ថៃ​ពង្រីក​​ការ​​គ្រប់​គ្រង​​ដី​​ខ្មែរ​​តាម​​ព្រំដែន ក្រោម​​សារ​​មេដឹក​​នាំ​​ខ្មែរ​​មិន​​ចំណាយ​​លុយ​​ដើម្បី​​ធ្វើ​​សង្គ្រាម

លោក ហ៊ុន ម៉ាណែត បន្ត​ផ្ញើសារ​ពី​ភាព​មិន​ចាំបាច់​​ចំណាយ​​លុយ​​ដើម្បី​ធ្វើ​សង្គ្រាម​ទៀត​នោះ​ទេ បើ​ទោះបី​ជា​​​មាន​សេចក្តី​​​រាយ​ការណ៍​​ថា ថៃ​បាន​ពង្រីក​ការ​កាន់កាប់​ដី​ខ្មែរ​តាម​ព្រំដែន​ជា​បន្តបន្ទាប់ ក្រោយ​មាន​បទ​ឈប់​បាញ់​​ជាង ១ ឆ្នាំ​មក​នេះ កើនឡើង​ដល់ ៩០ ទីតាំង​ក្តី។

បញ្ហា​នេះ ជំរុញ​ឱ្យ​ក្រុម​អ្នក​តាមដាន​បញ្ហា​ព្រំដែន​ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល បង្ហាញ​ក្តី​បារម្ភ​ពី​ហានិភ័យ​ធ្ងន់​ធ្ងរ​​នៃ​ការ​រំលោភ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ពី​សំណាក់​ប្រទេស​ជិតខាង និង​ទាមទារ​ឱ្យ​មេដឹកនាំ​​​រូប​នេះ ចុះចេញ​ពី​តំណែង ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិសាសន៍​ខ្មែរ។

ពី​ខេត្ត​ពោធិ៍សាត់ ក្នុង​ឱកាស​ចែក​ពូជ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នា​ថ្ងៃទី​០៥ ខែ​វិច្ឆិកា​នេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​គូសបញ្ជាក់​ថា សង្គ្រាម​ដែល​បាន​កើតឡើង​កន្លង​មក​ជាមួយ​ថៃ បង្ក​ផល​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៧ តាម​ព្រំដែន រួម​ទាំង​ខេត្ត​ពោធិ៍សាត់​នេះ​ផងដែរ។ ហើយ​​ថា សង្គ្រាម​មាន​តែ​បង្កើន​បន្ទុក​ដល់​ជាតិ និង​ពលរដ្ឋ ដូចនេះ រដ្ឋាភិបាល​លោក ទុក​ថវិកាជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ។

ក្នុង​ន័យ​នេះ លោក​ពន្យល់​ថា គោលការណ៍​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល គឺ​ការ​បន្ត​ខិតខំ​ប្រឹងប្រែង​ជួយ​សម្រាល​​បន្ទុក និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ ដោយ​ឈរ​លើ​ស្មារតី​អត់ធ្មត់ និង​ប្រើប្រាស់​វិធីសាស្ត្រ​តាម​ផ្លូវច្បាប់។

សម្រាប់​លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាល​នៅតែ​បន្ត​ដោះស្រាយ​បញ្ហា​នានា ទោះបីជា​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​ក៏​ដោយ ប៉ុន្តែ​​​មិន​បោះបង់​ការ​ដោះស្រាយ​នោះ​ឡើយ។ លោក​ថា ក្នុង​ដំណាក់កាល​នេះ តម្លៃ​នៃ​សន្តិភាព​​គឺ​មាន​សារៈ​សំខាន់​​ខ្លាំង​ណាស់ ដោយ​រាជរដ្ឋាភិបាល​តែងតែ​ប្រកាន់យក​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី និង​តាម​ផ្លូវច្បាប់ ដើម្បី​​ធានា​បាន​នូវ​ស្ថិរភាព និង​ការ​អភិវឌ្ឍ​ជូន​ជាតិ។

