អំណោយ​​សាលា​​រៀន​​មិន​​អាច​​បិទ​​បាំង​​ករណី​​ឆបោក​​នៅ​​អូរ​ស្មាច់​​​ពាក់​ព័ន្ធ​​លោក​ លី យ៉ុងផាត់ ​បាន​ទេ​

លោក​ ហ៊ុន ម៉ាណែត ​ក្នុង​​នាម​​ជា​​​នាយក​រដ្ឋ​មន្ត្រី​ មិន​អាច​ប្រើប្រាស់​រូបភាព​នៃ​ការ​សម្ពោធ​​សាលា​រៀន​ ​​ដើម្បី​លុប​​​លាង​​​កេរ្តិ៍​ឈ្មោះ​​ឱ្យ​​បុគ្គល​​ណា​​ម្នាក់​បាន​​ឡើយ​។ ​រដ្ឋាភិបាល​​មាន​​កាតព្វ​កិច្ច​​ផ្លូវ​​ច្បាប់​ ក្នុង​​ការ​បង្ហាញ​​របាយ​ការណ៍​​ស៊ើប​​អង្កេត​​​ករណី​​ឆបោក​​នៅ​​អូរ​ស្មាច់​ ខេត្ត​​ឧត្តរ​មាន​ជ័យ​ ជា​​ខេត្ត​​ជាប់​​ព្រំដែន​​ថៃ​ ឱ្យ​​បាន​​ច្បាស់​លាស់​ ដើម្បី​​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​​ពិតប្រាកដ​មក​ផ្តន្ទាទោស​ និង​ផ្តល់​ការ​សង​ជំងឺ​ចិត្ត​ដល់​ជន​​រង​គ្រោះ​។

​ប្រសិន​បើ​រដ្ឋាភិបាល​បង្ហាញ​ខ្ទង់​ចំណាយ​លើ​ការ​សាងសង់​សាលា​រៀន ​នៅ​ខេត្ត​កំពង់ធំ ​បាន​​​យ៉ាង​លម្អិត​ រដ្ឋាភិបាល​​ក៏​​ត្រូវ​​តែ​បង្ហាញ​លទ្ធផល​នៃ​ការ​អនុវត្ត​ច្បាប់​​លើ​ករណី​អូរ​ស្មាច់​ដោយ​ស្មើភាព​ និង​គ្មាន​ការ​លើកលែង​​ដូច​គ្នា​ ដើម្បី​បញ្ជាក់​​ថា​ កម្ពុជា​ត្រូវ​គ្រប់គ្រង​ដោយ​ច្បាប់​ មិនមែន​គ្រប់គ្រង​ដោយ​ទឹកប្រាក់​ និង​អំណាច​​នយោបាយ​នោះ​ឡើយ​។

​ការ​កសាង​សាលា​រៀន​ និង​ការ​ផ្តល់​អគារ​សិក្សា​ថ្មី​ ៥​ ខ្នង​ សរុប​ ៥៥​ បន្ទប់​ តម្លៃ​ជាង​ ២​ លាន​ដុល្លារ​ នៅ​ខេត្ត​​កំពង់ធំ​ គឺ​ជា​សមិទ្ធផល​ដែល​មាន​ប្រយោជន៍​ចំពោះ​សិស្ស​ និង​គ្រូ​បង្រៀន​។ ​ប៉ុន្តែ​ការ​ដែល​លោក​ ហ៊ុន ម៉ាណែត ​ធ្វើ​ជា​អធិបតី​សម្ពោធ​សមិទ្ធផល​នេះ​ ដោយ​សម្តែង​ការ​អរគុណ​ និង​លើកតម្កើង​សមាគម​ឧកញ៉ា​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ លី យ៉ុងផាត់ ​គឺ​ជា​ការ​សម្តែង​ល្ខោន​នយោបាយ​ដើម្បី​បង្វែរ​ដាន​ និង​បិទ​​​បាំង​ភាព​បរាជ័យ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។

