សាលារាជធានីភ្នំពេញសម្រេចអនុញ្ញាតឲ្យគណៈកម្មការនិងក្រុមគ្រួសារហែសពលោក កែម ឡី តាមផ្លូវដូចការស្នើសុំ ដែលផែនការហែចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៤ខែកក្កដា។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ សមាជិគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី មានសរសេរនៅលើហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃព្រហស្បតិ៍នេះថាសាលារាជធានីភ្នំពេញបានយល់ព្រម គណៈកម្មការនិងក្រុមគ្រួសារអាចហែសពលោក កែម ឡី តាមបណ្តោយផ្លូវដែលបានស្នើសុំ។
សពលោក កែម ឡី នឹងហែទៅកាន់ស្រុកកំណើតរបស់លោកតាមផ្លូវចេញពីវត្តចាស់ឆ្លងកាត់ស្ពានជ្រោយចង្វារចូលមហាវិថីផ្លូវព្រះមុន្នីវង្ស ដល់ស្ទុបបត់ស្ដាំទៅតាមបណ្ដោយមហាវិថីសហព័ន្ធរស្ស៊ីឆ្ពោះទៅរង្វង់មូលចោមចៅ រួចទៅកាន់ផ្លូវជាតិលេខ៣ ដើម្បីបន្តដំណើរទៅកាន់ស្រុកកំណើតបណ្ឌិត កែម ឡី ស្ថិតក្នុងភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ៕