ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា មានតែប្រទេសអ៊ុយក្រែនតែមួយគត់ដែលអាចធ្វើការសម្រេចចិត្តថា តើពួកគេត្រូវធ្វើសម្បទានតំបន់ណាមួយរបស់ខ្លួនទៅឱ្យ រុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមឬយ៉ាងណា។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការថ្លែងរបស់ប្រធានាធិបតីបារាំងខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងកៀវ ជាមួយនឹងថ្នាក់ដឹកនាំកំពូលនៃតំបន់អឺរ៉ុប២រូប ផ្សេងទៀត ដែលរួមមាន អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi ដើម្បីបង្ហាញការគាំទ្រដល់ អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយ រុស្ស៊ី។
លោក អេម៉ានុយអែល ម៉ាក្រុង ថា៖ «ករណីនេះ [ការធ្វើសម្បទានទឹកដីដល់រុស្ស៊ី] គឺអាស្រ័យលើអ៊ុយក្រែនខ្លួនឯងផ្ទាល់ជាអ្នកសម្រេច ខណៈយើងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងគោរពលើរាល់ការសម្រេចចិត្តដោយអ៊ុយក្រែន»។
ទោះជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ប្រទេសរបស់លោកនឹងមិនទទួលយកការដោះដូរទឹកដីណាមួយរបស់ខ្លួនជាថ្នូរនឹងការបញ្ចាប់សង្រ្គាមឈ្លានពានរបស់រុស្ស៊ីឡើយ។
គួរបញ្ជាក់ថា ប្រទេសក្នុងតំបន់អឺរ៉ុបទាំង៣ខាងលើនេះ កាលពីពេលកន្លងទៅ ក៏ធ្លាប់រងនូវការរិះគន់ទាក់ទិននឹងការឆ្លើយតបនឹងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំកំពូលៗនៃតំបន់អឺរ៉ុបទាំងនេះបានលើកឡើងថា ខ្លួននឹងស្វែងរកដំណោះស្រាយជុំវិញការរិះគន់ដែលមានលើប្រទេសពួកគេ តាមរយៈដំណើរទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែននេះផងដែរ៕
Le monde entier a été témoin des crimes de guerre commis sur le sol ukrainien. Pour que les auteurs de ces crimes soient tenus pour responsables et punis conformément au droit international, nous restons mobilisés. Pour collecter les preuves, nos experts sont en première ligne. pic.twitter.com/CeoDcrZCjf
— Emmanuel Macron (@EmmanuelMacron) June 16, 2022