ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ថា លោកបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហូ ថាទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការផ្តល់ជំនួយហិរញ្ញវត្ថុប្រចាំឆ្នាំចំនួន ៤ ប៊ីលានដុល្លារ ដល់អ៊ីស្រាអែលបន្ទាប់ពីឆ្នាំនេះ ប៉ុន្តែនឹងនៅតែបន្តលក់អាវុធឱ្យសម្ព័ន្ធមិត្តមជ្ឈិមបូព៌ាមួយនេះដដែល។
នៅក្នុងការប្រកាសដ៏ភ្ញាក់ផ្អើលមួយ ខណៈពេលដែលប្រជាជនអាមេរិកកំពុងបោះឆ្នោតពាក់កណ្តាលអាណត្តិ លោក ត្រាំ បានចាត់ទុកចំណាត់ការនេះថា ជាផ្នែកមួយដើម្បីលុបបំបាត់ «ចំណុចវាយប្រហារ» ដែលក្រុមប្រជាធិបតេយ្យស្លាបឆ្វេងបានយកមកប្រឆាំងនឹងក្រុមសាធារណរដ្ឋ ជុំវិញការគាំទ្រជំនួយយោធាដល់អ៊ីស្រាអែល។
លោក ត្រាំ មិនបានពន្យល់ពីរបៀបដែលជំនួយនឹងត្រូវបញ្ឈប់នោះទេ ដោយសារអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្តល់ជំនួយយោធា ៣.៨ ប៊ីលានដុល្លារក្នុងមួយឆ្នាំ មិនទាន់ផុតកំណត់ ហើយនៅបន្តរហូតដល់ខែកញ្ញា ឆ្នាំ២០២៨។ ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា ជំនួយដល់អ៊ីស្រាអែលបានក្លាយជាបន្ទុកនយោបាយសម្រាប់រូបលោក ខណៈអ្នកវិភាគលើកឡើងថា ការប្រកាសនេះធ្វើឡើងដើម្បីចំណេញប្រៀបនយោបាយក្នុងថ្ងៃបោះឆ្នោត។
លោក ត្រាំ បានប្រាប់កម្មវិធី “Fox & Friends” ថា អ៊ីស្រាអែលលែងត្រូវការជំនួយនេះទៀតហើយ៖ «ខ្ញុំ និងលោក ប៊ីប៊ី នេតាន់យ៉ាហូ បានព្រមព្រៀងគ្នាកាលពីប៉ុន្មានខែមុនថា យើងនឹងបញ្ឈប់វា។ នៅចុងឆ្នាំនេះ យើងនឹងមិនផ្តល់ប្រាក់ឲ្យអ៊ីស្រាអែលទៀតទេ ប៉ុន្តែយើងនឹងជួយប្រសិនបើពួកគេត្រូវការ»។
ការប្រកាសនេះ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង។ លោក កាឌី អាយសិនខុត (Gadi Eisenkot) មេដឹកនាំបក្សប្រជែងនៅអ៊ីស្រាអែល បានសរសេរលើ X ថា៖ «ការពិតដែលស្ថាប័នសន្តិសុខ និងប្រជាពលរដ្ឋអ៊ីស្រាអែល ដឹងពីការផ្លាស់ប្តូរទំនាក់ទំនងយុទ្ធសាស្ត្រតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បង្ហាញថាទង្វើរបស់លោក នេតាន់យ៉ាហូ បង្កគ្រោះថ្នាក់ពិតប្រាកដ។ យើងមិនអាចពឹងផ្អែកលើគាត់បានទៀតទេ»។
ការស្ទង់មតិរបស់សាកលវិទ្យាល័យ Quinnipiac បង្ហាញថា ៤៨% នៃអ្នកបោះឆ្នោតអាមេរិក និង ៦៦% នៃអ្នកគាំទ្របក្សប្រជាធិបតេយ្យ ជឿថាសហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែលខ្លាំងពេក។ លោក ត្រាំ បានបញ្ជាក់ចំឈ្មោះលោក Abdul El-Sayed បេក្ខជនព្រឹទ្ធសភាបក្សប្រជាធិបតេយ្យនៅរដ្ឋ Michigan ដែលប្រឆាំងនឹងជំនួយយោធាគ្មានលក្ខខណ្ឌ ដោយលោក ត្រាំ លើកឡើងថា លោកចង់លុបបំបាត់ការរិះគន់ពីក្រុមស្លាបឆ្វេង។
លោក Jon Alterman មកពីមជ្ឈមណ្ឌល CSIS បានកត់សម្គាល់ពីចម្ងល់លើពេលវេលានៃការប្រកាសនេះចំថ្ងៃបោះឆ្នោត និងចំពេលមានការរំពឹងទុកពីប្រតិបត្តិការយោធារួមប្រឆាំងនឹងអ៊ីរ៉ង់។ ខណៈសមាជិករដ្ឋសភាបក្សសាធារណរដ្ឋ លោក Don Bacon បានសម្តែងការទាស់ចិត្តដែលភាគីអ៊ីស្រាអែលមិនបានដឹងមុនអំពីកិច្ចព្រមព្រៀងនេះ៕









