លោក សុន ឆ័យ អះអាងថា​លោក​មិន​តក់ស្លុត​ចំពោះ​ដីកា​កោះហៅ​របស់​តុលាការ​ទេ

លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្រ្តីជាន់ខ្ពស់​នៃគណបក្សភ្លើងទៀន អះអាងថា ខ្លួន​នឹង​មិនតក់ស្លុត​​​ឬត្រូវរាថយ​​​​ចំ​ពោះ​​​​ដី​​កាកោះ​​​ហៅ​ឱ្យ​ចូលខ្លួនទៅបំភ្លឺ​ជាលើកទី២ ជុំវិញបទចោទប្រឆាំងនឹងរូបលោក នៅពាក់កណ្ដាល​ខែកក្កដានេះ ពី​សំណាក់​​តុលាការក្រុងភ្នំពេញនោះ​ទេ បើទោះជា​ដើម​​បណ្ដឹង​​​​​ក្នុងសំ​​ណុំ​​​​​រឿង​​ប្រហាក់​ប្រហែល​គ្នា​នេះ​មក​ពី​​ខា​ង​​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំការបោះឆ្នោតផង និងគណបក្ស​គ្រប់​គ្រង​អំណាច​ផង។

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលទើបតែវិលត្រលប់មកពីប្រទេសអូស្រ្តាលី កា​​លពីថ្ងៃទី​៣ ខែកក្កដា ប្រាប់វីអូឌី​នៅថ្ងៃចន្ទនេះថា រូបលោកបានត្រៀមខ្លួនរួចរាល់ហើយ ក្នុង​​​ការ​​ចូល​​​ឆ្លើយ​ទៅតាមដីកាកោះរបស់តុលាការ។ ការហ៊ានប្រឈមមុខនេះ ត្រូវបានអ្នកនយោបាយ​​​ចាស់​វស្សារូបនេះយល់ឃើញថា លោកមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់របស់ដើមបណ្ដឹង​​ទាំង​​​ពីរ ហេតុនេះលោកមិនខ្លាចរអាចំពោះការចាប់ខ្លួនណាមួយឡើយ។

ម្យ៉ាងវិញទៀត លោក សុន ឆ័យ មិនយល់ឃើញថា អ្វីដែលលោកបានរិះគន់អំពីដំណើរការ​​បោះ​​ឆ្នោត​​​ឃុំសង្កាត់​នោះ គឺនឹងត្រូវ​​ចាប់ខ្លួនលោកឡើយ ព្រោះសារនយោបាយ​​ដូច​​ដែល​​លោក​​បាន​​ទិ​តៀន​នោះ មិនមែន​​​​មាន​តែ​​លោក​​ម្នាក់ទេដែលរកឃើញ​​ដូច​​​គ្នា​អំពីភាពមិនប្រក្រតីនេះ សូម្បី​​សង្គម​​ស៊ីវិលនិងអ្នកនយោបាយផ្សេងទៀតក៏មើល​​ឃើញ​​ដូច​​​​រូបលោក​​យ៉ាង​​ដូ​​ច្នេះដែរ។

លោកបន្តថា៖ «ខ្ញុំថាអ្វីដែលខ្ញុំលើកឡើង អត់មានអីខុសពីគេឯងផង​​។ គណបក្សនយោ​​បាយដទៃ​​ទៀ​​ត និងក្រុមអ្នកសង្កេតការណ៍ឯករាជ្យ​​​មួយចំនួន ​ក៏លើកពីបញ្ហា​​ទាំងអស់ហ្នឹងដែរ ពាក់​​ព័ន្ធនឹង​​ការ​បំ​​ភិត​​​បំភ័យ ពាក់ព័ន្ធនឹងការបោះឆ្នោតហ្នឹងមិនប្រក្រតី។ ការបិទទ្វារសាលា មាន​មន្រ្តី​មូល​ដ្ឋាន​នៅ​​​តាម​​​​មណ្ឌលបោះឆ្នោតអីហ្នឹងជាដើម សុទ្ធតែគេឃើញទាំង​​អស់គ្នា។ វាដូចអត់មា​​នរឿងអី​​ដែល​​ខ្ញុំ​និយាយហ្នឹងវាខុសគេផង​​ ដូច្នេះ ខ្ញុំថារឿងហ្នឹងវាអត់​​មានអីពាក់ព័ន្ធនឹង​​បទបរិហារកេរ្តិ៍​​ទៅ​​ទៀត​​»។

