ថវិកាឃុំ-សង្កាត់គឺជា កញ្ចប់លុយដែលរដ្ឋាភិបាលសម្រចផ្តល់ឲ្យក្នុងចំនួនណាមួយដល់ឃុំ-សង្កាត់ជាប្រចាំឆ្នាំ ដើម្បីអាជ្ញាធរមូលដ្ឋានអាចរៀបចំចាត់ចែងអភិវឌ្ឍន៍តាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។
អនុក្រឹត្យស្តីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ-សង្កាត់ឆ្នាំ២០០២ ដែលមានចុះហត្ថលេខារួមគ្នារវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ត្រង់មាត្រា៣ បានចែងថា ថវិកាឃុំ-សង្កាត់ជាលិខិតគតិយុត្តិដែលគ្រោង និង អនុញ្ញាតចំណូល និង ចំណាយ ដោយផ្អែកលើមូលដ្ឋានឆ្នាំ។ ឆ្នាំថវិការបស់ឃុំ សង្កាត់ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា និង បញ្ចប់នៅថ្ងៃទី៣១ខែធ្នូ។ ថវិកាឃុំសង្កាត់ត្រូវរួមបញ្ចូលរាល់ចំណូល ចំណាយរបស់ឃុំ សង្កាត់ដោយមិនគិតដល់ប្រភពដើម ឬ ចរិតលក្ខណៈឡើយ។
មាត្រាដដែលចែងបន្តថា ថវិកាឃុំ-សង្កាត់ត្រូវឆ្លុះបញ្ចាំង រាល់ការចំណាយជាអាទិភាពនៃផែនការអភិវឌ្ឍន៍របស់ឃុំ និង សង្កាត់។
កញ្ចប់ថវិកាឃុំ-សង្កាត់គឺចំនួនជាក់ស្តែង ត្រូវបានថ្នាក់ជាតិជាអ្នកសម្រេចដោយផ្អែកទៅតាម ទំហំនៃតម្រូវការ និង ចំនួនពលរដ្ឋ។ បច្ចុប្បន្នមានឃុំ-សង្កាត់មួយចំនួនទទួលបានទឹកប្រាក់ជាង១០០លានរៀល ខ្លះទៀតបានជាង ២០០លានរៀលទៅតាមតម្រូវការ។
ដើម្បីឲ្យការប្រើប្រាស់កញ្ចប់ថិវកាឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋគឺក្នុងច្បាប់ និង បទបញ្ញត្តិផ្សេងបានកំណត់ថា រាល់ការរៀបចំគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ និង បែងចែកថវិកាផ្សេងៗត្រូវមានការចូលរួមដឹងឮពីប្រជាពលរដ្ឋ។
មាត្រា ១២នៃអនុក្រឹត្យស្តីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ-សង្កាត់ ចែងថា មេឃុំ ឬ ចៅសង្កាត់ត្រូវធានាឲ្យមានការចូលរួមពីសាធារណជនមូលដ្ឋាន ក្នុងដំណោះស្រាយរៀបចំថវិកា តាមរយៈវិធានការទាំងឡាយដូចជា គម្រោងថវិកា ត្រូវតែប្រកាសផ្សាយជាសាធារណៈ យ៉ាងតិច២សប្តាហ៍ មុនពេលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
អង្គប្រជុំរបស់គណៈកម្មាធិការកសាងផែនការ និង ថវិកា ត្រូវបើកចំហដល់សាធារណជនដែលចាប់អារម្មណ៍ចង់ពិនិត្យ គម្រោងថវិកានេះ។
មាត្រាដដែលចែងថា ប្រជាពលរដ្ឋត្រូវតែបានផ្តល់ឱកាស ក្នុងការចូលរួមសម័យប្រជុំរបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ដែលសម្រេច លើគម្រោងថវិកា ចំណែកក្រុមប្រឹក្សា ឃុំ-សង្កាត់ត្រូវបង្កើតនូវយន្តការផ្សេងៗ ដើម្បីជំរុញឲ្យមានការចូលពីសាធារណជន លើកិច្ចការមូលដ្ឋាន។
