អាជ្ញាធរខេត្តព្រះសីហនុ បានឱ្យដឹងថា សមត្ថកិច្ចកម្ពុជារាប់រយនាក់ កំពុងស្ថិតក្នុងប្រតិបត្តិការស្វែងរកនារីជនជាតិអង់គ្លេសម្នាក់ ដែលបានបាត់ខ្លួនអស់រយៈពេល ៤ថ្ងៃកន្លងមកហើយ អំឡុងពេលស្នាក់នៅ និងលម្ហែកម្សាន្តនៅលើតំបន់ទេសចរណ៍កោះរ៉ុង។
អភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល បានប្រាប់វីអូឌីនៅរសៀលថ្ងៃនេះថា នារីឈ្មោះ Amelia Bambridge ជាភ្ញៀវទេសចរជនជាតិអង់គ្លេសវ័យ ២១ឆ្នាំ បានបាត់ខ្លួនចាប់តាំងពីវេលាម៉ោង ៣ទៀបភ្លឺព្រឹកថ្ងៃទី២៤ ខែតុលា បន្ទាប់ពីគាត់បានជួបជុំរីករាយជាមួយមិត្តភក្តិរបស់គាត់ជាជនជាតិបរទេសនៅឯរមណីយដ្ឋានមួយ ស្ថិតនៅភូមិកោះតូច នៅលើកោះរ៉ុងនេះ។
លោក នួន ប៊ុនថុល មានប្រសាសន៍ថា៖ «រហូតមកដល់ម៉ោងនេះ [៤រសៀលថ្ងៃអាទិត្យ ទី២៧ ខែសីហា] យើងអត់ទាន់មានភ្លឺនៅឡើយទេ»។
មន្ត្រីមូលដ្ឋានរូបនេះ បានឱ្យដឹងទៀតថា សមត្ថកិច្ចបានរកឃើញសម្ភារៈមួយចំនួនរបស់នារីរូបនោះនៅលើថ្មនៅក្នុងទឹកសមុទ្រ ស្ថិតនៅចម្ងាយប្រហែល ៣០ម៉ែត្រពីកន្លែងដែលភ្ញៀវទេសចរបរទេសរូបនោះ ជួបជុំរីករាយជប់លៀងជាមួយមិត្តភក្តិបរទេសដទៃទៀត។
លោក នួន ប៊ុនថុល បានឱ្យដឹងទៀតថា សមត្ថកិច្ចបានមុជទឹកស្វែងរកនារីរូបនោះនៅក្នុងផ្ទៃទឹកទំហំចន្លោះពី ៥០០ម៉ែត្រ នៅ ១,០០០ម៉ែត្រ ពីទីតាំងដែលសមត្ថកិច្ចរកឃើញសម្ភារៈមួយចំនួនរបស់គាត់ ខណៈដែលអាជ្ញាធរក៏បានស្វែងរកនារីរូបនោះនៅលើផ្ទៃដីកោះរាប់ពាន់ហិកតាផងដែរ។
លោក ប៊ុនថុល បានឱ្យដឹងផងដែរថា ស្ត្រីជាភ្ញៀវទេសចរជនជាតិស្វីសម្នាក់ បានវង្វេងផ្លូវនៅលើកោះ បន្ទាប់ពីគាត់បានដើរលេងកម្សាន្តលើឆ្នេរខ្សាច់ពីកោះមួយទៅកោះមួយទៀត ប៉ុន្តែ សមត្ថកិច្ចមូលដ្ឋាន បានរកឃើញគាត់វិញ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានឱ្យដឹងបន្ថែមថា សមត្ថកិច្ចកម្ពុជាចម្រុះសរុបជាង ៣០០នាក់ ក្នុងនោះមានទាំងអ្នកជំនាញខាងមុជទឹកប្រហែល ២០នាក់ផងដែរ កំពុងស្ថិតក្នុងប្រតិបត្តិការស្វែងរកនារីទេសចរដែលកំពុងបាត់ខ្លួនរូបនោះ។
លោក ជួន ណារិន មានប្រសាសន៍ថា៖ «យើងបានចុះរុករកទាំងក្នុងទឹក និងលើគោក។ តែឥឡូវនេះ យើងមិនទាន់បញ្ចប់ទេ។ យើងកំពុងស្វែងរក»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឱ្យដឹងថា នារីភ្ញៀវទេសចរ Amelia Bambridge បានធ្វើដំណើរចូលទៅលេងតំបន់ទេសចរណ៍កោះរ៉ុងកាលពីថ្ងៃទី១៩ ខែតុលា មុននឹងនាងបាត់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែតុលា។
លោក ឃាង ភារម្យ មានប្រសាសន៍ថា៖ «អ៊ីចឹង យើងអត់ទាន់កំណត់បានថា មូលហេតុយ៉ាងណាទេ។ ឥឡូវហ្នឹង សមត្ថកិច្ចកំពុងធ្វើការបន្ត … ហើយនៅថ្ងៃនេះទៀតសោតហ្នឹង ឯកឧត្ដមអភិបាលខេត្តលោកចុះដឹកនាំផ្ទាល់តែម្ដងដើម្បីជំរុញការរុករកហ្នឹងឱ្យសព្វជ្រុងជ្រោយ គ្រប់កន្លែងទាំងអស់ទូទាំងកោះ»។
អ្នកនាំពាក្យរូបនេះ ក៏បានឱ្យដឹងផងដែរថា ក្រុមគ្រួសាររបស់នារីបាត់ខ្លួន កំពុងធ្វើដំណើរមកប្រទេសកម្ពុជា ក្រោយពីអាជ្ញាធរខេត្តក៏បានជូនដំណឹងនេះទៅដល់ពួកគេ៕