អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បង្ហាញកង្វល់ពីការរឹតត្បិតសេរីភាពសារព័ត៌មាន នៅមុនការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបោះឆ្នោត កាលពីខែឧសភា ដោយហាមមិនឲ្យចុះផ្សាយព័ត៌មានដែលអាចនាំឲ្យមានការភ័ន្តច្រឡំ និង/ឬបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត ពោលផ្សាយព័ត៌មានដែលមានលក្ខណៈរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងបញ្ចេញមតិផ្ទាល់ខ្លួនជាដើម។
ក្នុងសេចក្តីប្រកាសព័ត៌មានដែល អ.ស.ប ប្រចាំនៅទីក្រុងហ្សឺណែវចុះផ្សាយកាលពីថ្ងៃទី១៤មិថុនាម្សិលមិញនេះ មន្រ្តីជំនាញសិទ្ធមនុស្សអង្គការនេះយល់ថាសេចក្តីប្រកាសរបស់ គ.ជ.ប ស្តីពីក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបោះឆ្នោតបានប៉ះពាល់ដល់សេរីភាពសារព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានដែល អ.ស.ប ប្រចាំនៅទីក្រុងហ្សឺណែវចុះផ្សាយកាលពីថ្ងៃទី១៤មិថុនា
លិខិតដដែលក៏អំពាវនាវទៅអាជ្ញាធរកម្ពុជាឲ្យគោរពនិងធានាសិទ្ធិសេរីភាព ដល់អ្នកសារព័ត៌មាន ដោយថាអ្នកសារព័ត៌មាន មានទំនួលខុសត្រូវក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាទាំងឡាយដែលកើតមានមុនពេលបោះឆ្នោត ជាពិសេសបញ្ហាចម្រូងចម្រាសនានា ដើម្បីជួយដល់អ្នកបោះឆ្នោតធ្វើការជ្រើសរើសមេដឹកនាំមួយ ដោយទទួលបានព័ត៌មានគ្រប់គ្រាន់។
លោកស្រី Anne Lemaistre ប្រធានអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានប្រាប់វីអូឌីថា អង្គការយូណេស្កូក៏ព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេរីភាពសារពត៌មាននៅពេលដែលការបោះឆ្នោតសកលនឹងមកដល់។
លោកស្រី Anne Lemaistre ប្រធានអង្គការយូណេស្កូប្រចាំនៅកម្ពុជា
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា អ.ស.ប គួរតែពិនិត្យឡើងវិញនូវក្រមសីលធម៌ដែលចេញផ្សាយកាលពីឆ្នាំ២០១៦នោះ ដោយថា គ.ជ.ប ធ្វើការឈរលើការអព្យាក្រិតស្របតាមច្បាប់។
លោកមានប្រសាសន៍ថា«សុំឲ្យពិនិត្យឡើងវិញនៅការចេញសេចក្តីថ្លែងការណ៍របស់ខ្លួន[អ.ស.ប] ពីព្រោះការរៀបចំជាបន្ទុករបស់ គ.ជ.ប ហើយផ្តល់ទំងន់តួនាទី និងការទទួលខុសត្រូវរបស់ គ.ជ.ប ដែលធានាភាពត្រឹមត្រូវក្នុងការបោះឆ្នោត»។
របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters without Borders) ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៨ កន្លងទៅ បង្ហាញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញលើបណ្ដាញផ្សព្វផ្សាយឯករាជ្យនៅមុនការបោះឆ្នោត ដូចជា ការដាក់សម្ពាធ និងមិនចេញប័ណ្ណឲ្យអ្នកសារព័ត៌មាន ការបិទកាសែតភាសាអង់គ្លេស ខេមឌា ដេលី ការផ្អាកដំណើរការវិទ្យុអាស៊ីសេរី និងការបិទស្ថានីយ៍វិទ្យុចំនួន៣២ កាលពីខែសីហាឆ្នាំមុន។