ការបោះឆ្នោតឆ្នាំ១៩៩៣ បានកន្លងទៅជាង២០ឆ្នាំហើយ ដែលពេលនោះជាចំណុចចាប់ផ្តើមកម្ពុជាដើរចូលក្នុងគន្លងនៃការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យវិញ។ ការអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យជាការអភិវឌ្ឍន៍ត្រូវមានយន្តការចូលរួមពីប្រជាពលរដ្ឋក្នុងការសម្រេចចិត្តនានាទាំងថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន។ ករណីខ្លះពលរដ្ឋចូលរួមសម្រេចដោយផ្ទាល់ ករណីខ្លះទៀតពលរដ្ឋអាចចូលរួមតាមរយៈអ្នកតំណាង។
បើទោះជាកម្ពុជាដើរចូលគន្លងប្រជាធិបតេយ្យ ហើយមានការតម្រូវឲ្យពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ក៏ដោយក៏ពលរដ្ឋភាគច្រើនមិនសូវបានដឹងពីគម្រោងអភិវឌ្ឍន៍នានា ហើយពួកគាត់យល់ថា ការងារអភិវឌ្ឍន៍ និងការងារបែងចែកលុយ គឺជារឿងរបស់មន្ត្រីមិនពាក់ព័ន្ធពួកគាត់ទេ។
សំឡេងពលរដ្ឋ៖«លោកពូធ្លាប់ដឹងថា គម្រោងលុយឃុំ-សង្កាត់ គេទម្លាក់មក១ឆ្នាំប៉ុន្មានទេ? ហើយគេចាត់ចែងលើអ្វីខ្លះទេ? អត់ផង អត់បានដឹង។ ចុះលុយធ្វើប្រឡាយ ធ្វើផ្លូវអី តើពូមានឆ្ងល់ទេ ថាគេបានមកពីណា? អត់ទេ អារឿងលុយឃុំសង្កាត់អីហ្នឹងខ្ញុំអត់ដែលបានដឹងទេ។ អត់ដែលមានគេប្រាប់ទេ ហើយខ្ញុំអត់ឆ្ងល់ទេចឹង មិនសូវដឹងដែរ។»
នេះជាការលើកឡើងរបស់លោក ឈុន លាង ជាពលរដ្ឋរស់នៅក្នុងក្រុងពោធិ៍សាត់ ឆ្លើយតបនឹងក្រុមការងារព័ត៌មានរបស់វីអូឌី។
នៅក្រុងពោធ៍សាត់មិនមែនមានតែលោក ឈុន លាង មួយទេ ដែលមិនសូវដឹងពីថវិកាសង្កាត់ គឺ ពលរដ្ឋជាច្រើនទៀត ដែលក្រុមការងារវីអូឌីចុះសាកសួរ ក៏ឆ្លើយប្រាប់ថា មិនសូវបានដឹងដែរ។ អ្នកខ្លះថា ពួកគាត់មិនសូវចាប់អារម្មណ៍ក្នុងការចង់ដឹង អ្នកខ្លះទៀតថា មិនមានមន្ត្រីសង្កាត់ប្រាប់ឲ្យពួកគាត់ចូលរួមប្រជុំជជែកពីលុយនោះទេ។
អ្នកស្រី ជិន លីន រស់នៅចម្ងាយប្រមាណ៥០ម៉ែត្រ ពីសាលាសង្កាត់រលាប ក្រុងពោធិ៍សាត់ ថ្លែងថា គាត់មិនដែលបានទទួលព័ត៌មានពីថវិកាសង្កាត់ទេ ហើយគាត់ក៏មិនដឹងសួរព័ត៌មាននៅទីណាទេ៖អត់ដឹងទេ កូន អត់ដឹងសោះ! ចុះអ្នកមីងមានឆ្ងល់ទេ លុយធ្វើប្រឡាយ ធ្វើផ្លូវហ្នឹងគេបានពីណា? ឆ្ងល់ដែរ!
អ្នកស្រីលាភ ស្រីមាន ពលរដ្ឋរស់នៅក្រុងពោធិ៍សាត់ដែរ ថ្លែងថា គាត់មិនដែលបានដឹងថា អ្វីជាលុយ ឃុំ -សង្កាត់ទេ។ នៅពេលដែលសួរថា ធ្លាប់មានមន្ត្រី ឃុំ សង្កាត់ប្រាប់ពីដំណឹងប្រជុំទេ? ស្រីមានថា មិនដែលមានគេប្រាប់ឲ្យប្រជុំ និយាយពីព័ត៌មាននៅឃុំសង្កាត់ទេ៖ អត់ដែលដឹងទេ? ចុះដែលសង្ស័យទេថា លុយអភិវឌ្ឍន៍ឃុំបានពីណា? សង្ស័យដែរតែអត់ដឹង។ ចុះដែលមានគេហៅទៅប្រជុំឃុំសង្កាត់និយាយពីគម្រោងអភិវឌ្ឍន៍អីទេ? មិនដែលទេ។
ឥឡូវយើងងាកមកស្តាប់ការពន្យល់របស់មន្ត្រីសង្កាត់រលាប ក្រុងពោធិ៍វិញម្តងថា តើហេតុអ្វីបានជា ពលរដ្ឋនៅក្នុងសង្កាត់នេះ មិនបានដឹងពីគម្រោងថវិកាឃុំដូច្នេះ?
