ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សភ្លើងទៀន ពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួង ក្រោយរកឃើញថា ការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្សនេះកន្លងមក គឺធ្វើឡើងផ្ទុយពីលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់នៅក្រសួង។
ក្នុងលិខិតជូនទៅប្រធានគណបក្សភ្លើងទៀន នៅថ្ងៃទី២៥ ខែឧសភា ក្រសួងមហាផ្ទៃអះអាងថា ខ្លួនបានពិនិត្យឃើញថា ការសម្រេចតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
លើសពីនេះ ការតែងតាំងនោះក៏ផ្ទុយទៅនឹងលិខិតជូនដំណឹងលេខ៥៧៩ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយថែមទៀតផង។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក សុន ឆ័យ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន បន្ទាប់ពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីឆ្នាំ២០២០។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ លោក សុន ឆ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមនិងគាំទ្រ «គណបក្សភ្លើងទៀន» ឱ្យបានគ្រប់ៗគ្នា ដោយថា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តទៅ រូបលោកបានសម្រេចចូលជាសមាជិកនៃគណបក្សភ្លើងទៀន។
មួយថ្ងៃបន្ទាប់ពីលោកប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សភ្លើងទៀន នៅថ្ងៃទី២ ខែមីនា គណបក្សភ្លើងទៀន បានសម្រេចតែងតាំងលោក សុន ឆ័យ ជាមន្ត្រីជាន់ខ្ពស់ទំនាក់ទំនងជាមួយនឹងអង្គទូត និងអង្គការជាតិ-អន្តរជាតិសម្រាប់គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ហើយក្រោយមក លោកក៏ត្រូវបានបក្សតែងតាំងជាអនុប្រធានគណបក្សភ្លើងទៀនផងដែរ។
លោក សុន ឆ័យ ជាអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ។ លោក សុន ឆ័យ ក៏ជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូបក្នុងចំណោម១១៨រូបផ្សេងទៀតដែលត្រូវបានតុលាការដកហូតសិទ្ធិមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្រោយតុលាការកំពូលរំលាយគណបក្សប្រឆាំងមួយនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។
នៅក្នុងព្រះរាជក្រឹត្យមួយកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ព្រះមហាក្សត្រ នរោត្ដម សីហមុនី បានត្រាស់បង្គាប់ផ្ដល់នីតិសម្បទា ឬផ្ដល់សិទ្ធិធ្វើនយោបាយដល់លោក សុន ឆ័យ ឡើងវិញ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបានដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ក្នុងឆ្នាំដដែលនោះ៕