លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​ឃោសនា​​រក​​សំឡេង​​ឆ្នោត​​ឱ្យ​​​បក្ស​​ប្រជាជន​​ក្រោម​​ការ​​រិះ​គន់​

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ាណែត​ ​រង​ការ​រិះគន់​ធ្ងន់ៗ​ ​ពី​ក្រុម​អ្នក​តាមដាន​ស្ថានភាព​នយោបាយ​​នៅ​​កម្ពុជា​ ​ជុំវិញ​​ការ​ឃោសនា​​​រក​សំឡេង​​ឆ្នោត​​​ឱ្យ​គណបក្ស​​កាន់​​​អំណាច​ ​មុន​រដូវ​​​ឃោសនា​បោះ​​ឆ្នោត​មក​​ដល់​ ​​​ដែល​​ជា​​ក្តី​បារម្ភ​​​ពី​ការ​​បន្សល់​​ទុក​​មរតក​​ប្រកួត​ប្រជែង​​ខ្វះ​​តម្លាភាព​​។​

​នៅ​ក្នុង​ពិធី​ចែក​ពូជ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ​នៅ​ថ្ងៃ​ទី​​៥​ ​ខែ​​វិច្ឆិកា​នេះ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ាណែត​ ​បាន​ថ្លែង​ថា​ ​មិនថា​ពេល​មាន​សង្គ្រាម​ ​មិនថា​ទឹក​ជំនន់​​នោះ​​ទេ​ ​ទាំង​​កង​កម្លាំង​ ​និង​​អាជ្ញាធរ​​ពាក់​ព័ន្ធ​ ​តែង​តែ​​ចុះ​ជួយ​ពលរដ្ឋ​ជានិច្ច​​។​ ​ហើយ​វិធានការ​ចែក​ដី​​​សម្រាប់​អ្នក​អត់​ដី​ពិតប្រាកដ​ ​និង​​ការ​បង្កើន​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​តែ​បន្ត​ធ្វើ​​។​

​ក្នុង​ន័យ​នេះ​ ​លោក​គូសបញ្ជាក់​ថា​ ​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​​។​ ​ក្នុង​​នាម​ជា​គណបក្ស​​​ដែល​ទទួល​បាន​ការ​ទុកចិត្ត​ ​និង​ការ​គាំទ្រ​ពី​ប្រជាជន​ទូទាំង​ប្រទេស​ ​គណបក្ស​​នេះ ​នៅ​តែ​បន្ត​រក្សា​គោលនយោបាយ​ ​និង​​​ក្រុម​ការងារ​ដែល​បម្រើ​ប្រជាពលរដ្ឋ​ដោយ​សាមគ្គីភាព​​។​

​លោក​ថា​៖​ ​«ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែប្រជាជនផ្ដល់​ឱកាស​ឱ្យនៅក្នុង​ការប​ន្ត​​​បម្រើ​ប្រជាពលរដ្ឋ​តទៅ​​ទៀ​ត គឺ​យើង​នឹងអ​នុវ​ត្ត​គោល​នយោ​បាយ​នេះ ឱ្យ​កាន់​តែ​ច្រើន​ មិន​ចោល​ប្រជា​ជន​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់»។​

​លោក​ ​យ៉ែម​ ​បុញ្ញឬទ្ធិ​ ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ ​មាន​ប្រសាសន៍​​ថា​ ​ការ​កេង​ចំណេញ​នយោ​បាយ​ ​នៅ​​​តែ​បន្ត​មាន​ ​បែង​ចែក​ពី​គ្នា​ម៉េច​ដាច់​​ស្រឡះ​​។​ ​លោក​ថា​ ​អ្វី​ជា​ផលប្រយោជន៍​ ​សម្រាប់​ប្រជាពលរដ្ឋ​ ​ពី​​​ការ​ផ្តល់​ដី​សម្ប​ទាន​​សង្គមកិច្ច​ ​និង​ប្រព័ន្ធ​ធារាសាស្ត្រ​ ​វា​ជា​តួនាទី​ភារកិច្ច​ ​និង​គោលនយោបាយ​របស់​​រដ្ឋាភិបាល​​ដើម្បី​ជួយ​ដល់​ជីវភាព​ ​និង​ការ​ផលិត​កសិផល​របស់​ប្រជាពលរដ្ឋ​ ​មិន​ត្រូវ​យក​មក​កេង​ចំណេញ​ ​ឬ​​​បែងចែក​​ជា​រឿង​បក្ស​ណាៗ​នោះ​ឡើយ​​។​