សមាជិកក្រុមប្រឹក្សាសង្កាត់រលាបលោកស្រី មូង ស៊ីណេត មានប្រសាសន៍ថា ក្រុមការងារសង្កាត់ជូនដំណឹងប្រាប់ឲ្យពលរដ្ឋចូលរួមប្រជុំ ប្រចាំខែ ក៏ដូចជា ប្រជុំលើគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់សង្កាត់ ប៉ុន្តែលោកស្រីថា ពលរដ្ឋមិនចាប់អារម្មណ៍ក្នុងការចូលរួមនោះទេ។៖ ខ្ញុំមិនថា ម៉េចទេ ពលរដ្ឋឥឡូវហៅមកប្រជុំនៅតាមឃុំសង្កាត់អី បើមានរបស់របរជាប់ដៃតិចតួចបានមក ហើយបើអត់មានអីទេ គាត់មិនចូលរួមទេ គាត់ថា ដដែលៗ អត់បានការអី។ ចឹងបានថា ប្រជាពលរដ្ឋឥឡូវពិបាក។
លោកស្រី មូង ស៊ីណេត បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៦នេះ សង្កាត់រលាបទទួលបានថវិកាជាង១០០លាន រៀលគឺថយចុះ បើប្រៀបនិងឆ្នាំ២០១៥ សង្កាត់នេះទទួលបានថវិកាជាង២០០លានរៀល។ លោកស្រីថា មូលហេតុនេះ ដោយសារសង្កាត់បែងចែកលុយក្នុងឆ្នាំ២០១៥មិនអស់។ សមាជិកក្រុមប្រឹក្សាសង្កាត់រូបនេះ បញ្ជាក់ថា បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅតាមច្រើនទៀតគឺ ប្រឡាយរំដោះទឹក និង ផ្លូវ។៖ ផ្លូវនៅច្រើនខ្សែ ហើយលូ គឺលូរំដោះទឹកស្អូយ ។ គម្រោងយើងឆ្នាំនេះ ផ្តោតលើអាពីរហ្នឹង។ចំណែកផ្លូវក្នុង១ឆ្នាំយ៉ាងហោចណាស់ក៏ធ្វើបាន៥ខ្សែដែរគឺតាមវែងខ្លី។
ជុំវិញការលើកឡើងថា ពិបាកចូលប្រជុំនេះ ពលរដ្ឋនៅក្នុងសង្កាត់រលាបមួយរូបទៀត លោក សុខ សំណាង ថ្លែងថា លោក ធ្លាប់បានអាជ្ញាធរឃុំឲ្យទៅប្រជុំដែរ តែថា គម្រោងអភិវឌ្ឍន៍ ឬ កញ្ចប់ថវិកានោះ មិនមានការបកស្រាយឲ្យបានច្បាស់លាស់នោះទេ។«៖ខ្លួនខ្ញុំផ្ទាល់ ដូចអត់បានទទួលព័ត៌មានហ្នឹងច្បាស់។ បង អត់ដែលឮគេនិយាយ គេលើកឡើងខ្លះទេ ឬ យ៉ាងម៉េច? ឮនិយាយដែរតែគ្រាន់ហេតុៗ ដូចមិនច្បាស់ ចឹងខ្ញុំអត់ហ៊ាននិយាយ។ គេធ្លាប់បានអញ្ជើញបងទៅចូលរួមប្រជុំនៅឃុំទេ? គេធ្លាប់ ដូចមានការងារសំខាន់អីចឹងគេប្រាប់ឲ្យទៅ តែដូចមិនបាននិយាយច្បាស់ពីថវិកាភូមិឃុំអីហ្នឹងទេ។ ខ្ញុំត្រូវគេអញ្ជើញយូរៗម្តង។»
ទាំងនេះ ជាការលើកឡើងរបស់ប្រជាពលរដ្ឋ និង មន្ត្រីនៅសង្កាត់មួយក្នុងក្រុងពោធិ៍សាត់ លើការយល់ដឹងអំពីថវិកាឃុំ-សង្កាត់។ ជាបន្តយើង ទៅសិក្សាពីសង្កាត់មួយក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យវិញម្តង។
