ទេសាភិបាលធនាគារថៃបាននិយាយនៅថ្ងៃនេះថា តម្លៃប្រាក់បាតកើនឡើងខ្ពស់មិនមែនជារឿងល្អសម្រាប់ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃនោះឡើយ បើទោះបីវាមិនបានធ្វើឲ្យការនាំចេញធ្លាក់ចុះក៏ដោយ។
កាសែតបាងកកប៉ុស្តិ៍ ដែលបានដកស្រង់សម្ដីទេសាភិបាលធនាគារថៃ លោក វីរៈថៃ សន្តិប្រាភព ដែលបានប្រាប់អ្នកកាសែតថាការនាំចេញរបស់ថៃ បានជួបប្រទះបញ្ហាជាច្រើន ក្នុងនោះមានការយឺតយ៉ាវខាងផ្នែកបច្ចេកវិទ្យា និងការងើបឡើងវិញយ៉ាងយឺតយ៉ាវផ្នែកទីផ្សារនាំចេញ។
លោក វីរៈថៃ បានប្រាប់បាងកកប៉ុស្តិ៍ បន្ថែមថា ប៉ុន្តែតម្លៃប្រាក់បាតឡើងខ្ពស់ ពុំបានចូលរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចនោះឡើយ ហើយធនាគារកណ្ដាលនឹងតាមដានបញ្ហានេះ។
តម្លៃប្រាក់បាតកើនឡើងដល់៣៤.៦២បាតក្នុងមួយដុល្លារអាមេរិកនៅថ្ងៃនេះដែលជាកម្រិតខ្ពស់បំផុតនៅក្នុងរយៈពេលជាង១ឆ្នាំមកនេះ ដោយសារតែលំហូរចូលនៃមូលនីធិបរទេស។
រូបិយប័ណ្ណថៃបានកើនឡើង៤ភាគរយធៀបនឹងប្រាក់ដុល្លារនៅក្នុងឆ្នាំនេះ ហើយលោក វីរៈថៃ និយាយថាប្រាក់បាតថៃមានតម្លៃរឹងមាំជាងរូបិយប័ណ្ណដទៃទៀតនៅក្នុងតំបន់។
ធនាគារកណ្ដាលថៃបានព្យាករថាការនាំចេញរបស់ថៃនឹងធ្លាក់ចុះ៤ឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០១៦នេះ៕