យ៉ាងហោចណាស់កម្មករ-កម្មការិនីចំនួន ២៧នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២ មុនពេលកើតហេតុ រថយន្តខាងលើម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-2816 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(បានចុះគេចខ្លួនបាត់) ដឹកកម្មករ-កម្មការនី ដែលធ្វើការក្នុងរោងចក្រស៊ីគ្លូ ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ប្រភពដដែលបន្តថា ស្រាប់តែដល់ចំណុចលើផ្លូវលំភូមិច្រកពពូល ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក៏ជួបគ្រោះថ្នាក់បណ្តាលឱ្យកម្មករ-កម្មការិនីសរុបចំនួន៥០នាក់ បណ្តាលឱ្យរងរបួសចំនួន២៧នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១១នាក់ និងរបួសស្រាលចំនួន ១៦នាក់។
អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ដើមចមដែលនាំឱ្យជួបគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារអ្នកបើកបរដល់ចំណុចផ្លូវមានសភាពកោងខ្លាំង ខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យរថយន្តនោះផ្អៀងក្រឡាប់ ធ្វើឱ្យកម្មករ-កម្មការិនីទាំង២៧នាក់ នោះរងរបួសធ្ងន់និងស្រាលផងដែរ។
ក្រោយពីកើតហេតុ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ខណៈរថយន្តខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជំពូព្រឹក្ស ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ចំណែក អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអំពាវនាវតាមរយៈហ្វេសប៊ុករបស់លោកកាលពីម្សិលមិញនេះ ដោយទទូចទៅម្ចាស់រថយន្តដឹកកម្មករ-កម្មការិនី ប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដោយ កុំវ៉ាជែង ក្នុងស្ថានភាពមិនល្អ កុំបើកបរលើសល្បឿនកំណត់ ដោយសារកម្មករ-កម្មការិនីរាប់សិបនាក់ បានស្ម័គ្រចិត្តផ្ញើអាយុជីវិតទៅអ្នកបើកបរតែម្នាក់គត់។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ នាឆ្នាំ២០២១ បានកើតឡើងចំនួន ២ ៦៧០លើក ដែលបណ្ដាលឱ្យមនុស្ស ១ ៤៩៧នាក់ ស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន ៣ ៦១៥នាក់។
ក្រុមអ្នកជំនាញបានរកឃើញពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១ ដោយសារការបើកបរលើសល្បឿនកំណត់ចំនួន ៣៨ភាគរយ, ការមិនគោរពសិទ្ធិ ២៤ភាគរយ, ការមិនប្រកាន់ស្តាំ ១៤ភាគរយ, ការជែងដោយគ្រោះថ្នាក់ ៨ភាគរយ, បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន ៨ភាគរយ, ស្រវឹង ៤ភាគរយ, កត្តាយានយន្ត ៣ភាគរយ និងងងុយមាន១ភាគរយ ។
ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ លោក ស ខេង ធ្លាប់បានបញ្ជាក់ដោយយោងតាមរបាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៨៦៩ករណី ដែលចំនួននេះមានការកើនឡើង ១០៦លើក ស្មើនឹង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំពោះចំនួនអ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១វិញ លោកថា មានចំនួន ៤៩៣នាក់ ដែលចំនួននេះកើនឡើង ៦០នាក់ ឬស្មើនឹង១៤ភាគរយ ខណៈអត្រាអ្នករងរបួសមានចំនួន ១ ២៦២នាក់ កើនឡើង១៤៩នាក់ ឬស្មើនឹង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