សង្កាត់កំពង់ស្វាយក្នុងក្រុងសិរីសោភ័ណ ជាសង្កាត់មួយដែលកំពុងមមាញឹកក្នុងការអភិវឌ្ឍន៍ផ្លូវ និង លូបង្ហូរទឹក។ ចៅសង្កាត់រងទី១ លោក ស៊ឺ ហៀក មានប្រសាសន៍ថា រាល់ពេលរៀបចំគម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំគឺក្រុមការងារលោកតែងតែ ប្រកាសឲ្យពលរដ្ឋចូលរួមឲ្យបាន៦០%យ៉ាងតិចតាមច្បាប់កំណត់ តែលោកថា ជាក់ស្តែងពលរដ្ឋចូលរួមមិនបានគ្រប់គ្រាន់ទេ៖ ជារៀងរាល់ឆ្នាំ ពេលធ្វើផែនការណ៍អភិវឌ្ឍន៍សង្កាត់ប្រចាំឆ្នាំហ្នឹង មានការប្រជុំពីរដង គឺប្រជុំលើកទី១ប្រជុំនៅសាលាសង្កាត់នេះ ដើម្បីរកបញ្ហាងាយយើងដោះស្រាយសម្រាប់២០១៧។ ចំណែកទី២ យើងចុះដល់មូលដ្ឋាន គោលការណ៍ថ្នាក់ជាតិនោះ គេឲ្យពលរដ្ឋ៦០%នៃពលរដ្ឋសរុបក្នុងសង្កាត់បានចូលរួម ប៉ុន្តែកន្លងមកយើងធ្វើអត់បានទេ គឺបានតែ១០%អីចឹងទៅ។ អ្វីជាឧបសគ្គ? បើនិយាយពីឧបសគ្គទី១ គាត់អត់ខ្វល់ ទី២ គាត់រវល់ការងារច្រើនអត់បានចូលរួមចឹងទៅ។
លោក ស៊ឺ ហៀក លើកឡើងថា ការអនុវត្តន៍ជាក់ស្តែងបើសិនជា ការអភិវឌ្ឍន៍នៅតំបន់ដែលជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ គឺមានការចូលរួមច្រើនពីពលរដ្ឋតែនៅតំបន់នោះ ហើយនឹងមានការដេញដោលសួរ ប៉ុន្តែពួកគេមិនសួរដេញដោលលើថវិកាសង្កាត់ទាំងស្រុងទេ«៖ធម្មតាផ្លូវមួយខ្សែ២០០ម៉ែត្រចឹង ផ្លូវពិបាកដូចគ្នា តែលុយយើងមានតែប៉ុណ្ណឹង ចឹងពលរដ្ឋដែលរស់នៅទីហ្នឹងគាត់ចូលរួមដែរ។ គាត់អាចលើកឡើងជាសំនួរថា ហេតុអ្វីគម្រោងមានតែប៉ុណ្ណឹង ផ្លូវទៅផ្ទះខ្ញុំម៉េចក៏អត់មាន? យើងក៏បានពន្យល់ប្រាប់ថា ថវិកាសង្កាត់យើងមានកំណត់! ចឹងបានគាត់យល់។ ពេលគាត់យល់ គាត់ថា មានអី ចឹងថ្ងៃក្រោយចាំដាក់ឲ្យខ្ញុំផង។»
ពលរដ្ឋម្នាក់ដែលរស់នៅទល់មុខសាលាសង្កាត់កំពង់ស្វាយ អ្នកស្រី ហេង ចន្ថា ថ្លែងថា គាត់បានដឹងខ្លះពីគម្រោងអភិវឌ្ឍន៍ គឺដឹងតគ្នាពីការធ្វើផ្លូវក្បែរផ្ទះគាត់ ចំណែកថវិកាចំណូលចំណាយរបស់សង្កាត់ទាំងស្រុងនោះគាត់មិនបានដឹងទេ។ ស្រ្តីរូបនេះ បញ្ជាក់ថា គាត់ធ្លាប់បានចូលរួមប្រជុំក្នុងសាលាសង្កាត់ដែរ តែមិនមែនប្រជុំ ពីថវិកាសង្កាត់ទេគឺប្រជុំ ពេលមានអង្គការសង្គមស៊ីវិលមកផ្សព្វផ្សាយអប់រំពីបញ្ហាផ្សេងៗ៖« បងមានដែលឮពីគម្រោងលុយអភិវឌ្ឍន៍របស់ឃុំ សង្កាត់ទេ? ខ្ញុំឮថា គេស្នើសុំលុយអភិវឌ្ឍន៍ផ្លូវនេះ ដូចខែប៉ុន្មានទេ ឮគេនិយាយ ដឹងមិនទាន់ច្បាស់។ ចុះមានដែលប្រជុំជាមួយសង្កាត់ទេ? ប្រជុំខ្ញុំចូលរួមជាមួយពេលមានអង្គការសង្គមស៊ីវិល រៀបចំផ្សព្វផ្សាយអប់រំអីចឹង។ បើនិយាយថាចូលរួមប្រជុំជាមួយអាជ្ញាធរ កម្រណាស់ ពលរដ្ឋយើងនេះ ភាគច្រើនរវល់។»
ជុំវិញការប្រជុំជាមួយប្រជាពលរដ្ឋនៅសាលាសង្កាត់កំពង់ស្វាយនេះ លោក ស៊ឺ ហៀក លើកឡើងថា ពលរដ្ឋបើគ្រាន់តែជូនដំណឹងទូទៅមិនព្រមចូលរួមទេ លុះត្រាតែមានការចេញលិខិតដាក់ឲ្យចំឈ្មោះ ទើបមានការចូលរួម៖ បើយើងគ្រាន់តែបិទប្រកាសថា ប្រជុំថ្ងៃនេះ ហើយសូមអញ្ជើញឲ្យចូលរួមនោះ គាត់អត់ចូលទេ។ ដល់យើងចេញលិខិតអញ្ជើញទៅ ចុចចំឈ្មោះក ឬ ឈ្មោះខ ចឹងបានមក ចឹងពលរដ្ឋយើងចម្លែកត្រង់ណឹង គាត់ថា មិនមែនជារឿងគាត់ ថានេះជារឿងរបស់សង្កាត់។ ធម្មតាការណែនាំរបស់គេ គេកំណត់ឲ្យដឹងការប្រជុំធ្វើឡើងពីថ្ងៃទី២៣ដល់២៥ ឡើងចុះតាមជាក់ស្តែងតាមថ្ងៃបុណ្យឬ សៅរ៍អាទិត្យចឹងទៅ។ ចឹងធម្មតាគេត្រូវដឹងហើយ។