​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ​បង្ហាញ​ភាព​ស្ទាត់ជំនាញ​យ៉ាងខ្លាំង​ក្នុង​ការ​រៀបរាប់​តួលេខ​ ចែករំលែក​ទិន្ន​ន័យ​​​ចំណាយ​​រហូត​ដល់​ខ្ទង់​លាន​ដុល្លារ​ និង​ផ្តល់​កិត្តិយស​ដល់​អ្នក​ឧបត្ថម្ភ​ ដូចជា​ លោក​ លី យ៉ុងផាត់ ​ប៉ុន្តែ​ ចំពោះ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ និង​បទល្មើស​ជួញដូរ​មនុស្ស​នៅ​អូរ​ស្មាច់​ រដ្ឋាភិបាល​ត្រឡប់​ជា​អនុវត្ត​បែប​ស្រពិច​ស្រពិល​ គ្មាន​តម្លាភាព​ និង​គ្មាន​លទ្ធផល​ជាក់ស្តែង​។

​ពិធី​សម្ពោធ​សាលា​រៀន​នេះ​ បាន​ក្លាយជា​ឆាក​លាង​ជម្រះ​បញ្ជី​ខ្មៅ​ និង​ស្តារ​មុខមាត់​ឱ្យ​អ្នក​មាន​អំណាច​ ខណៈ​​ជន​រងគ្រោះ​នៃ​ការ​បង្ខាំង​ និង​ការ​ធ្វើ​ទារុណកម្ម​នៅ​ទីតាំង​ឆបោក​នៅ​អូរ​ស្មាច់​នៅ​តែ​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​។

​កាលពី​ថ្ងៃទី​ ១២​ ខែកញ្ញា​ ឆ្នាំ​ ២០២៤​ ក្រសួង​រតនាគារ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក​ លី យ៉ុងផាត់ ​ក្រុម​ហ៊ុន​ អិល វ៉ាយ ភី គ្រុប​ និង​រមណីយដ្ឋាន​អូរ​ស្មាច់​ ផ្អែក​លើ​ភស្តុតាង​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ការ​​បង្ខំ​ឱ្យ​ធ្វើការ​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ ការ​ដកហូត​លិខិតឆ្លងដែន​ ការ​វាយដំ​ និង​ការ​ឆក់​ខ្សែភ្លើង​។ ​អាជ្ញាធរ​កម្ពុជា​ធ្លាប់​បាន​ចុះ​សង្គ្រោះ​មនុស្ស​ពី​ទីតាំង​ដដែល​នេះ​ចំនួន​ពីរ​លើក​ គឺ​នៅ​ខែតុលា​ ឆ្នាំ​ ២០២២​ និង​ខែមីនា​ ឆ្នាំ​ ២០២៤​។ ​ការ​​ចុះ​​សង្គ្រោះ​​មនុស្ស​ចេញពី​ទីតាំង​ដដែល​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ផ្សេងគ្នា​ ស្តែង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ អាជ្ញាធរ​អសមត្ថ​​ភាព​​ក្នុង​ការ​ទប់ស្កាត់​ ឬ​អសមត្ថភាព​ក្នុង​ការ​ចាត់​វិធានការ​​លើ​ម្ចាស់​ទីតាំង​ និង​អ្នក​ការពារ​នៅ​ពីក្រោយ​ខ្នង​។

