អង្គការសង្គមស៊ីវិលជិត៧០ស្ថាប័នទាមទារទៅរដ្ឋាភិបាលឱ្យដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ ហើយបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំភិតបំភ័យប្រធាននិងសមាជិកសហជីពតទៅទៀត។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃសភ្លាមៗជាថ្មីទៀត ក្រោយពេលកញ្ញាបានធ្វើដំណើរត្រលប់មកពីប្រជុំនៅប្រទេសអូស្ត្រាលីវិញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការសមាគមចំនួន៦៩ ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានលើកឡើងថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ចុងក្រោយនេះ គឺជាការបន្តយុទ្ធនាការគាបសង្កត់របស់អាជ្ញាធររដ្ឋដែលមិនអាចទទួលយកបាន។
សេចក្តីថ្លែងការណ៍បន្តថា ការចាប់ខ្លួនកញ្ញា ស៊ីថរ លើកទីមួយ កាលពីខែមករា ឆ្នាំ២០២២ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយកញ្ញាដឹកនាំកម្មករក្រុមហ៊ុនណាហ្គាវើលដ៍តវ៉ាទាមទារសិទ្ធិការងារនៅក្រុមហ៊ុនល្បែងមួយនេះ ដោយការទាមទារនោះធ្វើឡើងស្របតាមច្បាប់។
កញ្ញា ស៊ីថរ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំវិញនៅខែមីនា ហើយត្រូវបានអាជ្ញាធរចាប់ខ្លួនជាថ្មីទៀតនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ក្រោមហេតុផលថា កញ្ញាបានរំលោភនឹងលក្ខខណ្ឌដែលហាមកញ្ញាចេញក្រៅប្រទេស។
សេចក្តីថ្លែងការណ៍បានលើកឡើងថា ទាំងកញ្ញា ស៊ីថរ និងមេធាវីការពារក្តី គឺសុទ្ធតែមិនបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌក្នុងការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះទេ។ បន្ថែមពីនេះ មេធាវីរបស់កញ្ញាបានដាក់ពាក្យស្នើសុំថតសំណុំរឿងរបស់កញ្ញានៅតុលាការ ដែលក្នុងនោះមានទាំងឯកសារលក្ខខណ្ឌនៃការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននានា ប៉ុន្តែតុលាការមិនអនុញ្ញាតឱ្យថតឯកសារសំណុំរឿងនោះឡើយ។ ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកករណីនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីថ្លែងការណ៍បន្ថែមថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អនុញ្ញាតឱ្យចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំនៅក្រៅប្រទេស ប៉ុន្តែបែរជាចាប់ខ្លួនពេលត្រលប់ចូលកម្ពុជាវិញ។
ក្រុមអង្គការសង្គមស៊ីវិលបន្តថា ប្រសិនសមត្ថកិច្ចទាំងនោះចង់ឱ្យកញ្ញា ស៊ីថរ គោរពនូវលក្ខខណ្ឌនៃការដោះលែងបណ្តោះអាសន្ននោះ សមត្ថកិច្ចគួរតែជូនដំណឹងអំពីលក្ខខណ្ឌទាំងនោះឱ្យសាម៉ីខ្លួនបានដឹង ហើយថាការដាក់ទោសពលរដ្ឋដោយសារការខកខានក្នុងការអនុវត្តនូវលក្ខខណ្ឌដែលមិនបានប្រាប់ឱ្យដឹងមុន គឺជាភាពអយុត្តិធម៌បំផុត ហើយល្មើសទៅនឹងគោលការណ៍ជាមូលដ្ឋាននៃនីតិរដ្ឋ។
សេចក្តីថ្លែងការណ៍អះអាងថា ការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ បណ្តោះអាសន្នជាថ្មី នៅមណ្ឌលអប់រំកែប្រែទី២ ឬ «ម២» នេះ ជាកន្លែងដែលកញ្ញានឹងរងគ្រោះដោយសារលក្ខខណ្ឌអាក្រក់ៗជាច្រើន រួមទាំងភាពចង្អៀតណែននៅក្នុងបន្ទប់ពន្ធនាគារ។
ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ ដែលត្រូវបានស្រង់សម្តីដាក់សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា ការចាប់ខ្លួនសកម្មជនសិទ្ធិការងារ កញ្ញា ឈឹម ស៊ីថរ នេះ គឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ ដោយសារការចោទប្រកាន់របស់តុលាការនោះមិនបានផ្អែកលើមូលដ្ឋានច្បាប់។
លោកបន្ថែមថា៖ «បើសិនបើតុលាការឯករាជ្យ សុក្រឹត យុត្តិធម៌ កញ្ញា ស៊ីថរ គួរតែត្រូវបានលើកកម្ពស់ និងការពារដោយច្បាប់»។
សេចក្តីថ្លែងការណ៍រួមបានឱ្យដឹងថា យ៉ាងហោចណាស់ ថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៩នាក់ ធ្លាប់ត្រូវបានចាប់ខ្លួនជាមួយកញ្ញា ស៊ីថរ កាលពីលើកទី១ ដោយកំពុងរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌជាច្រើន ខណៈបទចោទថ្មីៗមួយចំនួនទៀតកំពុងដាក់សម្ពាធមកលើកូដករផ្សេងទៀត។
ក្រុងអង្គការសង្គមស៊ីវិលបានទទូចដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងបញ្ឈប់ការចាត់ទុកកញ្ញា ឈឹម ស៊ីថរ សមាជិកសហជីពណាហ្គាវើលដ៍ និងថ្នាក់ដឹកនាំសហជីពក្នុងវិស័យការងារផ្សេងទៀតជាសត្រូវ ដោយថា ពួកគេទាំងនោះ ជាអ្នកតំណាងឱ្យផលប្រយោជន៍ស្របច្បាប់របស់កម្មករតែប៉ុណ្ណោះ។
សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្ដើមធ្វើកូដកម្មតាំងពីខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីមានការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលក្នុងនោះក៏មានថ្នាក់ដឹកនាំសហជីពទាំងអស់ផងដែរ។ កញ្ញា ស៊ីថរ ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីដើមឆ្នាំ២០២២នេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាពួកគេមានទោស។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលើកឡើងថា នៅកម្ពុជា មានតែសហជីពស្និទ្ធជាមួយថៅកែទេ ដែលអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ បានរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល។
អង្គការអន្តរជាតិមួយនេះបានជំរុញទៅរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយរដ្ឋាភិបាលកម្ពុជាក៏ត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិតសិទ្ធិសេរីភាពបង្កើតសមាគម និងរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា «បទញុះញង់» «បទបរិហារកេរ្តិ៍» «បទបរិហារជាសាធារណៈ» ឬ «បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ» ដើម្បីធានាដល់ការការពារសិទ្ធិមនុស្សនៅកម្ពុជា៕