ឥឡូវយើងពិនិត្យខ្លឹមសារច្បាប់ស្តីពីការគ្រប់គ្រង់ឃុំ សង្កាត់ ដែលចែងពាក់ព័ន្ធថវិកាឃុំសង្កាត់។
ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មាត្រា៧៩ ចែងថា ឃុំ សង្កាត់ត្រូវរៀបចំ និង អនុម័ត ថវិការរបស់ខ្លួនជារៀងរាល់ឆ្នាំ។ ថវិកាឃុំ សង្កាត់ត្រូវរៀបចំ ទៅតាមទម្រង់មួយ និងអនុម័ត នៅក្នុងការបរិច្ឆេទ ឬមុនកាលបរិច្ឆេទ មួយអនុលោមទៅតាមប្រព័ន្ធថវិកាជាតិ។ ថវិកាឃុំ សង្កាត់ត្រូវមានតុល្យភាពរវាងចំណូល សរុប និងចំណាយសរុប។ ឃុំសង្កាត់ អាចបង្កើនចំណាយបាន តែត្រូវឲ្យស្របទៅតាមចំណូលរបស់ខ្លួន។ ថវិកាឃុំ សង្កាត់ត្រូវឆ្លុះបញ្ចាំង អំពីអាទិភាព និងសេចក្តីត្រូវការនៃផែនការ អភិវឌ្ឍន៍ និង កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់។ នីតិវិធីនៃការរៀបចំ និង ការអនុម័តថវិកាខាងលើត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា ៨១នៃច្បាប់ដដែលចែងថា ឃុំសង្កាត់មានសិទ្ធិទទួលបាននូវការផ្ទេរ ទ្រព្យសម្បត្តិមួយផ្នែករបស់រដ្ឋមកជា ទ្រព្យសម្បត្តិរបស់ឃុំ សង្កាត់។ ឃុំសង្កាត់ត្រូវគ្រប់គ្រង ឲ្យបានល្អនូវទ្រព្យសម្បត្តិ ដែលរកបានដោយខ្លួនឯង និង ទ្រព្យសម្បត្តិដែលរដ្ឋបានប្រគល់ឲ្យ។ ឃុំសង្កាត់អាចប្រើប្រាស់ និងទាញយកផលចំណូលពីទ្រព្យសម្បត្តិដែលរដ្ឋបានប្រគល់ឲ្យខ្លួនគ្រប់គ្រង។ ឃុំ សង្កាត់ ត្រូវថែរក្សាការពារទ្រព្យសម្បត្តិ ដែលរដ្ឋប្រគល់ឲ្យៗបាន គង់វង្ស ហើយទ្រព្យសម្បត្តិទាំងនោះ ឃុំ សង្កាត់គ្មានសិទ្ធិលក់ដូរ ឬ ផ្ទេរកម្មសិទ្ធិ ឬ ផ្ទេរការប្រើប្រាស់ ដោយគ្មានការយល់ព្រមជាមុនពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្ទាប់ពីមានការឲ្យយោបល់ ឯកភាពរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឡើយ។ នីតិវិធីនៃការចាត់ចែង និង ប្រើប្រាស់ទ្រព្យសម្បត្តិខាងលើ ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៨៣នៃច្បាប់នេះចែងទៀតថា របបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ឃុំ សង្កាត់ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្ទាប់ពីបានពិភាក្សាឯកភាពលើគោលការណ៍ជាមួយក្រសួងមហាផ្ទៃ។
