មេដឹកនាំជាន់ខ្ពស់ នៃគណបក្សគួមីងតាង (Kuomintang) ដែលជាគណបក្សប្រឆាំងដ៏ធំមួយរបស់កោះតៃវ៉ាន់ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងសប្ដាហ៍នេះ និងជួបជាមួយអ្នកបង្កើតគោលនយោបាយកំពូលរបស់កោះតៃវ៉ាន់ ចំពេលមានភាពតានតឹងផ្នែកយោធា និងនយោបាយរវាងចិន និងតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
គណបក្សគួមីងតាង (Kuomintang) បានលើកឡើងថា អនុប្រធានរបស់ខ្លួន គឺលោក អែនឌ្រូ សៀ (Andrew Hsia) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃពុធ ហើយជួបជាមួយលោក សុង តាវ (Song Tao) ដែលជាប្រធានការិយាល័យកិច្ចការតៃវ៉ាន់ប្រចាំនៅប្រទេសចិន ដែលត្រូវបានតែងតាំងថ្មី។
គណបក្សគួមីងតាង (Kuomintang) បន្តថា លោក Andrew Hsia និងលោក Song Tao និងគណៈប្រតិភូ នឹង «ដោះដូរយោបល់ និងការសន្ទនាដោយឈរលើមូលដ្ឋាននៃសមភាព និងសេចក្តីថ្លៃថ្នូរ»។
គណបក្សនេះបន្តថា ពួកគេនឹងឆ្លុះបញ្ចាំងពីការព្រួយបារម្ភជាសាធារណៈចុងក្រោយបង្អស់របស់តៃវ៉ាន់ អំពីសន្តិសុខនៃច្រកសមុទ្រតៃវ៉ាន់ និងការរំពឹងទុកសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ជាធម្មតា គណបក្សគួមីងតាង (Kuomintang) ពេញចិត្តទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ប៉ុន្តែបដិសេធយ៉ាងដាច់អហង្ការថាមិនគាំទ្រទីក្រុងប៉េកាំង។
ការិយាល័យកិច្ចការតៃវ៉ាន់ប្រចាំនៅប្រទេសចិន បាននិយាយថា ខ្លួនស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Andrew Hsia។
លោក Andrew Hsia បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែសីហា ឆ្នាំមុន ដែលត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលតៃវ៉ាន់ ភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ដើម្បីសម្តែងការខឹងសម្បាចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិដោយប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi)។
គួរបញ្ជាក់ថា ប្រទេសចិន មានភាពល្អក់កករជាមួយកោះតៃវ៉ាន់ ចាប់តាំងពីលោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ចូលកាន់តំណែងជាប្រធានាធិបតី ក្នុងឆ្នាំ២០១៦ ដោយជឿថា លោកស្រីជាអ្នកបំបែកខ្លួន ហើយជាញឹកញាប់បានបដិសេធការអំពាវនាវរបស់លោកស្រីដើម្បីសន្ទនា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំង បានបង្កើនសម្ពាធទៅលើរដ្ឋាភិបាលកោះតៃវ៉ាន់ ដើម្បីឱ្យរដ្ឋាភិបាលនៃដែនកោះមួយនេះទទួលយកអំណាចរបស់ទីក្រុងប៉េកាំង។ ចំណែករដ្ឋាភិបាលកោះតៃវ៉ាន់វិញ តែងលើកឡើងថា ពួកគេចង់បានសន្តិភាពជាមួយប្រទេសចិន ប៉ុន្តែប្រសិនបើចិនវាយប្រហារមកលើកោះនេះ ពួកគេនឹងការពារ៕