​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ​តែងតែ​ផ្លាស់ប្តូរ​ប្រធានបទ​ដោយ​លើកឡើង​ពី​គុណបំណាច់​ និង​សកម្ម​​ភាព​សង្គម​​របស់​​អ្នក​​មាន​​ទ្រព្យ​ធន​ ដើម្បី​ជំនួស​ឱ្យ​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​។ ​បង្កាន់ដៃ​ចំណាយ​លើ​ការ​កសាង​សាលា​រៀន​ មិន​អាច​យក​មក​ជំនួស​ការ​ស៊ើប​អង្កេត​បទល្មើស​ព្រហ្មទណ្ឌ​បាន​ឡើយ​។ ​ការ​ដែល​លោក​ ហ៊ុន ម៉ាណែត ​ផ្តល់​កិត្តិយស​ជា​សាធារណៈ​ដល់​បុគ្គល​ដែល​រង​ការ​ចោទប្រកាន់​ពី​បទល្មើស​ឆបោក​ពី​​អន្តរ​ជាតិ​ គឺ​ជា​ការ​ជួយ​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​ភស្តុតាង​ និង​ជា​ការ​ជួយ​ការពារ​បណ្តាញ​ខ្សែរយៈ​របស់​ខ្លួន​។

​ទន្ទឹម​នឹង​នេះ​ ការ​ទទួល​អំណោយ​ និង​ការ​កសាង​អគារ​រដ្ឋ​ដោយ​ប្រើប្រាស់​ថវិកា​របស់​បុគ្គល​ដែល​កំពុង​រង​ការ​ស៊ើប​អង្កេត​ បាន​បង្កើត​ជា​ទំនាស់​ផលប្រយោជន៍​យ៉ាង​ធ្ងន់ធ្ងរ​។ ​វឌ្ឍនភាព​បែប​នេះ​ ធ្វើ​ឱ្យ​បាត់បង់​ឯករាជ្យ​ភាព​​របស់​ស្ថាប័ន​រដ្ឋ​ និង​បង្កើត​សម្ពាធ​លើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ មិន​ឱ្យ​ហ៊ាន​ប៉ះពាល់​ ឬ​ស៊ើប​អង្កេត​លើ​​អាជីវកម្ម​​របស់​​អ្នក​​ផ្តល់​​ជំនួយ​។

​លើស​ពី​នេះ​ រដ្ឋាភិបាល​តែងតែ​បង្ហាញ​តែ​តួលេខ​នៃ​ការ​ចុះ​សង្គ្រោះ​ ប៉ុន្តែ​ចៀសវាង​រាល់​ការ​ស៊ើប​អង្កេត​ទៅលើ​អ្នក​ចេញ​​បញ្ជា​ អ្នក​ទទួល​ផលប្រយោជន៍​ហិរញ្ញវត្ថុ​ និង​មន្ត្រី​ពុករលួយ​ដែល​ជួយ​សម្រួល​ប្រតិបត្តិការ​ទាំង​នោះ​។ ​ការ​ផ្តោត​តែ​​លើ​អ្នក​ប្រតិបត្តិការ​កម្រិត​ទាប​ និង​ការ​ខកខាន​ក្នុង​ការ​កាត់ទោស​អ្នក​មាន​ឥទ្ធិពល​ គឺ​​ជា​​ការ​បើកដៃ​ឱ្យ​មជ្ឈ​មណ្ឌល​​ឆបោក​​ទាំង​នោះ​​អាច​បើក​ដំណើរការ​ឡើងវិញ​បាន​យ៉ាង​ងាយស្រួល​។

​ផលវិបាក​នៃ​អសមត្ថភាព​ ឬ​ចេតនា​មើលរំលង​បញ្ហា​នេះ​ បាន​ធ្លាក់​ទៅលើ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។ ​នៅ​ក្នុង​របាយការណ៍​ស្តីពី​ការ​ជួញដូរ​មនុស្ស​ចុងក្រោយ​បង្អស់​របស់​ក្រសួង​ការបរទេស​អាមេរិក​ ដែល​គ្របដណ្តប់​ចាប់ពី​ខែមេសា​ ឆ្នាំ​២០២៥​ ដល់​ខែមីនា​ ឆ្នាំ​២០២៦​ កម្ពុជា​នៅ​តែ​បន្ត​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​កម្រិត​ទាប​បំផុត​ ឬ​កម្រិត​ទី​៣​ (Tier 3)។ ​របាយ​ការណ៍​​នេះ ​បាន​គូស​បញ្ជាក់​ថា​ ទោះបីជា​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ​បាន​ដក​តំណែង​មន្ត្រី​ចំនួន​ ៨​រូប​ដែល​​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ក៏ដោយ​ ប៉ុន្តែ​មិន​មាន​ការ​ស៊ើប​អង្កេត​ ការ​ចោទប្រកាន់​ ឬ​ការ​ផ្តន្ទាទោស​ផ្លូវ​ច្បាប់​លើ​​មន្ត្រី​រដ្ឋ​ទាំងនោះ​ឡើយ​។