ចំណែកព្រឹត្តិបត្រព័ត៌មាន ចក្ខុវិស័យ របស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ ជ អ ប) ដែលចេញផ្សាយកាលពីខែមីនាឆ្នាំ២០១៥ ដែលផ្តោតលើការពង្រឹងការងារគណនេយ្យភាពរដ្ឋបាលថ្នាក់ក្រោមជាតិ បានផ្តោតសំខាន់លើសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍តាមមូលដ្ឋាន មានខ្លឹមសារថា៖ការពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិគឺ ជាសមាសធាតុដ៏សំខាន់មួយនៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ។ ពាក់ព័ន្ធ នឹង កិច្ចការនេះ គណនេយ្យ ភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិចំពោះ ប្រជាពលរដ្ឋ ត្រូវ បានពង្រឹងជាបណ្ដើរៗតាម រយៈការរៀបចំវេទិកាពិគ្រោះយោបល់ ជាសាធារណៈ និង ការ អនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីគណនេយ្យភាពសង្គម ដើម្បីធានាដល់ការបង្កើន ការប្រាស្រ័យទាក់ទង រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ និង ជំរុញអោយមានការចូលរួម បន្ថែមទៀត ពីប្រជាពលរដ្ឋ ក្នុងការតាមដានត្រួត ពិនិត្យទៅលើការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ទៅលើការផ្តល់ សេវា របស់អង្គភាព ផ្តល់សេវានានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង សន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា មូលហេតុដែលពលរដ្ឋមិនសូវបានដឹងពីការងារអភិវឌ្ឍន៍ ឬ ថវិការបស់ឃុំសង្កាត់នោះ ដោយសារតែពលរដ្ឋនៅមានអារម្មណ៍ភ័យខ្លាច ម្យ៉ាងមេឃុំ ចៅសង្កាត់មួយចំនួនមិនបង្កបរិយាកាសងាយស្រួលឲ្យពលរដ្ឋចូលរួមទេ៖ «ប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់និមួយៗ អត់មានបណ្តាញទាក់ទងគ្នាសម្រាប់ធ្វើការងារជាមួយឃុំ ឬ សង្កាត់។ រឿងហ្នឹងហើយជាបញ្ហាសំខាន់ គ្នាជា បុគ្គល ម៉េចហ៊ានទៅ ឃុំ សង្កាត់ទៅសួរនាំគេ! ទៅសួររកព័ត៌មានផ្សេងៗគ្នាខ្លាចទោះបីច្បាប់អនុញ្ញាតថា គាត់អាចលើកឡើងជាបុគ្គល គាត់អាចចូលប្រជុំជាបុគ្គល ប៉ុន្តែឥរិយាបថរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ក៏មិនសូវស្វាគមន៍ ចំពោះការទៅចង់ដឹងរឿងទាំងអស់នេះដែរ បាទ!។ »
លោក យង់ គិមអេង មើលឃើញថា កាលណាពលរដ្ឋមិនបានដឹងពីថវិកាឃុំសង្កាត់ មិនដឹងពីការអភិវឌ្ឍន៍នានានោះ ពួកគេនឹងមិនបានបង្ហាញពីតម្រូវការទៅឲ្យអាជ្ញាធរដឹងទេ ដូច្នេះលទ្ធផលនៃការអភិវឌ្ឍន៍នឹងមិនចំអ្វីដែលពលរដ្ឋក្នុងឃុំ សង្កាត់ត្រូវការនោះទេ៖« បើប្រជាពលរដ្ឋមិនដឹងផលអាក្រក់ទាក់ទងពលរដ្ឋខ្លួនឯងគឺ ធ្វើឲ្យខ្លួន មិនទទួលបានការអភិវឌ្ឍន៍តាមតម្រូវការខ្លួនឯងចង់បាន ដូចជាការត្រូវការប្រឡាយទឹក គេអភិវឌ្ឍន៍ផ្លូវអីចឹងទៅ!»
