មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា ការចេញសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំង២០ ដែលអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ គឺជាការទាមទារដែលមានចរិតនយោបាយ និងមិនសមស្របខុសនឹងនីតិវិធីច្បាប់នៃរដ្ឋធម្មនុញ្ញកម្ពុជា។
ការអះអាងនេះ ក្រោយពេលក្រុមអង្គការសង្គមស៊ីវិលចំនួន២០ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើសុំតុលាការនិងរាជរដ្ឋាភិបាលកម្ពុជាពិចារណាដោះលែងអ្នកទោសមនសិការទាំងអស់ ក្រោមហេតុផលវិបត្តិកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលចូលទៅក្នុងសហគមន៍ពន្ធនាគារកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអនុប្រធាន ព្រមទាំងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន នៅយប់ថ្ងៃទី៦ ខែមិថុនា លើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលជារឿងខុសច្បាប់និងមានចរិតនយោបាយដោយយោងលើហេតុផលមួយចំនួន។
លោកថា ហេតុផលទាំងនោះផ្អែកតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នៃការបែងចែកអំណាចក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលមិនមានអំណាចដោះលែងអ្នកជាប់ឃុំដែលស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏គ្មានបុគ្គលឬស្ថាប័នណាអាចបង្គាប់បញ្ជាតុលាការដែលជាស្ថាប័នឯករាជ្យបាននោះដែរ។
ទំព័រហ្វេសប៊ុកលោក ជិន ម៉ាលីន សរសេរថា៖ «នៅកម្ពុជា មិនមានអ្នកទោសនយោបាយឬអ្នកទោសមនសិការដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ គឺមានតែអ្នកនយោបាយដែលមានទោសដោយសារតែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ នៅកម្ពុជា ការបញ្ចេញមតិដោយសន្តិវិធី គឺជាសិទ្ធិ មិនមែនជាបទល្មើសនោះទេ តែផ្ទុយទៅវិញ ការបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិអ្នកដទៃ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ជាដើម។ល។ គឺជាបទល្មើស មិនមែនជាការអនុវត្តសិទ្ធិនោះទេ ចំណែកឯអ្នកដែលប្រព្រឹត្តអំពើល្មើសទាំងនេះ ក៏ត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ និងមិនត្រូវបានចាត់ទុកជាអ្នកទោសមនសិការដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ»។
លោក ជិន ម៉ាលីន បន្តថា ការអំពាវនាវឱ្យដោះលែងអ្នកទោសរបស់អង្គការទាំង២០នេះ ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយមិនផ្អែកលើមូលដ្ឋាននិងនីតិវិធីច្បាប់ដែលមានជាធរមាន មិនមែនជាវិធានការសមស្របនោះទេ។ តែផ្ទុយទៅវិញ វានឹងនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមទៅវិញទេ។ លោកថា មានតែការដោះលែងដោយផ្អែកតាមនីតិវិធីច្បាប់ដែលមានជាធរមានទេ ហើយដែលបានអនុវត្តជាហូរហែនាពេលកន្លងមក ទើបអាចធានាបាននូវសន្តិសុខសង្គមនិងកាត់បន្ថយការកើនឡើងជាគំហុកនៃចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បញ្ជាក់ថា ការអំពាវនាវដែលផ្ទុយទៅនឹងច្បាប់និងមានចរិតជានយោបាយបែបនេះ នឹងមិនអាចជួយការពារដល់អ្នកជាប់ឃុំទាំងអស់នោះបានទេ។
ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី៤ ខែមិថុនា ក្រុមអង្គការសង្គមស៊ីវិលអះអាងថា អ្នកទោសមនសិការ គឺជាបុគ្គលដែលត្រូវបានគេចាប់ដាក់គុកដោយសារតែការបញ្ចេញមតិដោយសន្តិវិធីទាក់ទងនឹងបញ្ហានយោបាយ សង្គម ជំនឿសាសនា ឬជំនឿផ្សេងទៀតតាមមនសិការឬអត្តសញ្ញាណរបស់ពួកគេ។ ស្ទើរតែអ្នកទោសមនសិការទាំងអស់ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា បានប្រឈមមុខនឹងការចោទប្រកាន់និងការដាក់ទោសពីបទញុះញង់ដូចគ្នា។
