ខណៈវិបត្ដិតម្លៃស្រូវអង្ករកំពុងញាំញីដល់ជីវភាពប្រជាកសិករខ្មែរ ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ដោយអំពាវនាវឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយដល់កសិករដែលកំពុងរងគ្រោះដោយសារគ្មានទីផ្សារលក់ផលិតផលរបស់ខ្លួន ពិសេសបញ្ហាស្រូវចុះថោកនិងគ្មានអ្នកបញ្ជាទិញ។
សេចក្ដីថ្លែងការណ៍លើកឡើងថា មូលហេតុដែលនាំឲ្យមានការតវ៉ាពីកសិករនៅស្រុកសង្កែ ទាក់ទងនឹងតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុកនិងគ្មានទីផ្សារនោះ គឺដោយសារការដើរនយោបាយខុសរបស់រដ្ឋាភិបាលសព្វថ្ងៃ។
តំណាងរាស្រ្ដបក្សប្រឆាំងបានលើកឡើងថា រដ្ឋាភិបាលមានកំហុសមួយចំនួនពាក់ព័ន្ធវិបត្តិផលិតផលកសិកម្មនេះ គឺការពុំបានបង្កើតមូលដ្ឋានទីផ្សារសម្រាប់កសិផលនិងការផ្ដល់ព័ត៌មានទាន់ពេលវេលាអំពីតម្លៃកសិផល-ការគ្មាននយោបាយកាត់បន្ថយ អត្រាការប្រាក់ខ្ពស់ចំពោះកសិករ និងជួយកសិករដែលរងគ្រោះដោយហានិភ័យផ្សេងៗ និងការពុំបានផ្ដល់ជំនួយបច្ចេកទេសដល់កសិករឲ្យបានទូលំទូលាយសម្រាប់ការបង្កបង្កើនផលិតផលទាន់ពេលវេលាជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះបានអំពាវនាវឲ្យអ្នកធ្វើអាជីវកម្មស្រូវជួយទិញស្រូវពីកសិករក្នុងតម្លៃមួយដែលរដ្ឋបានកំណត់ឬក៏ថ្លៃលើសពីនេះ ខណៈកសិករកំពុងត្រូវការលក់ស្រូវដើម្បីសងបំណុលធនាគារនិងឲ្យធនាគារពន្យាពេលទារការប្រាក់ពីកសិករ។
រដ្ឋាភិបាលបានឲ្យដឹងថាខ្លួនបានបញ្ចេញប្រាក់បម្រុងចំនួន២៧លានដុល្លារជួយទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនាគារអភិវឌ្ឍន៍ជនបទជាអ្នកអនុវត្តគម្រោងនេះដោយផ្ទាល់។
យ៉ាងនេះក្ដី ក្រុមតំណាងរាស្ត្របក្សប្រឆាំងបានលើកឡើងថា រដ្ឋាភិបាលត្រូវទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន និងត្រូវរៀបចំកែលម្អនយោបាយក្នុងការជួយទ្រទ្រង់ដល់កសិករជាបន្ទាន់ ដោយថាមិនត្រូវប្រើកម្លាំងទ័ពនិងស្ថាប័នតុលាការទៅគំរាមកំហែងដល់កសិករខ្មែរឡើយ៕