កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានលើកឡើងថា កម្លាំងអមិត្តនៅតែចិញ្ចឹមមហិច្ឆតា និងបន្តធ្វើសកម្មភាពញុះញង់ អុចអាល បង្កហេតុ បង្កើតចលាចល ដែលជាកត្តាបំផ្លាញសុខសន្តិភាព តែរដ្ឋាភិបាលនៅតែបន្តធានាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃម្សិលមិញ ក្រោយជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៅយោធភូមិភាគទី៥ និងកងពលអន្តរាគមន៍លេខ១៤ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ថាសុខសន្តិភាពបានប្រែក្លាយតំបន់ដែលធ្លាប់ជាគំនរផេះផង់នៃសង្រ្គាមរ៉ាំរ៉ៃ ហើយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ទៅជាតំបន់ដែលមានការអភិវឌ្ឍ មានផ្លូវគមនាគមន៍ ប្រជាពលរដ្ឋមានជីវភាពធូរធារ និងជាពិសេសមានសាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ពន្ធគ្រប់បែបយ៉ាង។
ទោះជាយ៉ាងណា លោកថា កម្លាំងអមិត្តនៅតែចិញ្ចឹមមហិច្ឆតា និងបន្តធ្វើសកម្មភាពញុះញង់ អុចអាល បង្កហេតុ និងបង្កើតចលាចលក្នុងសង្គម ដែលជាកត្តាបំផ្លាញសុខសន្តិភាព ប៉ុន្តែរដ្ឋាភិបាលធានាបន្តការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
លោកលើកឡើងថា៖ «ក្នុងន័យនេះ ការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ផ្សារភ្ជាប់នឹងជំហរដាច់ណាត់ក្នុងការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាររបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា គឺជាកត្តាកំណត់ដាច់ខាតនៃការធានាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ»។
ដើម្បីទទួលបានសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវទៅកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ប្ដេជ្ញារួមគ្នាគាំទ្របេក្ខភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិបន្តបន្ទាប់ និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាថ្ងៃអនាគតផងដែរ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា លោកមិនបានដឹងថាតើការលើកឡើងរបស់លោក ហ៊ុន ម៉ានី សំដៅទៅលើបុគ្គលណាមួយនោះទេ។ លោកថា សម្រាប់គណបក្សក្រៅរដ្ឋាភិបាលមួយនេះ មិនដែលមានបំណងណាមួយក្នុងការញុះញង់ឬបង្កចលាចលក្នុងសង្គមនោះទេ ហើយរាល់ការតស៊ូមតិកន្លងមក គឺធ្វើឡើងដោយស្របច្បាប់។
លោកមានប្រសាសន៍ថា៖ «និយាយពីអមិត្ត យើងមិនដឹងជាសំដៅលើក្រុមណា ប៉ុន្តែបើយើងមើលឃើញការបង្កឱ្យមានអសន្តិសុខ ឬចាប់ជំរិតអ្វីផ្សេងៗ ឃើញជាមិត្តដែកថែប [ជនជាតិចិន] ច្រើនជាង។ ពីមុនមកហៅថា “មិត្តម៉ឺនឆ្នាំ” ដល់ឥឡូវ “មិត្តដែកថែប” ឃើញតែចាប់ជំរិត ឃើញតែបាញ់ ឃើញតែបោះទាំងអស់ ដែលបង្កអសន្តិសុខ សូមឱ្យងាកមើលទៅខាងណោះវិញ កុំសម្លឹងមើលឃើញតែខ្មែរគ្នាឯង[ថាជា]អមិត្ត។ ដូច្នេះ សូមឱ្យមើលឃើញអ្វីដែលកំពុងកើតមាន អសន្តិសុខក្នុងប្រទេស រហូតដល់គេចាត់ចំណាត់ថ្នាក់ក្នុងរឿងរត់ពន្ធមនុស្ស ជួញដូរមនុស្ស រហូតដល់បញ្ជីខ្មៅលាងលុយលាងអី វាល្អជាង! កុំឱ្យគិតថាខ្មែរយើងអមិត្ត បង្កញុះញង់ ប៉ះពាល់សន្តិភាព សុំឱ្យពិនិត្យជាក់ស្តែងវិញទៅ»។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា ការលើកឡើងរបស់លោក ហ៊ុន ម៉ានី នាពេលនេះ គ្រាន់តែជាសិទ្ធិក្នុងការបញ្ចេញមតិរបស់គាត់តែប៉ុណ្ណោះ។ តែយ៉ាងណា លោកថា នៅកម្ពុជាមិនទាន់មានសន្តិភាពពេញលេញនៅឡើយ ដោយសារតែលោកសង្កេតឃើញថា អ្នកដែលហ៊ានចេញមុខតស៊ូមតិនិងតវ៉ាដោយអហិង្សានិងស្របតាមច្បាប់ បែរជាទទួលរងនូវភាពអយុត្តិធម៌ជាបន្តបន្ទាប់ទៅវិញ។
លោកមានប្រសាសន៍ថា៖ «កម្ពុជាមិនទាន់មានសន្តិភាពត្រឹមត្រូវនៅឡើយទេ ដោយសារយើងមើលឃើញថា សន្តិភាពនេះគឺកើតមានតែលើក្រុមគណបក្សកាន់អំណាច ហើយគណបក្សនយោបាយដទៃផ្សេងទៀត ក៏ដូចជាសកម្មជនសង្គម និងសកម្មជនស៊ីវិលអ្វីផ្សេងៗនៅក្នុងអង្គការសង្គមស៊ីវិល យើងឃើញហើយ ពួកគាត់ជួបនូវវិបត្តិជាច្រើន ដែលនៅក្នុងសង្គមរបស់យើងបានបង្កើតឡើង ហើយមិនមានដំណោះស្រាយជូនពួកគាត់»។
លោកលើកជាឧទាហរណ៍ដូច្នេះថា៖ «ដូចជាក្រុមកូដករដែលគាត់នាំគ្នាធ្វើបាតុកម្មតស៊ូមតិដោយអហិង្សាជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ឬក៏យុវជនដទៃទៀតដែលគាត់ទាមទារឱ្យរដ្ឋាភិបាលធ្វើការពិចារណាទៅលើការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស ដូចជា បញ្ហាបរិស្ថាន បញ្ហាព្រៃឈើ យើងឃើញថា ពួកគាត់ជួបនូវបញ្ហាធ្ងន់ធ្ងរ តាមរយៈការគាបសង្កត់ ការបិទសិទ្ធិសេរីភាព [ជាដើម] យើងឃើញថា ការងារទាំងអស់ហ្នឹងនេះ វាមិនទាន់មានសន្តិភាព។ ដូច្នេះ ខ្ញុំគិតថា អ្នកដែលគេតស៊ូ គឺគេតស៊ូដើម្បីជំរុញបង្កើតឱ្យមានសន្តិភាពមួយរួមគ្នា»។
លោក សេក សុជាតិ អំពាវនាវទៅអ្នកនយោបាយ ជាពិសេសគណបក្សកាន់អំណាច យកបញ្ហាដាក់លើតុជជែកគ្នារកដំណោះស្រាយ ជួយអ្នកដែលរងនូវភាពអយុត្តិធម៌សង្គម ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ សន្តិភាពពេញលេញ ស្របតាមច្បាប់ ទើបធ្វើឱ្យសង្គមនិងសេដ្ឋកិច្ចកាន់តែរីកចម្រើន នាំឱ្យប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាព៕