ក្នុង «ទិវាគ្រូបង្រៀនពិភពលោក» ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងរៀបចំការជួបជុំ ដង្ហែក្បួនដាក់ញត្តិ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរជាងនេះ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានឱ្យវីអូឌីដឹងនៅថ្ងៃនេះថា ក្នុងទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ សមាគមគ្រោងរៀបចំពិធីអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ដោយមានការចូលរួមពីគ្រូបង្រៀន សិស្ស និស្សិត មាតាបិតាសិស្ស យ៉ាងតិច១៥០នាក់។
លោកស្រីថា គោលបំណងនៃការរៀបចំទិវានេះ គឺដើម្បីរំលឹកដឹងគុណដល់គ្រូបង្រៀនដែលចូលរួមតស៊ូមតិនិងពលីជីវិតទាមទារការដំឡើងប្រាក់បៀវត្សនិងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់គ្រូបង្រៀនកាលពីពេលកន្លងមក និងជាការបន្តទាមទារប្រាក់បៀវត្សជាបន្តទៀត ព្រោះថា បច្ចុប្បន្ន លក្ខខណ្ឌការងាររបស់គ្រូបង្រៀនមិនទាន់ប្រសើរនោះទេ។
លោកស្រីថា៖ «ទីពីរ គឺយើងចង់ឱ្យរដ្ឋាភិបាលទទួលដឹងឮថា គ្រូបង្រៀននៅមានកម្រិត ជាពិសេសជីវភាពរស់នៅរបស់គ្រូ លក្ខខណ្ឌការងារដែលគ្រូកំពុងតែប្រឈម នៅក្នុងប្រទេសកម្ពុជា»។
លោកស្រី ឆាយ៉ាវី បន្ថែមថា ការជួបជុំគ្រោងធ្វើឡើងនៅទីលានប្រជាធិបតេយ្យ បន្ទាប់មកនឹងដើរហែក្បួនចេញពីទីលានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងអប់រំ យុជន និងកីឡា ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្ទីររដ្ឋសភាជាតិ។
តែយ៉ាងណា លោកស្រីថា ការរៀបចំទិវានេះអាចនឹងមានការប្រែប្រួល ហើយលទ្ធផលនឹងជូនដំណឹងទៅសាធារណជន នៅក្រោយពីការជួបជាមួយរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨នេះ។
លោកស្រីបន្តថា ប្រសិនបើភាគីខាងរដ្ឋាភិបាលមិនអនុញ្ញាតិ នេះបង្ហាញថា កម្ពុជាបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្លួនឯង និងមិនមានឆន្ទៈក្នុងការអភិវឌ្ឍវិស័យអប់រំនោះទេ។
ទិវាគ្រូបង្រៀនពិភពលោក ត្រូវបានប្រកាសដោយអង្គការយូណេស្កូ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៤។ កន្លងទៅ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់បានប្រារព្ធទិវានេះនៅទីលានប្រជាធិបតេយ្យ ដោយបង្ហាញពីទុក្ខលំបាករបស់គ្រូបង្រៀនកំពុងជួបប្រទះ និងតែងបានស្នើសុំរដ្ឋាភិបាលដំឡើងប្រាក់ខែ និងដោះស្រាយបញ្ហានានាសម្រាប់គ្រូបង្រៀន៕