តុលាការ​ខេត្ត​តាកែវ ឃុំខ្លួន​អធិការរង​ម្នាក់ ពាក់ព័ន្ធ​នឹង​បទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន

សាលាដំបូង​ខេត្ត​តាកែវ បាន​បង្គាប់​ឱ្យ​ឃុំខ្លួន​អធិការរង​ស្រុក​អង្គរបូរី ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​​​ខុស​ច្បាប់​​នូវ​​សារធាតុ​ញៀន។ នេះ​បើ​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ចុះ​ថ្ងៃ​ទី​០៤ ខែ​​វិច្ឆិកា ឆ្នាំ​២០២៦។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ បាន​ឱ្យដឹងថា អធិការរង​នគរបាល​ស្រុក​អង្គរបូរី លោក ពួយ សោវណ្ណដេត អាយុ ៣៦ ឆ្នាំ មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៦ ពាក់​​ព័ន្ធ​​​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​បណ្តោយ​ផ្លូវ​កៅស៊ូ ភូមិ​កំពង់​ហ្លួង ឃុំ​អង្គរបូរី ស្រុក​អង្គរបូរី។

ប្រភព​​ដដែល បន្តថា បច្ចុប្បន្ន អធិការរង​រូបនេះ ត្រូវបាន​សាលាដំបូង​ខេត្ត សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន កាល​​​ពី​​ថ្ងៃ​ទី​២៦ ខែ​តុលា និង​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ​ខេត្ត​តាកែវ។

យោង​តាម​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន បញ្ញត្តិ​ថា អំពើ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជា​ការផ្តល់​សម្រាប់​លក់ ការលក់ ការទិញ​ដើម្បី​លក់ ឬ​ដោះដូរ និង​ការដោះដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។ ជនល្មើស​ដែល​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល ទៅ ១០ លាន​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