លោក​ថា៖ «គោលដៅធំគឺចង់បានដោះស្រាយបញ្ហាឱ្យឆាប់ កុំនៅរ៉ាំរ៉ៃរ៉ាប់សិបឆ្នាំ។ បើដោះស្រាយជម្រើសនេះ​បាន​បញ្ចប់ វាល្អ។ បានបញ្ចប់យូរបន្តិច ក៏ល្អ។ បើលឿនហើយវាមិនបញ្ចប់ វាយូរណាស់! ជម្រើសវាយគ្នា វាយទៅវាយមក មិនបញ្ចប់ទេ! ចឹងយើងយកបញ្ហានេះទុកពេល ទុកឱកាសដកដង្ហើម ដើម្បីដោះស្រាយ​បញ្ហាចំពោះប្រជាពលរដ្ឋ ជាពិសេសជីវភាពសេដ្ឋកិច្ចរបស់យើងដែលប៉ះពាល់»។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា ការដែល​ភាគី​ថៃ​នៅតែ​បន្ត​រុល​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​ជា​ហូរហែ គឺ​បណ្តាល​មកពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិនបាន​អនុ​​ញ្ញាត​ឱ្យ​​កង​ទ័ព​កម្ពុជា​​នៅ​ជួរមុខ​ប្រើប្រាស់ «សិទ្ធិ​ស្វ័យការពារ» ដើម្បី​ឆ្លើយតប​នោះ​ឡើយ។

លោក​បន្ថែម​ថា ក្នុង​ករណី​មាន​ការ​គំរាមកំហែង ឬ​ការ​បាញ់ប្រហារ​ពី​ភាគី​ថៃ រដ្ឋាភិបាល​បែរជា​ចេញ​បញ្ជា​ឱ្យ​​​កង​ទ័ព​​ខ្មែរ​​ដក​ថយ ដែល​ជា​ឱកាស​ឱ្យ​ថៃ​ចូល​កាន់កាប់​ទីតាំង​ទាំងនោះ​បាន​ដោយ​ងាយស្រួល រហូត​ធ្វើឱ្យ​​ចំនួន​ទីតាំង​ដែល​ត្រូវ​ថៃ​គ្រប់គ្រង​កើនឡើង​ដល់ ៩០ កន្លែង គិត​មក​ទល់​ពេល​នេះ។

បើ​តាម​លោក អ៊ុំ សំអាន ព័ត៌មាន​អំពី​ការ​បាត់បង់​ទីតាំង​ទាំងនេះ គឺ​ដកស្រង់​ចេញពី​ប្រភព​ក្នុង​ក្រសួង​ការបរទេស​​កម្ពុជា កងទ័ព​ជួរមុខ គ្រួសារ​កងទ័ព ព្រមទាំង​ប្រភព​សំខាន់ៗ​មួយចំនួន​ទៀត។ លោក​បាន​គូសបញ្ជាក់​​ថា ការ​បញ្ចេញ​​ទិន្នន័យ​នេះ គឺ​មាន​គោលបំណង​ពីរ៖ ទី១ ដើម្បី​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​ព្រំដែន និង​ទី២ គឺ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់​ការ​ឈ្លាន​​ពាន ប្រើប្រាស់​សិទ្ធិ​ស្វ័យការពារ និង​​រៀបចំ​ឯកសារ​ភស្តុតាង ដើម្បី​ប្តឹង​ភាគី​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តាម​យន្តការ​អង្គការ​សហប្រជាជាតិ។

បន្ថែម​ពីលើ​នេះ លោក​បាន​អំពាវនាវ​ឱ្យ​មហាជន​រួមគ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ប្តឹង​ថៃ​​ទៅ ICJ និង​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

លោក​ថា៖ «បើសិនជាលោក ហ៊ុន ម៉ាណែត មិនធ្វើអញ្ចឹងទេ ធ្វើម៉េចជំរុញនិងទាមទារឱ្យលោក ហ៊ុន ម៉ាណែត ចុះ​ចេញ​ពីតំណែងទៅ ឱ្យលាលែងពីតំណែងទៅ ឱ្យមានមេដឹកនាំថ្មីដែលមានសមត្ថភាពក្នុងការការ​ពារទឹកដី គេអាចនឹង​ទាម​ទារទឹកដីចំនួន ៩០ ទីតាំងហ្នឹងត្រឡប់មកវិញ ហើយនិងទប់ស្កាត់ការឈ្លាន​​ពានរបស់​ថៃ កុំឱ្យថៃឈ្លាន​ពាន​យក​ទឹកដីខ្មែរយើងស្រេចចិត្តដូចសព្វថ្ងៃនេះ»។

លើសពីនេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ហៅ​សារ​លោក ហ៊ុន ម៉ាណែត ប្រៀប​បាន​​នឹង​​ការ​អេស​​មិន​ចំ​រមាស់ ប្រៀប​បាន​នឹង​ការ​លាក់បាំង​ទង្វើ​ឈ្លានពាន​របស់​ថៃ។

