នៅល្ងាចម៉ោង៤ថ្ងៃទី៥ខែមិថុនានេះ សពរបស់លោក អ៊ិត សេដ្ឋា ដែលបានតម្កល់ធ្វើបុណ្យនៅវត្តជាប់វិទ្យាល័យនៅវត្តជាប់វិទ្យាល័យឫស្សីកែវ នឹងត្រូវកំណត់បូជាហើយ ដោយសារតែគ្រួសាររបស់លោកមិនមានលទ្ធភាពធ្វើបុណ្យច្រើនថ្ងៃ និងម្យ៉ាងមកពីសពរបស់លោកមានសភាពរលូយផ្នែកជើងដែលបង្កពីជំងឺមហារីក និងជំងឺទឹកនោមផ្អែមដល់កម្រិតធ្ងន់ផង។ អ៊ីចឹងហើយទើបការលាចាកលោករបស់លោកធ្វើឲ្យតារា និងមហាជនភាគច្រើនរំជួលចិត្ត ដោយសារមរណភាពរបស់លោកគឺលឿនពេក។ ក្នុងនោះនៅពេលបានស្ដាប់សម្ដីប៉ុន្មានម៉ាត់របស់អ្នកនាងខាត់ សុឃីម ដែលលោកបានផ្ដាំគឺរឹតតែធ្វើអោយម្នាក់ៗអាណិតលោក។
អ្នកនាង ខាត់ សុឃីម និយាយថា អ្នកនាងបានជួបសន្ទនាជាមួយលោក អ៊ិត សេដ្ឋា ក្នុងពេលថតកម្មវិធីជួបគ្នាចុងក្រោយគឺរង្វង់ជា៣ខែមុន ដោយក្នុងពេលអ្នកនាងបានកត់សម្គាល់ថាលោកមានសភាពឡើងលឿនភ្នែកនិងស្បែកខ្មៅ ហើយអ្នកនាងបានសួរសំណេះសំណាល។ អ្នកនាងថាលោកមិនប្រាប់អ្នកនាងថាលោកមានជំងឺអីនោះទេ ដោយគ្រាន់តែឆ្លើយតបអ្នកនាងថាលោកចេះតែឈឺនេះឈឺនោះ ហើយគេងមិនលក់ ដែលអ្នកនាងយល់ថា លោកមានបំណងមិនប្រាប់អោយដឹងពីស្ថានភាពលំបាករបស់លោកជាសាធារណៈ។
អ្នកនាងនិយាយថា៖ «កាលនឹងខ្ញុំសួរគាត់ថា បើឯងឈឺអី ហើយគាត់ចេះតែថាគាត់ឈឺតែចឹងនេះខ្លះនោះខ្លះ គឺអត់ប្រាប់យើងថាគាត់ឈឺអីទេ និយាយទៅគាត់លាក់ម្មង ប៉ុន្តែខ្ញុំដឹងថា បងសេដ្ឋាពីកែទ្រាំ បើអ្នកសិល្បៈខ្លះ តាមតែគាត់ពិបាកចឹងគឺប្រកាសសុំជំនួយអីហើយ តែមើលទៅគាត់ពូកែទ្រាំម្មង!»។
អ្នកនាងថា ស្រណោះជាងគេនៅពេលលោក បាននិយាយប្រាប់អ្នកនាងថា៖ «អាឃីមអើយ បង មិនដឹងស្លាប់ថ្ងៃណាទេ អូនឯងមិចៗជួយរកដីនៅម្ដុំបាសិទម្ដុំផ្ទះអូនឯងទុកអោយបងមួយដុំផង ទុកគ្រាន់តែចែកកូន!»។
អ្នកនាងថា ក្រោយពេលលោកនិយាយពាក្យនេះ អ្នកនាងក៏ចំអន់ទៅវិញថា៖ «បងឯងចេះតែនិយាយម្មង បងឯងនៅក្មេងចឹងទៅណា កុំភ័យបងចាំខ្ញុំរកអោយ!»។
អ្នកនាងថា ក្នុងពេលលោក អ៊ិត សេដ្ឋា ប្រាប់អោយរកដីទុកគ្រាន់តែចែកកូននោះគឺអ្នកនាងអត់បានដឹងថា លោកធ្លាក់ខ្លួនដល់ថ្នាក់ជួលផ្ទះគេនៅ ឬអស់ទ្រព្យអស់សម្បែងនោះទេ គឺនឹកស្មានថាលោកមានផ្ទះមានដីនៅភ្នំពេញជារបស់ផ្ទាល់ខ្លួនហើយ ហើយក៏មានបំណងចង់បានដីបន្ថែមទៀតនៅម្ដុំភ្នំបាសិតជិតនៅឯស្រុកកំណើតរបស់អ្នកនាងតែប៉ុណ្ណោះ។