​លើស​ពី​នេះ​ រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណាមួយ​ប្រឆាំង​នឹង​សមាជិក​ព្រឹទ្ធ​សភា​ដែល​រង​ទណ្ឌកម្ម​អាមេរិក​ គឺ​លោក​ កុក អាន ​និង​លោក​ លី យ៉ុងផាត់ ​នោះ​ទេ​ ទោះបីជា​មាន​ភស្តុ​តាង​​ភ្ជាប់​មជ្ឈ​មណ្ឌល​​ឆបោក​ទៅ​នឹង​ក្រុមហ៊ុន​ដែល​ពួកគេ​គ្រប់គ្រង​ក៏ដោយ​ ទោះជា​សមាជិក​ព្រឹទ្ធសភា​ទាំងពីរ​រូប​បាន​បដិសេធ​ការ​​ប្រព្រឹត្ត​​បទ​ល្មើស​​ទាំង​នោះ​​ក្តី​។

​ទិន្នន័យ​ទាំងនេះ​ រួម​ជាមួយ​ការ​ព្រមាន​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ កេរ្តិ៍ឈ្មោះ​​អាស្រូវ​​នៃ​​បទល្មើស​ឆបោក​ កំពុង​បំផ្លាញ​វិស័យ​ទេសចរណ៍​ ជំរុញ​ឱ្យ​វិនិយោគិន​បរទេស​ដកថយ​ និង​បង្ក​​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាតិ​។

​លោក​ ហ៊ុន ម៉ាណែត ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ មិន​អាច​ប្រើប្រាស់​រូបភាព​នៃ​ការ​សម្ពោធ​សាលា​រៀន​ដើម្បី​លុប​លាង​​កេរ្តិ៍ឈ្មោះ​ឱ្យ​បុគ្គល​ណាម្នាក់​បាន​ឡើយ​។ ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ក្នុង​ការ​បង្ហាញ​របាយ​ការណ៍​​ស៊ើប​អង្កេត​​ករណី​អូរ​ស្មាច់​ឱ្យ​បាន​ច្បាស់លាស់​ ស្វែងរក​អ្នក​ទទួល​ខុស​ត្រូវ​ពិតប្រាកដ​មក​ផ្តន្ទាទោស​ និង​ផ្តល់​ការ​សង​ជំងឺ​ចិត្ត​​ដល់​​ជន​រងគ្រោះ​។

​ប្រសិន​​បើ​លោក​ ហ៊ុន ម៉ាណែត ​អាច​បង្ហាញ​ខ្ទង់​លេខ​នៃ​ការ​ចំណាយ​លើ​សាលា​រៀន​បាន​យ៉ាង​លម្អិត​ រដ្ឋាភិបាល​​ក៏​ត្រូវ​តែ​​បង្ហាញ​លទ្ធផល​នៃ​ការ​អនុវត្ត​ច្បាប់​លើ​ករណី​អូរ​ស្មាច់​ដោយ​ស្មើភាព​ និង​គ្មាន​ការ​លើកលែង​ដូច​​គ្នា​ ដើម្បី​បញ្ជាក់​ថា​ កម្ពុជា​​គ្រប់គ្រង​ដោយ​ច្បាប់​ មិនមែន​គ្រប់គ្រង​ដោយ​ទឹកប្រាក់​ និង​អំណាច​នយោ​​បាយ​នោះ​​​ឡើយ​៕

អត្ថបទដោយ៖​ សុក្រឹត ពុទ្ធិ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