ស្ថាប័ន​ជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២២ បានប្ដឹង​លោក សុន ឆ័យ ទៅ​​តុ​លា​ការពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងទាមទារឱ្យអ្នកនយោ​​បាយ​​​រូប​​នេះត្រូវធ្វើលិខិត​​​សុំ​​ទោស​​​ជាសាធារណៈថែមទៀតផង។

ការចេញមុខ​ប្ដឹង​​​របស់ គ.ជ.ប នៅពេលនេះ គឺក្រោយពី​គណបក្សប្រជាជនកម្ពុជា តាម​រយៈមេធាវី លោក គី តិច បាន​​ដាក់​​ពាក្យ​​បណ្ដឹង​ទៅកាន់​តុលាការដូចគ្នាដែរ ​ប្រឆាំងលោក សុន ឆ័យ កាលពីថ្ងៃ​ទី​​១៤ ខែ​មិថុនា។ លោក សាយ ឈុំ ដែលគេស្គាល់ជាទូទៅថាជាអនុប្រធាន​​គណ​​បក្ស​​ប្រជា​​​ជន​កម្ពុជា និងជាប្រធានព្រឹទ្ធសភាផង បានទាមទារ​សំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន១លាន​​ដុល្លា​​រ​​អាមេរិក ដោយយោងលើ​អង្គហេតុប្រហាក់ប្រហែល​ទៅ​​នឹង​​​បណ្ដឹងរបស់ គ.ជ.ប នៅពេលនេះដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បញ្ជាក់ជំហរ​ថា គណ​​បក្ស​​កាន់​​អំ​​ណាចនឹងមិនចរចា​ខាងនយោបាយទេ ព្រោះរឿងក្តីនេះ មេធាវីតំណាងដោយអាណត្តិ គឺលោក គី តិច បាន​​បញ្ជូនសំណុំរឿង​ទៅ​​ដល់ដៃ​​តុលាការរួច​​​​​ហើ​​យ។

មិនខុសគ្នាដែរ អគ្គលេខាធិការ​នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ធ្លាប់ប្រាប់​វីអូឌីថា អ្វីដែលលោក សុន ឆ័យ ធ្វើនេះមិនមែនជាការរិះគន់ដែលស្ថិតក្រោមយុត្តាធិការនៃ​សិទ្ធិបញ្ចេញ​​មតិ​​ទេ។​ ​មួយ​​វិញ​ទៀត លោកថា ស​​កម្ម​ភា​​ព​របស់លោក សុន ឆ័យ នេះ ​គឺ​ជា​ការ​ប្រមាថ​ធ្ងន់​ធ្ងរ និង​ធ្វើឱ្យប៉ះពាល់​​ដល់​​សេចក្ដីថ្លៃ​​​​ថ្នូ​​ររបស់​ស្ថា​​ប័នជាតិរៀបចំការបោះឆ្នោត។

យ៉ាងនេះក្ដី សម្រាប់មេធាវីការពារសិទ្ធិឱ្យលោក សុន ឆ័យ គឺលោក ជូង ជូងី អះអាងនៅថ្ងៃទី៤ ខែ​កក្ក​​ដានេះ​ថា ក្នុងនាមជាមេធាវី លោកបានទៅទទួលយកដីកាកោះហៅជាលើកទី២ ពីតុលាការ​​ក្រុង​​​​​​​​ភ្នំ​ពេ​​ញ​​ រួចរាល់ហើយ នៅព្រឹកថ្ងៃចន្ទនេះ។

លោក​មេធាវីបញ្ជាក់ថា ផ្អែកលើដីកាកោះជាលើកទី២នេះ លោក សុន ឆ័យ ត្រូវ​បាន​តុលាការ​​តម្រូវ​​ឱ្យ​​​ចូល​​ខ្លួន​​ឆ្លើយ​​បំភ្លឺនៅព្រឹក​ថ្ងៃទី​១៥ ខែ​កក្កដាខាងមុខនេះ។