លោក​​កត់សម្គាល់​ថា ជាង ១ ឆ្នាំ​មក​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​អាច​រារាំង​ការ​រុលចូល​ឈ្លាន​ពាន​​​របស់​ថៃ​​បាន​​ទេ ដែល​ធ្វើឱ្យ​ថៃ​ពង្រីក​ការ​គ្រប់គ្រង​ដី​ខ្មែរ​ច្រើន​ទៅៗ​ជា​បន្តបន្ទាប់ ក្រោយ​កម្ពុជា-ថៃ មាន​​បទ​ឈប់​បាញ់​ចុះ​ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

ម្យ៉ាងទៀត លោក​បាន​បញ្ជាក់​ថា ការ​តស៊ូ​តាម​យន្តការ​ទ្វេភាគី​របស់​លោក ហ៊ុន ម៉ាណែត ដែល​ដោះស្រាយ​មិន​​ចំ​គោល​ដៅ​បែបនេះ គឺ​មិន​អាច​ជួយ​ជាតិ​បាន​ឡើយ ហេតុដូច្នេះ​ហើយ ទើប​ភាគី​ថៃ​មិន​ប្រគល់​ទឹក​ដី​ត្រឡប់​មកវិញ។

លោក​បាន​គូសបញ្ជាក់​បន្ថែម​ថា តាមរយៈ​វិធីសាស្ត្រ​ដោះស្រាយ​របស់​លោក ហ៊ុន ម៉ាណែត គឺ​មាន​តែ​ការ​សម្រប​សម្រួល​កាត់កង​តាម​តម្រូវការ​ដែល​ថៃ​ចង់បាន ដោយ​ប្រើប្រាស់​ផែនទី ១/៥០,០០០ (មួយ​លើ​ហាសិប​​ពាន់) ដែល​ថៃ​បាន​គូស​ដោយ​ខ្លួនឯង។

លោក​ថា៖ «របៀបនៃការដោះស្រាយរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហ្នឹង ​គឺជារឿងធ្វើឱ្យ​​ខូច​ខាត​ដល់​ជាតិ និង​ជា​អំពើ​គប់គិតក្បត់ជាតិ! យើងមិនមែនចោទប្រកាន់ទេ ប៉ុន្តែបើសិនជារដ្ឋាភិបាលកម្ពុជា​នៅតែបណ្តែត​​បណ្តោយ មិនប្តឹងថៃទៅតុលាការអន្តរជាតិ ឬមិនធ្វើសម្ពាធការទូតឱ្យមានប្រសិទ្ធភាព​ទេ នោះ​ខ្មែរយើងនឹងត្រូវបាត់បង់ទឹកដី។ នោះជាការទទួលខុសត្រូវ កាលណាជាតិបាត់បង់ទឹកដី គឺជារឿង​ក្បត់ជាតិដែលមេដឹកនាំត្រូវទទួលខុសត្រូវ! ហើយកាលណាមេដឹកនាំធ្វើឱ្យបាត់បង់ទឹកដី គឺត្រូវចាត់ទុក​​ជាអំពើក្បត់ជាតិ»។

សម្រាប់​ក្រុម​អ្នក​តាមដាន ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុងការ​ទប់ស្កាត់​ការ​ឈ្លាន​ពាន​​ទឹក​ដី​​ពី​​ប្រទេស​​ជិត​ខាង គឺ​ការ​មិន​ព្រម​អនុវត្ត​ប្រជាធិបតេយ្យ តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​​សន្តិភាព​ទីក្រុង​​ប៉ារីស ដែល​ជា​ដើមហេតុ​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ ​ស្ទាក់ស្ទើរ​ក្នុងការ​ដាក់​សម្ពាធ​ទៅលើ​​ប្រទេស​ថៃ ដែល​ជា​អ្នក​ឈ្លានពាន​កម្ពុជា។

រដ្ឋធម្មនុញ្ញ បាន​ចង​កាតព្វកិច្ច​រដ្ឋាភិបាល​លើ​ឆន្ទៈ​ការពារ​ទឹកដី។ ចំណែក ក្រមព្រហ្មទណ្ឌ ក៏​ដូចគ្នា​ដែរ បាន​​​ចែង​​ពី​ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​ធ្វើឱ្យ​បាត់បង់​ទឹកដី​ទៅ​បរទេស។

មាត្រា ៥២ នៃ​រដ្ឋធម្មនុញ្ញ ចែងថា «រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យ បូរណ​ភាព​​ទឹក​ដី អនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ»។ ដោយឡែក ក្រមព្រហ្មទណ្ឌ​មាត្រា ៤៤០ ចែងថា «អំពើ​​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​ដែនដី​ជាតិ​ទាំងស្រុង ឬ​មួយផ្នែក ជា​​អំពើ​ក្បត់ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