ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីទាំងឡាយលើប្រទេសបេឡារុស ស្របពេលដែលខ្លួនបន្តដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន និងពង្រីកការចាត់វិធានការលើប្រទេសទាំងឡាយណាដែលផ្ដល់ការគាំទ្រដល់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានគណៈកម្មការអឺរ៉ុបបានលើកឡើងថា៖ «យើងនឹងបន្តរក្សាការដាក់សម្ពាធលើវិមានក្រឹមឡាំង ជាមួយនឹងកញ្ចប់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរទាំងឡាយ ខណៈយើងក៏នឹងពង្រីកការដាក់ទណ្ឌកម្មទាំងនេះចំពោះអ្នកដែលគាំទ្រផ្នែកយោធាដល់សង្គ្រាមរបស់រុស្ស៊ី ដែលមានដូចជា បេឡារុស ឬ អ៊ីរ៉ង់ ជាដើម»។
ជាមួយគ្នានេះ លោកស្រីបន្ថែមថា៖ «យើង [សហភាពអឺរ៉ុប] នឹងរៀបចំការដាក់ទណ្ឌកម្មថ្មីទាំងឡាយប្រឆាំងនឹងប្រទេសបេឡារុស ជាការឆ្លើយតបនឹងការពាក់ព័ន្ធរបស់ពួកគេក្នុងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន»។
ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ណាមួយថាតើទណ្ឌកម្មថ្មីដែលដាក់លើប្រទេសបេឡារុសនេះ នឹងផ្ដោតលើវិស័យអ្វីខ្លះនោះទេ។
រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែន តាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីខែកុម្ភៈ ឆ្នាំមុន ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង។
ទាក់ទិននឹងករណីនេះ ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) ដែលត្រូវបានគេស្គាល់ថាជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់ប្រធានាធិបតីរុស្ស៊ី កាលពីពេលកន្លងទៅ ក៏ធ្លាប់បានអះអាងថា ប្រទេសរបស់លោក គឺនឹងឈរជាមួយរុស្ស៊ីជានិរន្តរ៍ក្នុងសង្គ្រាមតទល់នឹងប្រទេសអ៊ុយក្រែន ដោយខ្លួនក៏បានប្រកាសអនុញ្ញាតឱ្យទាហានរុស្ស៊ីប្រើប្រាស់ទឹកដីនៃប្រទេសរបស់ខ្លួន ក្នុងការឈ្លានពានអ៊ុយក្រែនផងដែរ៕