​លោក​បាន​បន្ត​ថា​ ​ទោះ​មាន​ការ​សន្យា​ច្រើនលើក​ច្រើនសារ​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ ​ខ្វះខាត​ប្រព័ន្ធ​​​ធារា​​​សាស្ត្រ​ ​កសិផល​មាន​តម្លៃ​ថោក​ ​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​បាន​ពិតប្រាកដ​នៅឡើយ​ទេ​​។​

​លោក​ថា​៖​ ​«ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខជិតមក​ដល់ ដូច្នេះ​វោហា​សាស្ត្រ​នយោ​បាយ​​ជា​រឿង​​មួយ ក៏​ប៉ុន្តែ​យើង​នៅតែ​ស្នើសុំ​យ៉ាង​ទទូច តួនាទីភា​រកិច្ច​របស់​រាជ​រដ្ឋាភិ​បាល​ជា​តំណាង​ប្រជា​ជាតិ​ខ្មែរ​ទូទាំង​​មូល មិន​មែន​ជា​តំណាង​បក្ស​​ទេ បាទ»។​

​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​ ​លោក​ ​ស៊ឹង​ ​សែនករុណា​ ​បាន​លើកឡើង​​ថា​ ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​កំពុង​ដឹកនាំ​ប្រទេស​ស្រាប់​ ​មិន​ចាំបាច់​ឃោសនា​បោះឆ្នោត​ ​ឬ​​ធ្វើការ​សន្យា​នោះ​​ឡើយ​ ​គឺ​ត្រូវ​មាន​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​ជាក់ស្តែង​ ​ដែល​កំពុង​​ជួបប្រទះ​បញ្ហា​ធ្ងន់ធ្ងរ​ ដូច​ជា​​ ​គ្មាន​ការងារ​​ធ្វើ​ ​ចំណាកស្រុក​ ​ខ្វះខាត​ដីធ្លី​ធ្វើ​កសិកម្ម​ ​កសិផល​លក់​បាន​​​តម្លៃ​ថោក​គ្មាន​ទីផ្សារ​ ​និង​កង្វះ​ប្រព័ន្ធ​ធារា​សាស្ត្រ​​នៅ​​តាម​​បណ្តា​ខេត្ត​​។​​

​លោក​ក៏​គូសបញ្ជាក់​ថា​ ​ទោះបីជា​ការ​បោះឆ្នោត​ត្រូវ​បាន​មើលឃើញ​ថា​​ខ្វះ​ការ​ប្រកួតប្រជែង​ដោយ​សេរី​ ​និង​យុត្តិធម៌​​ពិត​ប្រាកដ​​ក៏ដោយ​ ​ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ដែល​មាន​ទាំង​អំណាច​ ​ធនធាន​ ​និង​មធ្យោបាយ​ក្នុង​ដៃ​ស្រាប់​ ​គឺជា​អ្នក​​ដែល​មាន​លទ្ធភាព​ខ្ពស់​ជាងគេ​ក្នុង​ការ​កែទម្រង់​ ​និង​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​លឿន​ ​ប្រសិន​បើ​មាន​ឆន្ទៈ​ ​បើក​​លំហ​ប្រជាធិបតេយ្យ​ ​និង​បម្រើ​ផលប្រយោជន៍​ជាតិ​ពិតប្រាកដ​​។​

​លោក​ថា​៖​ ​«លោកនាយករដ្ឋមន្ត្រីមិនចាំបាច់ទៅសន្យា ឬធ្វើការឃោសនាមុនពេលបោះឆ្នោត​នោះ​ឡើយ។ អ្វី​ដែល​ត្រូ​វ​ធ្វើ គឺ​ត្រូវ​ពិនិត្យ​មើល​សមត្ថ​ភាព​របស់​មន្ត្រី​ពាក់​ព័ន្ធ និង​សមត្ថ​ភាព​របស់​ខ្លួន ដើម្បី​ដោះ​ស្រាយ​បញ្ហា​​ជូន​ប្រជា​ពលរដ្ឋ​​ភ្លាមៗ​ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន»។​

​ចំណែក​លោក​ ​សេង​ ​វណ្ណលី​ ​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​បាន​គូសបញ្ជាក់​ថា​ ​ការ​​​សន្យា​របស់​អ្នកនយោបាយ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ ​និង​បង្កើត​ការងារ​​ក្នុង​ស្រុក​ ​គឺជា​ការ​ឆ្លើយតប​ចំ​តម្រូវការ​គ្រឹះ​របស់​ប្រជាពលរដ្ឋ​ ​ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​កន្លងមក​នៅ​តែ​មាន​គម្លាត​ធំធេង​ ​រវាង​ពាក្យ​សន្យា​ ​និង​ភាព​ប្រាកដនិយម​​។​

