ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នៅថ្ងៃពុធនេះ បានដាក់ញត្តិស្នើទៅប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) តាមរយៈស្ថានទូតបារាំងនៅកម្ពុជា ជួយអន្តរាគមន៍ជំរុញទៅរាជរដ្ឋាភិបាលកម្ពុជា ស្តារឡើងវិញនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងអន្តរាគមន៍ក្នុងសំណុំរឿងរបស់លោក និងអ្នកនយោបាយ ព្រមទាំងសកម្មជនផ្សេងទៀត ដែលត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ទាំងអយុត្តិធម៌ ជាពិសេសស្របពេលដែលកម្ពុជានឹងរៀបចំការបោះឆ្នោតនាពេលឆាប់ៗខាងមុខ។
ការដាក់ញត្តិរបស់លោក រ៉ុង ឈុន ស្របពេលដែលប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង គ្រោងនឹងមកកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជាអង្គការចងក្រងប្រទេសនិងរដ្ឋ ប្រើប្រាស់ភាសាបារាំង ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយវប្បធម៌បារាំង ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧០ ក្នុងនោះកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការនេះ កាលពីឆ្នាំ១៩៩៣។
លោក រ៉ុង ឈុន បានថ្លែងនៅមុខស្ថានទូតបារាំងប្រចាំនៅកម្ពុជា បន្ទាប់ពីបានដាក់ញត្តិ នាថ្ងៃទី០៤ ខែវិច្ឆិកានេះថា ដំណើរទស្សនកិច្ចផ្លូវទូតរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះ នៅសប្តាហ៍ក្រោយនេះ ពិតជាមានសារៈសំខាន់ ខណៈបារាំងដែលជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ តែងតែជំរុញជារឿយៗឱ្យកម្ពុជាស្តារឡើងវិញនូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ដូច្នេះហើយបានជាលោកដាក់ញត្តិស្នើដល់លោក ម៉ាក្រុង ជួយអន្តរាគមន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទ និងប្រគល់សិទ្ធិសេរីភាពពេញលេញឱ្យរូបលោកឡើងវិញ។
ក្រៅពីនោះ លោកក៏ស្នើដល់ លោក ម៉ាក្រុង ជួយអន្តរាគមន៍ឱ្យមានការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសង្គម ដែលជាប់ឃុំទាំងអយុត្តិធម៌ផងដែរ។
លោកថា៖ «ហើយយើងរំពឹងថា គាត់នឹងជួយ ជួយជំរុញធ្វើម៉េចឱ្យកម្ពុជាយើងស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសដំណើរការការបោះឆ្នោតនៅឆ្នាំ២០២៧ ២០២៨ ខាងមុខនេះ ឱ្យសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
លោក រ៉ុង ឈុន ដែលសកម្មរឿងតម្លាភាពសង្គម និងបញ្ហាព្រំដែន ត្រូវបានតុលាការកំពូល ចេញសាលដីកាស្ថាពរផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែព្យួរទោសសាកល្បង៣ឆ្នាំ និងបានដកសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោតរយៈពេល ៥ឆ្នាំ រួមទាំងដាក់បម្រាមរឹតត្បិតសិទ្ធិសេរីភាពជាច្រើនទៀត ក្រោមការចោទ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក រ៉ុង ឈុន ចាត់ទុកសាលដីការបស់តុលាការដែលដកសិទ្ធិរបស់លោក មិនឱ្យបោះឆ្នោត មិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត មិនឱ្យធ្វើសកម្មភាពនយោបាយ មិនឱ្យចូលរួមវេទិការសាធារណៈ និងមិនឱ្យចាកចេញពីរាជធានីភ្នំពេញជាដើមនោះ គឺមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី និងមាត្រា៣៥ រួមទាំងកត្តិកាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ។