បើតាមមេធាវីរូបនេះ គេនៅមិនទាន់អាចធ្វើសេចក្ដីសន្និដ្ឋានបានអំពីលទ្ធផលនៅថ្ងៃខាងមុខ​​នេះ​​ ថា​​នឹង​​ត្រូវ​​​​មានរឿងអ្វីកើតឡើង​​នៅ​​ឡើយ​​ទេ។ ម្យ៉ាងវិញទៀត បើផ្អែកលើស្មារតីគតិយុត្ត ការ​​កោះ​​​​ហៅ​​​​នេះក៏នឹងមិនគំរាមកំហែងទៅដល់ការចាប់ខ្លួនឬឃុំខ្លួនណាមួយនោះដែរ។

លោកបន្តថា៖ «ដីកាកោះនេះអត់មានចង្អុលបង្ហាញអត្ថន័យអស់ហ្នឹងទេ​ គឺគ្រាន់តែកោះហៅ​​គាត់​ឱ្យ​​​មក​​​ឆ្លើយ​បំភ្លឺ ឆ្លើយតបទៅនឹងបណ្ដឹងរបស់លោក គី តិច មេធាវីរបស់សម្តេច សាយ ឈុំ»។

នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញថា ការប្ដឹងផ្ដល់​​តាម​​ផ្លូវតុលាការដើម្បីយកចាញ់ឈ្នះចំពោះអ្នកនយោបាយខ្មែរនេះ ស្ទើរក្លាយទៅជាវ​​ប្បធម៌ទៅ​​ហើ​​យ​​​​​។

សម្រាប់លោក សេក សុជាតិ នៅតែមើលឃើញថា បញ្ហានេះមិនមែនជារូបភាព​នៃការគំ​​រាម​​​កំ​​​​​ហែ​​ង​ខាងនយោបាយទេ តែជារបៀបដែលអ្នកនយោបាយ​​តែងតែលេងតាមរូបភាពជាអ្នកន​​​យោ​​បាយ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយក៏មិនដែលបន្សល់ទុកនូវអ្វីដែលជាគំរូល្អសម្រាប់​​អ្នកបន្ត​​វេន​​ជំ​​នាន់​ក្រោយ​ទៀត​ដែរ។

លោកបន្តថា៖ «យើងមើលឃើញថា ​អ្នក​ដែល​ត្រូវ​បាន​គេ​ប្ដឹង​ផ្ដល់​ហ្នឹង​ក៏ជា​ក្រុម​អ្នក​នយោ​បាយ​ចូល​ចិត្ត​ដុត​ឱ្យ​គណបក្សកា​ន់អំណាចហ្នឹងមានកំហឹងខឹងអីអ៊ីចឹងទៅ។ បញ្ហានេះ វាក៏បានបង្ហាញ​​អំពី​វប្ប​​ធម៌​នយោបាយនៅកម្ពុជារបស់យើង មើលគ្នាក្នុងនាមជាសត្រូវ មើល​គ្នាក្នុងផ្លូវអវិជ្ជ​​មាន​ ហើយ​​​មិន​មាន​លក្ខណៈ​ពិសេស​មួយ​នៅក្នុង​ការ​តស៊ូ​លើ​ឆាក​នយោបាយ​តាម​សន្តិ​វិធីអីជាដើម។ យើង​ឃើញ​ថា ​​​​​មេ​រៀន​នេះ វាបានបង្ហាញយើង វាមិនមែនទើបតែករណីឯកឧត្តម សុន ឆ័យ មួយ​រូប​​ទេ យើង​​ឃើញ​​​​មានទាំងអ្នកនយោបាយនៅក្នុងគណបក្សរាជានិយម និង​គណបក្សនយោបាយ​​ដទៃ​ហ្នឹង​​​ក៏​​វា​​​​មាន​ច្រើនដែរ»។

យ៉ាងនេះក្ដី ក្រុមអ្នកជំនាញ​​ផ្នែក​​គោ​​ល​​​​​​នយោបាយ និងកិច្ចការបោះឆ្នោត យល់ឃើញថា ការប្ដឹង​ផ្ដល់​អ្នក​នយោបាយ ព្រោះតែរិះគន់​អំ​ពី​​​ភាពមិនប្រក្រតី​នៃដំណើរការបោះឆ្នោតនេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​រឹតត្បិត​​​សិទ្ធិ​បញ្ចេញ​​មតិ​​ខាងនយោបាយកាន់តែធំទៅៗនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