កញ្ចប់ថវិកានៅតាមឃុំសង្កាត់គឺអាស្រ័យលើការសម្រេចរបស់ថ្នាក់លើប្រចាំឆ្នាំផ្អែកលើតម្រូវការក្នុងមូលដ្ឋាន និង ថវិការបស់ជាតិ។ សម្រាប់ឆ្នាំ២០១៧ រដ្ឋាភិបាលគ្រោងបង្កើនការចំណាយថវិកាជាតិជិត១៧% បើធៀបនឹងឆ្នាំ២០១៦។៖រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើនថវិកាជាតិ សម្រាប់ឆ្នាំ២០១៧ ជិត ៧% នៃថវិកាជាតិ ៤៦០០លានដុល្លារឆ្នាំ២០១៦។
នេះ ជាការលើកឡើងរបស់លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសិក្ខាសាលាស្តីពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។
លោក រដ្ឋមន្ត្រី លើកឡើងថា ថវិកាជាតិ ឆ្នាំ២០១៧ នឹងបន្តតម្រង់ផ្តោតទៅលើការបង្កើនគុណភាពនៃសេវាសាធារណៈ សង្គម និងសេដ្ឋកិច្ច រួមមាន ការដំឡើងប្រាក់បៀរវត្សជូនមន្ត្រីរាជការ ការបង្កើនការវិនិយោគទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូចជាបង្កើនផលិតភាពសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ច ពង្រីងវិស័យអប់រំការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។
លោក យង់ គិមអេង ជំរុញឲ្យគណបក្សនយោបាយដែលមានមន្ត្រីជាប់ឆ្នោត ជាថ្នាក់ដឹកនាំឃុំ សង្កាត់ ត្រូវរៀបចំយុទ្ធសាស្ត្រឲ្យប្រជាពលរដ្ឋបានដឹងពីការចាត់ចែងលុយអភិវឌ្ឍន៍មូលដ្ឋានទាំងនោះ៖ «គណបក្សនយោបាយត្រូវមើលបញ្ហាទាំងអស់ហ្នឹង យើងមិនត្រូវទុកឲ្យឃុំ សង្កាត់យើងអនុវត្តតាមបែបបុរាណទេ គេដល់សម័យអាយធី សម័យបច្ចេកវិទ្យាអស់ហើយ ម្យ៉ាងទៀតមិនត្រូវទុកឲ្យឃុំសង្កាត់ជាកន្លែងដែលពលរដ្ឋភ័យខ្លាចនោះទេ គឺធ្វើឲ្យទៅជាកន្លែងផ្តល់នូវមិត្តភាព ភក្តីភាព ផ្តល់នូវអ្វីដែលគេហៅថា មេត្រីភាពសម្រាប់ប្រជាពលរដ្ឋ។»
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថា បច្ចុប្បន្នពលរដ្ឋមានការចាប់អារម្មណ៍ចង់ដឹងខ្លះពីថ្លៃសេវាសាធារណៈដូចជា ការធ្វើលិខិតស្នាមផ្សេងៗ ប៉ុន្តែលោកថា ចំណែកគម្រោងថវិកានិយោគរបស់ឃុំសង្កាត់ គឺពលរដ្ឋមិនសូវបានដឹងទេ។ លោក សន ជ័យថា បើខ្វះការយកចិត្តទុកដាក់ពីពលរដ្ឋនោះវា នឹងប៉ះពាល់ដល់គណនេយ្យសាធារណៈ៖« កិច្ចការមួយជាកិច្ចការសាធារណៈ ហើយបើមិនសូវមានការយកចិត្តទុកដាក់ពីប្រជាពលរដ្ឋគឺ វាប៉ះពាល់គណនេយ្យភាព បានន័យថា ការបំពេញការងាររបស់ឃុំ សង្កាត់ ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋហាក់ដូចជា មានកម្រិត។ មួយទៀតអាចជាទម្លាប់មួយទុកការសម្រេចចិត្តនោះ ជាការពឹងផ្អែក មានន័យថា ពលរដ្ឋយល់ថា ហូ! បោះឆ្នោតឲ្យឃុំ ហើយ ទុកឲ្យឃុំជាអ្នកសម្រេចទៅ យើងមិនចាំបាច់ឈឺឆ្កាលទេ គឺគេមិនឲ្យយើងដឹងទេ រឿងចឹងៗ។ ប៉ុន្តែនេះ ជាការយល់ច្រឡំហើយ ព្រោះថវិកាឃុំសង្កាត់ហ្នឹង ជាថវិកាធារណៈ ហើយវាក៏ជាលុយរបស់ពលរដ្ឋដែរ។»
កាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១២ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថ លោក គាត ឈន់ បានលើកឡើងពីគោលនយោបាយនៃការបង្កើនថវិកាឃុំសង្កាត់ ផ្អែកលើកំណើនសេដ្ឋកិច្ច។