អ្នកនាងនិយាយថា ក្រោយពេលដឹងថាលោក អ៊ិត សេដ្ឋា មានជំងឹធ្ងន់ធ្ងរហើយឈានដល់ស្លាប់ និងគ្មានទាំងផ្ទះសម្បែងផង ទើបអ្នកនាងដឹងថាអ្វីដែលលោកនិយាយប្រាប់អ្នកនាងកាលពីមុនគឺជាដឹងខ្លួនជា មុនថាលោកនឹងមានថ្ងៃនេះ ទើបលោកមានបំណងចង់បានដីមួយកន្លែងណាមួយដើម្បីទុកអោយកូនធ្វើជាបង្អែក។ អ្នកនាងនិយាយថា គ្រាន់តែបានដឹងពីព័ត៌មានរបស់លោក អ៊ិត សេដ្ឋា គឺអ្នកនាងនិយាយមិនរួច ហើយក៏ចង់ស្រក់ទឹកភ្នែកផងដែរ នៅពេលអ្នកនាងនឹកដល់សម្ដីរបស់លោកក្នុងពេលឆ្លងឆ្លើយ។
អ្នកនាងពោលថា បើបានដឹងមុនពីរឿងកម្សត់របស់លោក អ៊ិត សេដ្ឋា ម្ល៉េះអ្នកនាងនឹងស្វះស្វែងរកដីត្រង់ណាមួយដុំគ្រាន់អោយលោកមានជាបង្អែកទៅហើយ ដោយសារតែក្នុងពេលនោះអ្នកនាងយល់ថាលោកប្រហែលជាមានលទ្ធភាពនៅឡើយទេសម្រាប់ទិញដីតម្លៃសមល្មមទុកធ្វើជាទ្រព្យ ប៉ុន្តែមកពីអ្នកនាងយល់ថា លោកនិយាយថាលេង និងថាលោកគឺជាពិធីករល្បីអាចមិនចាប់អារម្មណ៍ចង់បានដីថោកៗនៅម្ដុំស្រុកអ្នកនាងនោះប៉ុន្មានទេ ទើបអ្នកនាងហីហី។
អ្នកនាងថា លោក អ៊ិត សេដ្ឋា ពិតជាមានគំនិតគិតគូចំពោះកូនៗ និងម្ដាយចាស់ ទើបលោករមែងធ្វើការទាំងឈឺទាំងជាដោយលោកសុខចិត្តធ្វើការរហូតដល់ថ្ងៃដួលស្លាប់ ដោយសារតែមិនបានប្រកាសគៀរគររកជំនួយព្រោះមិនចង់អោយគេមាក់ងាយ។ អ្នកនាងថា នេះជាជំហរគួរអោយគោរព ប៉ុន្តែបើលោកក្លាហានជាងនេះ ក៏ប្រហែលជាលោកមិនធ្លាក់ដល់សភាពជាប់បំណុលផងគ្មានផ្ទះសំបែងផង និងដល់ថ្នាក់គ្មានថវិកាមើលជំងឺរហូតបណ្ដាលអោយស្លាប់បែបនេះឡើយ។ អ្នកនាងខ្លោចិត្តដែលតារាសិល្បៈឲ្យតែខ្លួនចាស់ទៅគឺមានសភាពបែបនេះ ដែលអាចបណ្ដាលមកពីតារាភាគច្រើន ច្រើនដើរតួជាអ្នករកលុយតែម្នាក់ឯង ហើយត្រូវរ៉ាប់រងច្រើន ដល់ពេលធ្លាក់ខ្លួនក៏បាក់ជំហរ។ អ្នកនាងទទូចឲ្យតារាសិល្បៈ ដែលមានលទ្ធភាពរកចំណូលបានច្រើនប្រឹងប្រែងពង្រីកអាជីព ដូចជាបោះទុនរឿងនេះបោះទុនរឿងនោះកុំពឹងតែលើអាជីពសិល្បៈតែមួយមុខ។ ក្នុងនោះអ្នកនាងក៏ស្នើអោយតារាគ្រប់រូបកុំសប្បាយនឹងភាពល្បីឈ្មោះ ដោយគិតតែដើរផឹកស៊ី ដោយមិនគិតពីសុខភាពរបស់ខ្លួនផងដែរ ដើម្បីចាស់ទៅកុំអោយពិបាក។ យ៉ាងណាមិញ អ្នកនាងថាលោក អ៊ុត សេដ្ឋា អាចមានបន្ទុកត្រូវរាប់រង និងមានរឿងរ៉ាវផ្ទៃក្នុងគ្រួសារច្រើនយ៉ាងដែលមហាជនមិនបានដឹង ទើបលោកធ្លាក់ខ្លួនកម្សត់ ហួសពីការស្មានក្រោយពេលមរណភាព៕