ក្រុមអង្គការទាំងនោះថា សុវត្ថិភាពនិងសុខភាពរបស់អ្នកទោសទាំងអស់ រួមទាំងអ្នកទោសមនសិការផងដែរ គឺជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការទទួលខុសត្រូវនេះ មិនត្រឹមតែចេញពីតួនាទីរបស់ខ្លួនជាអាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែពីនិយាមនិងបទដ្ឋានអន្តរជាតិដែលបានកំណត់បទប្បញ្ញត្តិក្នុងពន្ធនាគារ ដូចជា វិធានបទដ្ឋានអប្បបរមារបស់អង្គការសហប្រជាជាតិស្តីពីការប្រព្រឹត្តចំពោះអ្នកទោស និងវិធានបទដ្ឋានអប្បបរមារបស់អង្គការសហប្រជាជាតិស្តីពីវិធានការមិនឃុំឃាំង។ ដោយមើលឃើញពីរបាយការណ៍នៃករណីកើនឡើងនៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារកម្ពុជា រួមផ្សំនឹងចំនួនអ្នកទោសច្រើនពេកនៅក្នុងពន្ធនាគារ ពួកគេបានអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការអហិង្សាទាំងអស់ ដែលជាវិធានការដើម្បីកាត់បន្ថយហានិភ័យបណ្តាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណា។
ក្នុងសេចក្តីថ្លែងការណ៍បន្តថា៖ «នៅក្នុងសង្គមសម័យទំនើប ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលមានការដឹកនាំបែបនីតិរដ្ឋ ទទួលស្គាល់ថា ឧក្រិដ្ឋកម្មទាំងឡាយដែលអ្នកទោសមនសិការត្រូវបានគេចោទប្រកាន់ឬត្រូវបានផ្តន្ទាទោសពីបទណាមួយនោះ មិនគួរត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មឡើយ។ ផ្ទុយទៅវិញ បុគ្គលអហិង្សាទាំងនេះត្រូវបានគេចាត់ទុកថា ជាពលរដ្ឋសកម្មដែលរួមចំណែកដល់ការធ្វើឱ្យសង្គមរបស់ពួកគេប្រសើរឡើង។ មាត្រា៥១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា “ពលរដ្ឋកម្ពុជា គឺជាម្ចាស់នៃប្រទេសរបស់ខ្លួន”។ ទោះយ៉ាងណា ពលរដ្ឋមិនអាចក្លាយជាម្ចាស់នៃប្រទេសរបស់ខ្លួនបានឡើយ ប្រសិនបើពួកគេមិនអាចចូលរួមក្នុងកិច្ចការសង្គមនិងបញ្ចេញគំនិតរបស់ពួកគេចំពោះបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន»។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ការដោះលែងអ្នកទោសមនសិការទាំងនេះនឹងលើកកម្ពស់សិទ្ធិជាមូលដ្ឋានដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងឧបករណ៍សិទ្ធិមនុស្សអន្ដរជាតិដទៃទៀត ដើម្បីកាត់បន្ថយហានិភ័យសង្គមពីជំងឺកូវីដ-១៩ ហើយរួមចំណែកក្នុងការផ្តល់សុភមង្គលដល់គ្រួសាររបស់ពួកគេនិងសង្គមទាំងមូល កាត់បន្ថយភាពតានតឹងផ្នែកសង្គមនិងនយោបាយ និងលើកទឹកចិត្តពួកគេឱ្យបន្តការងារដ៏មានតម្លៃរបស់ខ្លួនសម្រាប់ជាប្រយោជន៍រួមដល់សង្គមកម្ពុជា ក៏ដូចជានាំមកនូវភាពល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាផងដែរ។
គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរកម្ពុជាបានឃុំខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ក្រុមសកម្មជនបរិស្ថាន ក្រុមយុវជនខ្មែរថាវរៈ សមាជិកសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ សកម្មជនបក្សប្រឆាំង ដែលក្រុមអង្គការសង្គមស៊ីវិលចាត់ទុកជាអ្នកជាប់ឃុំមនសិការនោះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នមិនតិចជាង២០នាក់ឡើយ។
ច្បាប់ស្ដីពីការឃុំខ្លួនបណ្ដោះអាសន្ន មាត្រា១ ចែងថា ទោះស្ថិតក្នុងករណីណាក៏ដោយ ការឃុំខ្លួនបណ្ដោះអាសន្ននេះមិនឱ្យលើសពី៤ខែឡើយ ប៉ុន្តែការសម្រេចរបស់ចៅក្រមដែលមានមូលហេតុច្បាស់លាស់ រយៈពេលនេះអាចបន្តឃុំខ្លួនដល់៦ខែបាន ប្រសិនបើមានការចាំបាច់ក្នុងការស៊ើបអង្កេត៕
អត្ថបទទាក់ទង
- មេធាវីនិងសាច់ញាតិអំពាវនាវឱ្យតុលាការដោះលែងកូនក្តីពេលតុលាការបើកសវនាការនៅសប្តាហ៍ក្រោយ
- អ្នកទោសនយោបាយនិងអ្នកទោសមនសិការឆ្លងជំងឺកូវីដ-១៩នៅពន្ធនាគារព្រៃស
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថាដល់ពេលត្រូវនិយាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
- កម្ពុជាបន្តច្រានចោលរបាយការណ៍ដែលរកឃើញថាសិទ្ធិមនុស្សធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២០
- អ្នកនាំពាក្យថាពាក្យ«និទណ្ឌភាព»ជាភាសានយោបាយដដែលៗរបស់អាមេរិក
- សភាអឺរ៉ុបស្នើដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជាដោយចោទថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