លោក គាត ឈន់ លើកឡើងថា ក្រសួងបានអនុវត្តន៍មូលនិធិផ្ទេរឲ្យឃុំសង្កាត់ចំនួន ២, ៨០% នៃចំណូលថវិកាចរន្តនៃថវិកាជាតិ ហើយមូលនិធិក្រុងស្រុកត្រូវបានបង្កើត មានប្រមាណ ០, ៨០% សម្រាប់បីឆ្នាំដំបូង២០១២ ២០១៣ និង ២០១៤។ លោកបន្តថា មូលនិធិផ្ទេរឲ្យឃុំសង្កាត់ និងក្រុងស្រុក នេះមិនមែនសម្រាប់ការផ្ទេរមុខងារណាមួយនៅឡើយទេ គឺគ្រាន់តែជាមូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌសម្រាប់ប្រើប្រាស់តាមឆន្ទានុសិទ្ធិ ឬក្នុងអាណត្តិកិច្ចរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះ។ក្រៅពីមូលនិធិក្រុងស្រុក និងឃុំសង្កាត់ នៅក្នុងរយៈពេល១០ឆ្នាំនៃការអនុវត្តកម្មវិធីជាតិ ប្រព័ន្ធអន្តររដ្ឋបាលនៅមានការរៀបចំបង្កើតយន្តការផ្តល់ហិរញ្ញប្បទានមួយចំនួនថែមទៀត ។
ការវាយតម្លៃគោលនយោបាយវិមជ្ឈការដំណាក់កាលទី២ចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ដែលចេញផ្សាយដោយ អង្គការខុមហ្វ្រែលកាលពីខែកុម្ភះឆ្នាំ២០១៣ បានដឹងថា ការផ្ទេរកញ្ចប់ថវិកាតិចពេកដល់ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងដំណាក់កាលទី១វាបានបង្កជាឧបសគ្គធំដល់ ដំណាក់កាលទី២។ ប៉ុន្តែការសិក្សាបញ្ជាក់ថា ក្នុងដំណាក់កាលទី២មានការកើនឡើង គឺកើនពីឆ្នាំ២០០២ ១,៥ %ទៅឆ្នាំ២០១០ ២,២៨%នៃកំណើនថវិកាជាតិ ។របាយការណ៍វាយតម្លៃបញ្ជាក់ថា កញ្ចប់ថវិកាឃុំសង្កាត់មិនគ្រប់គ្រាន់តម្រូវការនៅមូលដ្ឋានទេ។
របាយការណ៍វាយតម្លៃរបស់ខុមហ្វ្រែលរកឃើញទៀតថា ការចូលរួមរបស់ប្រជាពលរដ្ឋមានកម្រិតទាបពេកបង្កការលំបាកក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។
ចំណែករបាយការណ៍សិក្សារបស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាចេញផ្សាយកាលពីឆ្នាំ២០១០ បង្ហាញថា មានប្រជាពលរដ្ឋតែ៤១%ប៉ុណ្ណោះដែលបានចូលរួមប្រជុំរៀបចំផែនការណ៍ថវិកាអភិវឌ្ឍន៍ឃុំ សង្កាត់ ហើយភាគច្រើននៃការចូលរួមរបស់ពួកគេនោះគឺមិនសូវមានគោលបំណងច្បាស់លាស់ទេ គឺគ្រាន់តែចូលរួមតាមការអញ្ជើញចំឈ្មោះរបស់ប្រធានភូមិតែប៉ុណ្ណោះ។
តាមរបាយការណ៍សិក្សា និង អ្នកស្រាវជ្រាវនានា បានរកឃើញប្រហាក់ប្រហែលគ្នាថា មូលហេតុដែលប្រជាពលរដ្ឋមិនសូវបានដឹងពីថវិកាឃុំ សង្កាត់គឺដោយសារតែ ប្រជាពលរដ្ឋខ្លួនឯងមិនយកចិត្តទុកដាក់ចង់ដឹង និងមូលហេតុមួយទៀតគឺអាជ្ញាធរមិនមានវិធីសាស្ត្រក្នុងការផ្សព្វផ្សាយ ឬ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋដឹងពីថវិកាឃុំសង្កាត់។ អ្នកខ្លះទៀតរកឃើញថា ឃុំ សង្កាត់ខ្លះមិនបើកទូលាយឲ្យពលរដ្ឋដឹងពីថវិកាឃុំសង្កាត់ទេ។
លោក សន ជ័យ ជំរុញឲ្យមន្ត្រីឃុំ សង្កាត់ និង ប្រជាពលរដ្ឋ បើកចំហ និង ចូលរួមពិភាក្សាឲ្យបានកាន់តែទូលាយថែមទៀត ដើម្បីបានផលប្រយោជន៍ទាំងសងខាងគឺពលរដ្ឋទទួលបានការអភិវឌ្ឍន៍ចំគោលដៅ ចំណែកឃុំ សង្កាត់ទទួលបានកិត្តិយសល្អក្នុងការដឹកនាំ ហើយការអនុម័តផ្តល់កញ្ចប់ថវិកាពីថ្នាក់លើក៏ទទួលបានកើនឡើងដែរ។