ស្របពេលគ្នានេះដែរ លោក រ៉ុង ឈុន បានលើកឡើងថា ល្មមដល់ពេលដែលកម្ពុជាត្រូវស្តារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងមានការបង្រួបបង្រួមជាតិ ឯកភាពជាតិឡើងវិញ ដើម្បីស្តារមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ និងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង ខណៈកម្ពុជាបានធ្លាក់ចុះនូវប្រជាធិបតេយ្យសេរីពហុបក្ស ចាប់តាំងពីរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧មក។
លោកថា៖ «ហើយបើយើងមិនចាប់ផ្តើមគិតគូររៀបចំស្រុកទេសយើងឱ្យល្អប្រសើរឡើងវិញទេ យើងខាត! ខាតធំណាស់បងប្អូន ទាំងទេសចរណ៍ ទាំងអ្នកវិនិយោគទុន គេភ័យខ្លាចរអា មិនហ៊ានមកទស្សនា មិនហ៊ានមកវិនិយោគនៅកម្ពុជាយើងទេ ជាពិសេសក៏ធ្វើឱ្យកម្ពុជាយើងហ្នឹងមានភាពទន់ខ្សោយ ដែលធ្វើឱ្យប្រទេសជិតខាងមើលស្រាល មើលស្រាលកម្ពុជាយើង ចឹងមានតែខ្មែរយើងចាប់សាមគ្គីគ្នាពីពេលនេះទៅ ហើយឯកភាពគ្នាទៅ អ្នកនយោបាយទាំងប្រឆាំងមិនប្រឆាំង យើងអង្គុយជជែកគ្នាទៅ បង្ហាញនូវភាពខ្លាំងរបស់ខ្មែរយើង»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា និងមន្ត្រីស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណាអំឡុងពេលដាក់ញត្តិនោះ គេសង្កេតឃើញមន្ត្រីរបស់ស្ថានទូត បានចេញមកទទួលញតិ្តរបស់លោក រ៉ុង ឈុន។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ស្របជាមួយលោក រ៉ុង ឈុន ប៉ុន្តែលោកយល់ថា អ្នកនយោបាយ ឬគណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងអស់ គួរមានការដាក់ញត្តិរួមគ្នាទៅកាន់ប្រធានាធិបតីបារាំង ក៏ដូចជាបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងប្រទេសលោកសេរីផ្សេងទៀត ដើម្បីជំរុញឱ្យកម្ពុជាងាកមកដើរតាមគន្លងប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សឡើងវិញ ខណៈកម្ពុជាកំពុងជួបវិបត្តិចាក់ស្រេះ ទាំងរឿងនយោបាយ បញ្ហាសង្គម ការរឹតត្បិតសេរីភាព។
លោកថា៖ «យើងឃើញហើយ រយៈកាលនាពេលចុងក្រោយនេះ រដ្ឋាភិបាលនៃគណបក្សកាន់អំណាចព្យាយាមធ្វើការវាយបំបាក់ទៅលើគណបក្សដែលប្រកួតប្រជែងជាមួយខ្លួន សកម្មជនលេចធ្លោមួយចំនួន រងការរិះគន់ជាច្រើនពីសហគមន៍អន្តរជាតិ ហើយបណ្តាលឱ្យរដ្ឋាភិបាលបច្ចុប្បន្ន ក្លាយជារដ្ឋាភិបាលដែលដឹកនាំប្រទេសដែលឯកបក្ស ហើយធ្វើការគ្រប់គ្រងដោយអំណាចផ្តាច់មុខ ធ្វើអ្វីៗទៅតាមអំពើចិត្ត ហើយបញ្ហានេះយើងឃើញថាបាននាំនូវវិបត្តិមកដល់ប្រទេសកម្ពុជាជាច្រើន រួមទាំងវិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គមនានា អសន្តិសុខសង្គម ឬបញ្ហាស្គេមអនឡាញ ហើយបញ្ហាប្រទេសជិតខាងគឃើ្លញឈ្លានពាន ដោយសារគេមើលឃើញស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាវឹកវរ ហើយមានការបែកបាក់ជាតិ មិនមានឯកភាពជាតិឱ្យខ្លាំងក្លា ទើបបណ្តាប្រទេសជិតខាងទាំងអស់នេះ គេអត់មានការខ្លាចញញើតកម្ពុជា»។
ការណ៍នេះ លោក ស៊ឹង សែនករុណា អំពាវនាវដល់គ្រប់មេដឹកនាំគណបក្សនយោបាយ ជាពិសេសគណបក្សកាន់អំណាច បញ្ឈប់ការដឹកនាំបែបជិះសេះលែងដៃ និងធ្វើទុក្ខបុកម្នេញទៅលើគូប្រជែងនិងពលរដ្ឋ ហើយដឹកនាំប្រទេសឱ្យបានត្រឹមត្រូវ តាមរយៈការបើកលំហសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ព្រមទាំងផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញដល់អ្នកនយោបាយបក្សប្រឆាំង នោះសង្គមកម្ពុជានឹងមានការអភិវឌ្ឍយ៉ាងរីកចម្រើន។
ចំណែក អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានលើកឡើងថា ការដាក់ញត្តិទៅកាន់ស្ថានទូតបារាំង ដើម្បីស្នើដល់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង គឺជាយុទ្ធសាស្ត្រការទូតដ៏សំខាន់មួយ ក្នុងការទាញយកប្រយោជន៍ពីព្រឹត្តិការណ៍អន្តរជាតិធំៗ ដូចជា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីបង្កើតសំឡេងតវ៉ា និងបញ្ជូនសារអំពីស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពនយោបាយទៅកាន់ឆាកអន្តរជាតិ។