​លោក​បាន​បង្ហាញ​ថា​ ​កន្លងមក ​ដី​សម្បទាន​ដែល​បាន​បែងចែក​​ភាគច្រើន ​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ ​ខ្វះ​ជី​ជាតិ​ ​និង​​​​គ្មាន​ប្រភព​ទឹក​ ​ដែល​មិន​អាច​បង្កើត​ជីវភាព​បាន​ ​ត្រូវ​បង្ខំចិត្ត​បោះបង់​ចោល​ដី​នោះ​ ​ត្រឡប់​ទៅ​ធ្វើ​ចំណាក​ស្រុក​​​ជាថ្មី​​។​

​ការ​កសាង​ប្រឡាយ​ទឹក​តែមួយ​មុខ ​មិន​ទាន់​គ្រប់គ្រាន់​​ក្នុង​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​កសិករ​​បាន​​ឡើយ​ ​ប្រសិន​​បើ​គ្មាន​​​គោល​នយោបាយ​ច្បាស់លាស់ ​​ក្នុង​ការ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ជី​ ​ប្រេង​ ​និង​ការ​ធ្លាក់ថ្លៃ​កសិផល​នៅ​លើ​ទីផ្សារ​ ​ដែល​បង្ក​​ជា​បំណុល​វ័ណ្ឌក​ដល់​ពួក​គាត់​​។​

​លោក​​ក៏​បន្ថែម​ថា​ ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពិតប្រាកដ​ ​ប្រជាពលរដ្ឋ​ត្រូវ​ពឹងផ្អែក​លើ​ការ​បង្កើត​យន្តការ​​តាម​ដាន​ ​និង​ការ​ទាមទារ​គណនេយ្យភាព​ពី​អាជ្ញាធរ​ ​តាមរយៈ​ការ​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​យ៉ាង​សកម្ម​របស់​ខ្លួន​​។​

​លោក​ថា​៖​ ​«ការភ្ជាប់សារសន្យាដោះស្រាយបញ្ហាសង្គម​ទៅនឹងការទាមទារការបោះឆ្នោតគាំទ្រ គឺ​ជា​ការ​ឆ្លៀត​ឱកាស​នយោ​បាយ តើកា​រ​អភិវឌ្ឍ​ទាំង​នេះ​ជា​កាតព្វ​កិច្ច​ផ្លូវ​ការ​របស់​រដ្ឋ ក្នុង​ការ​បម្រើ​ពលរដ្ឋ​គ្រប់​រូប​ដោយ​ស្មើ​ភាព ឬ​​ជា​ឧបករណ៍​នយោ​បាយ​សម្រាប់​ដោះដូ​រ​ការ​គាំទ្រ​​នៅ​រៀង​រាល់​អាណត្តិ»។​

​ជុំវិញ​ការ​ប្រកួត​នយោបាយ​ខ្វះ​សុចរិតភាព​នៅ​កម្ពុជា​វិញ​នេះ​ ​លោក​ ​ថម​ ​អ៊ិនឌ្រូ​ ​(Tom Andrews)​ ​អ្នករាយ​ការណ៍​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ​ ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ ​បាន​បង្ហាញ​​ពី​ការ​ព្រួយបារម្ភ​​ជុំវិញ​បញ្ហា​នេះ​​។​

​លោក​បាន​និយាយ​ថា​ ​រាជរដ្ឋាភិបាល​ត្រូវ​តែ​បើកផ្លូវ​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​ ​ដោះលែង​អ្នកទោស​​នយោ​​បាយ​ ​និង​ស្តារ​បរិយាកាស​ប្រជាធិបតេយ្យ​ឡើងវិញ​​។​ ​លើស​ពី​នេះ ​​លោក​ថា​ ​ការ​បោះឆ្នោត​ខាងមុខ​ ​មិន​​អាច​ចាត់​​ទុក​ថា​​សេរី​ ​និង​​ត្រឹមត្រូវ​បាន​ឡើយ​ ​ប្រសិនបើ​គ្មាន​ការ​ស្តារ​លំហ​ប្រជាធិបតេយ្យ​ ​និង​ការ​​បើក​​ផ្លូវ​ឱ្យ​គណបក្ស​​ប្រឆាំង​ចូលរួម​ដោយ​ស្មើភាព​នោះ​ទេ​​។​ ​ហើយ​ថា​ ​ការ​ដោះលែង​សកម្មជន​នយោ​​បាយ​ ​និង​ការ​លើកកម្ពស់​សេរីភាព​​បញ្ចេញ​មតិ​ ​គឺ​ជា​​លក្ខខណ្ឌ​ចាំបាច់​បំផុត​ ​ដើម្បី​ធានា​ថា​ការ​បោះឆ្នោត​ទទួល​​បាន​ការ​ទទួលស្គាល់​ ​និង​មាន​ភាព​ស្របច្បាប់​​ពី​​​សហគមន៍​​​អន្តរ​​ជាតិ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