល់​បរិស្ថាន និង​ជម្លោះ​​ដីធ្លី​នៅ​ថ្ងៃ​ខាងមុខ។

លោក​ថា ព្រៃ​សហគមន៍​នេះ​បន្សល់ទុក​ចុងក្រោយ ដែល​ពលរដ្ឋ​ជាង ៣០០ គ្រួសារ អាស្រ័យ​ផល​ព្រៃឈើ​ដូចជា រក​អុស ថ្នាំ​​បុរាណ និង​ជម្រក​សត្វព្រៃ។

លោក ក្លាន ភួន និយាយថា៖ «ក្រុមហ៊ុនចិន រុករករ៉ែហ្នឹងគាត់អ្នកតថ្លៃអី គាត់ពាំនាំ​គោល​បំណង គាត់​ធ្វើ​មក​ផ្សព្វ​ផ្សាយ​ម្សិល​មិញ។ យើង​មិន​អាច​លក់​ដី​ព្រៃ​របស់​សហគមន៍​យើង​ទេ យើង​ខំ​ការ​ពារ​តាំង​ពី​ដើម​មក​ហើយ​រហូត»។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ពន្យល់​ថា សហគមន៍​​​​គ្មាន​សិទ្ធិ​លក់ដូរ​ដី​ព្រៃ​​សហគមន៍​​ដែល​ជា​ទ្រព្យសម្បត្តិ​​សាធារណៈ​​របស់​រដ្ឋ ទៅ​ឱ្យ​បុគ្គល​ណាមួយ ឬ​ក្រុមហ៊ុន​ណាមួយ​ឡើយ។ លោក​ថា ក្រុមហ៊ុន​ចិន​ទទួលបាន​អាជ្ញាបណ្ណ​រុករក​រ៉ែមាស ពុំមែន​អាជ្ញាបណ្ណ​អាជីវកម្ម​រ៉ែមាស ហេតុនេះ​អាជ្ញាធរ​គួរ​ផ្សព្វផ្សាយ​ករណី​នេះ​ឱ្យ​ទូលំទូលាយ និង​ពន្យល់​ពលរដ្ឋ។

លោក យិន ម៉េងលី ថ្លែង​ថា៖ «បើសិនជាដីរបស់រដ្ឋ ប្រជាពលរដ្ឋ​មិន​មាន​សិទ្ធិ​ទេ បាទ ហើយ​ក្រុម​ហ៊ុន​ក៏​គ្មាន​សិទ្ធិ​ដើរ​ទិញ​ដើរ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​លើ​​ដី​របស់​​រដ្ឋ​ដែរ បើ​សិន​ជា​រដ្ឋ​មិន​អនុ​ញ្ញាត​ឱ្យ​គាត់​នោះ បាទ»។

ព្រៃ​សហគមន៍​គង់ធំ មាន​ផ្ទៃដី ១៨០ ហិកតា ឋិតក្នុង​ភូមិ​គង់ធំ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី ទទួល​ស្គាល់​ដោយ​​ក្រសួងកសិកម្ម​កាលពី​ឆ្នាំ​២០០២។ ព្រៃ​សហគមន៍​នេះ ​មាន​ព្រៃឈើ សត្វព្រៃ ផ្នូរ​កប់​សព កន្លែង​រក​អនុផល​ព្រៃ​ឈើ ដែល​ជនជាតិដើមភាគតិច​ចារ៉ាយ ជាង ៣០០ គ្រួសារ ចាត់ទុកថា ជា​តំបន់​​ជំនឿ និង​ជម្រក​វប្បធម៌​របស់​ពួកគាត់​​ច្រើន​​ឆ្នាំ​​មក​​ហើយ។

អ្នកភូមិ​ថា កន្លងទៅ ក្រុមហ៊ុន​ចិន ហ្គោដេន ជេនើរេសិន អ៊ិនវេសម៉ិន (Golden Generation Investment (Cambodia) Co., Ltd.) និង​ក្រុមហ៊ុន មេស្កូ ហ្គោល (ខេមបូឌា) អិលធីឌី (Mesco Gold (Cambodia) Ltd.) របស់​ឥណ្ឌា ចូល​ទៅ​រុករក​រ៉ែមាស​នៅ​តំបន់​នោះ បណ្តាល​ឱ្យ​ក្របី​របស់​អ្នកភូមិ​ជាច្រើន​ក្បាល ងាប់ ដោយ​សង្ស័យ​ពុល​ទឹក​អូរ​ធម្ម​ជាតិ រហូត​មក​ទល់​ពេល​នេះ​គ្មាន​ដំណោះស្រាយ​នោះ​ទេ ហើយ​អាជ្ញាធរ​តែងតែ​ឆ្លើយ​ដោះសារ គេច​ពី​ការទទួលខុសត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