សហរដ្ឋអាមេរិកនៅតែចាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសដែលមានការជួញដូរមនុស្សដដែល បើទោះបីជាប្រទេសនេះខិតខំប្រឹងក្នុងការលុបបំបាត់ក៏ដោយ។
រដ្ឋាភិបាលអាមេរិកបានចាត់ថ្នាក់បែបនេះនៅក្នុងរបាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០១៨ ដែលចេញដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី២៨ ខែមិថុនាកន្លងមកនេះ។
ក្នុងរបាយការណ៍ដដែលនេះ ក្រសួងការបរទេសអាមេរិកបានចាត់ថ្នាក់ប្រទេសកម្ពុជាស្ថិតនៅក្នុងកម្រិតទី២ ដែលមានន័យថា រដ្ឋាភិបាលកម្ពុជាពុំទាន់លុបបំបាត់ទាំងស្រុងនូវការជួញដូរមនុស្សនៅឡើយទេ បើទោះបីជាត្រូវបានរកឃើញថា ប្រទេសនេះបានខិតខំប្រឹងប្រែងដើម្បីអនុវត្តតាមច្បាប់នេះហើយ។
ក្រសួងការបរទេសអាមេរិកបានលើកឡើងក្នុងរបាយការណ៍ដដែលនោះថា អំពើពុករលួយដ៏រីករាលដាលនៅក្នុងប្រទេសនេះ បន្តរារាំងដល់ការអនុវត្តច្បាប់ ដំណើរការតុលាការ និងការផ្ដល់សេវាដល់ជនរងគ្រោះ។
ក្រៅពីអំពើពុករលួយ ក្រសួងការបរទេសអាមេរិក បានលើកឡើងបន្តថា អាជ្ញាធរកម្ពុជាពុំបានចេញសេចក្ដីណែនាំផ្លូវការណាមួយសម្រាប់អនុញ្ញាតឲ្យប្រើប្រាស់បច្ចេកទេសស៊ើបអង្កេតដោយសម្ងាត់នៅក្នុងប្រតិបត្តិការប្រឆាំងការជួញដូរមនុស្សនៅឡើយទេ។
បើតាមរបាយការណ៍ដដែលនោះ បញ្ហានេះធ្វើឲ្យរាំងស្ទះដល់សមត្ថភាពប្រតិបត្តិការរបស់មន្ត្រី ក្នុងការនាំយកជនល្មើសជួញដូរមនុស្សទៅទទួលខុសត្រូវចំពោះមុខច្បាប់។
អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ថាការអៈអាងអំពី អំពើពុករលួយ និងការគ្មានវិធានការរបស់រដ្ឋចំពោះការទប់ស្កាត់អំពើជួញដូរមនុស្សរបស់កម្ពុជាក្នុងរបាយការណ៍នោះ គឺមិនត្រឹមត្រូវនោះទេ ប៉ុន្តែលោកស្រីយល់ស្របចំពោះការចាត់ចំណាត់ថ្នាក់នៃរបាយការណ៍នេះ។
អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង
នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី មានប្រសាសន៍យល់ស្របចំពោះការរកឃើញរបស់សហរដ្ឋអាមេរិក ដោយថារដ្ឋាភិបាលកម្ពុជាគួរមានវិធានការបន្ថែមទៀតចំពោះបញ្ហាទាំងពីរនេះ ជាពិសេសអំពើពុករលួយដែលលោកថាជាមូលហេតុចំបងដែលធ្វើឲ្យការជួញដូរមនុស្សនៅតែមាន។
នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី
បើតាមលោក ង៉ែត ធី ក្រៅពីពង្រឹងការអនុវត្តន៍ច្បាប់ដែលមានស្រាប់ អាជ្ញាធរកម្ពុជាគួរតែពង្រឹងការផ្សព្វផ្សាយ និងធ្វើយ៉ាងណាបង្កើតការងារ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជៀសវាងការធ្វើចំណាកស្រុកនោះ ការជួញដូរមនុស្សពិតជាអាចលុបបំបាត់បានច្រើន។
បើតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនោះ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ប្រសើរជាងប្រទេសភូមា ឡាវ និងម៉ាឡេស៊ី ខណៈដែលប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី នៅតែស្ថិតនៅក្នុងចំណោមប្រទេសដែលពុំទាន់លុបបំបាត់បានទាំងស្រុងនូវការជួញដូរមនុស្សនៅឡើយ។
អាមេរិកបានចាត់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្នុងចំណាត់ថ្នាក់បែបនេះអស់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៦មក៕