លោកបន្តថា ទង្វើនេះ ឆ្លុះបញ្ចាំងពីការប្រឹងប្រែងស្វែងរកអន្តរាគមន៍ពីខាងក្រៅ នៅពេលដែលយន្តការផ្ទៃក្នុង និងផ្លូវច្បាប់ក្នុងស្រុកត្រូវបានសកម្មជនមើលឃើញថាមានការរឹតត្បិត និងមិនទាន់ឆ្លើយតបបានពេញលេញចំពោះការទាមទារផ្នែកយុត្តិធម៌ និងការដោះលែងអ្នកទោសនយោបាយ។
ទាក់ទិននឹងលទ្ធភាពដែលបារាំងអាចជំរុញឱ្យមានការផ្លាស់ប្តូរជាក់ស្តែងនៅកម្ពុជាវិញ លោកយល់ថា វាមានកម្រិតខុសគ្នារវាងការទូតបែបសាធារណៈ និងកិច្ចការផ្ទៃក្នុង ព្រោះថ្វីបើបារាំងតែងតែប្រកាន់យកជំហរគាំទ្រតម្លៃប្រជាធិបតេយ្យ ហើយលោក ម៉ាក្រុង អាចនឹងលើកយកបញ្ហានេះមកជជែកជាផ្លូវការ ឬលក្ខណៈឯកជនជាមួយថ្នាក់ដឹកនាំកម្ពុជាក៏ដោយ ប៉ុន្តែឥទ្ធិពលនៃការបត់បែននយោបាយជាក់ស្តែង នៅតែមានកម្រិត ដោយសារបារាំងត្រូវរក្សាតុល្យភាពនៃទំនាក់ទំនងការទូត ទ្វេភាគី សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ខណៈដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែងតែប្រកាន់ជំហររឹងមាំថា ការអនុវត្តច្បាប់លើសកម្មជន គឺជាកិច្ចការផ្ទៃក្នុង និងជាសិទ្ធិស្វ័យសម្រេច។
តែយ៉ាងណា លោក សេង វណ្ណលី បានគូសបញ្ជាក់ក្នុងសំណេរតាមឡេក្រាមថា៖ «ប្រសិនបើកម្ពុជាមិនប្រញាប់ប្រញាល់ស្តារឡើងវិញនូវសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការដោះលែងសកម្មជនទេ ផលប៉ះពាល់ចំពោះមុខនឹងកើនឡើងភ្លាមៗទៅលើរូបភាពអន្តរជាតិ និងកិត្យានុភាពការទូតរបស់កម្ពុជា ដោយត្រូវបន្តរងការរិះគន់ និងសម្ពាធពីសំណាក់ប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សអន្តរជាតិ។ បន្ថែមពីនេះ វានឹងបង្កើតឱ្យមានបរិយាកាសភ័យខ្លាច ការខកចិត្ត និងការបាត់បង់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងបង្កើនភាពតានតឹងផ្នែកនយោបាយក្នុងស្រុកដែលពិបាកនឹងបង្រួបបង្រួម»។
សម្រាប់ផលប៉ះពាល់វែងឆ្ងាយទៅអនាគត លោកថា ការមិនកែលម្អស្ថានភាពសិទ្ធិមនុស្សអាចប្រឈមនឹងហានិភ័យសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាពិសេសការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម និងការស្ទាក់ស្ទើរពីសំណាក់វិនិយោគិនបរទេសធំៗ ដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីវកម្ម។ លើសពីនេះ សង្គមដែលខ្វះការចូលរួមស្របច្បាប់ពីគ្រប់ភាគីនយោបាយ និងខ្វះលំហសេរីភាព នឹងបាត់បង់ភាពធន់ក្នុងការប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ឬការប្រែប្រួលនយោបាយជាសកល ដែលអាចប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិទាំងមូល។
កន្លងមក អង្គការសង្គមស៊ីវិលអន្តរជាតិ ក៏បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជននានាជាង ១០០នាក់ ក្នុងអំឡុងពេលដែលកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះដែរ ខណៈលោក ថម អេនឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក៏បានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងពួកគេ ដោយអះអាងថា ពួកគេត្រូវជាប់ឃុំដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋាន។
ជាមួយគ្នានោះ លោក អេនឌ្រូ ក៏បានអំពាវនាវឱ្យធានានូវសេរីភាពរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងលោក កឹម សុខា ដែលជាបុគ្គលលេចធ្លោក្នុងបញ្ហាសិទ្ធិមនុស្ស និងនយោបាយផងដែរ៕









