លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរម្លឹកពីគោលបំណងរបស់លោកក្នុងការជំរុញបណ្ដាប្រទេសនៅតាមតំបន់ទន្លេមេគង្គ ឲ្យបង្កើតជាសមាគមប្រទេសនាំចេញអង្ករ ដោយថា ដើម្បីជំរុញនូវការអភិវឌ្ឍកសិកម្មរបស់ប្រទេសក្នុងតំបន់ ឲ្យក្លាយជាជង្រុកស្រូវរបស់អាស៊ី។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ នៅប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើងថា បណ្ដាប្រទេសដែលជាសមាជិក ACMECS ទាំងអស់ដែលរួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា អាចក្លាយជាប្រទេសដែលមានកសិកម្មរីកចម្រើនខ្លាំង និងជាជង្រុកស្រូវរបស់អាស៊ី ប្រសិនជាប្រទេសទាំងនោះរួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ។
លោក ហ៊ុន សែន ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ AMRU Rice លោក សុង សារ៉ន គាំទ្រចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីដោយសង្ឃឹមថាសមាគមនេះនឹងអាចនាំឲ្យមានការរីកចំរើនវិស័យកសិកម្មកម្ពុជា ក៏ដូចជាជំរុញឲ្យមានស្ថិរភាពស្បៀងអាហារពិភពលោកផងដែរ តែលោកក៏បានបង្ហាញក្តីបារម្ភមួយចំនួនផងដែរ។
អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ AMRU Rice លោក សុង សារ៉ន
ទីប្រឹក្សាមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក លោក សម វិទូ យល់ថា ប្រសិនជាប្រទេសនៅតំបន់ទន្លេមេគង្គអាចបង្កើតជាសមាគមប្រទេសនាំចេញអង្ករបានមែន គឺកម្ពុជាអាចទទួលបានទីផ្សារច្រើន តែអ្វីដែលកម្ពុជាប្រឈមនោះ គឺបញ្ហាតម្លៃ ដោយសារកសិកម្មកម្ពុជាមានតម្លៃថ្លៃជាងប្រទេសនៅក្នុងតំបន់។
លោកមិនជឿថា ប្រទេសទាំងនោះនឹងយល់ស្របតាមការលើកឡើងរបស់លោក ហ៊ុន សែន នោះទេ ដោយថា បើធៀបពីសក្ដានុពលកសិកម្មនោះ គឺកម្ពុជាដើរក្រោយប្រទេសទាំងនោះច្រើនណាស់។
ទីប្រឹក្សាមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក លោក សម វិទូ
បើតាមលោក សម វិទូ កម្ពុជាគួរកែសម្រួលសេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំណេះពលរដ្ឋពីវិស័យកសិកម្មនេះ ឲ្យខ្លាំងក្លាសិនទើបអាចជំរុញឲ្យប្រទេសទាំងនោះចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសកាលពីដើមខែសីហាថា ប្រទេសកម្ពុជាជោគជ័យច្រើនលើវិស័យស្រូវអង្ករ បើទោះបីជាការនាំចេញទៅទីផ្សារអន្តរជាតិនៅរយៈពេល ៨ខែនៃឆ្នាំ២០១៨នេះ បានថយចុះក៏ដោយ។
ករណីនៃការនាំចេញថយចុះនេះ ត្រូវបានក្រសួងកសិកម្មបន្ទោសទៅលើសមត្ថភាពរបស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ ដែលថា ពុំមានឃ្លាំងស្តុកគ្រប់គ្រាន់សម្រាប់បម្រើដល់ការនាំចេញ។
យោងតាមគេហទំព័រ worldtopexports.com ប្រទេសនៅតំបន់ទន្លេមេគង្គដែលនាំចេញអង្ករច្រើនជាងគេមានថៃ និងវៀតណាម ខណៈកម្ពុជាឈរលេខរៀងទី៣ ដែលនៅពីលើប្រទេសមីយ៉ានម៉ា និងឡាវ។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម កម្ពុជានាំអង្ករជាង ៦៣ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០១៧កន្លងទៅ ឬកើនឡើង ១៧,៣ភាគរយ បើធៀបនឹងការនាំចេញកាលពីឆ្នាំ២០១៦៕