មេដឹកនាំមីយ៉ាន់ បាននិយាយនៅថ្ងៃនេះក្នុងន័យការពារក្រុមយោធាដែលបង្រ្កាបទៅលើជនជាតិរ៉ូហ៊ីងយ៉ាថាសកម្មភាពដែលក្រុមយោធាធ្វើកន្លងមកគឺដើម្បីរក្សាសន្តិសុខនិងស្ថិរភាពយូរអង្វែងនៅរដ្ឋរ៉ាឃីន។
លោកស្រី អង់សាន ស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាបានថ្លែងបែបនេះក្នុងវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅប្រទេសវៀតណាមកាលពីម្សិលមិញ។ មេដឹកនាំមីយ៉ាន់ម៉ារូបនេះយល់ថាអ្វីដែលក្រុមយោធាបានធ្វើគឺដើម្បីពង្រឹងនីតិរដ្ឋនៅក្នុងរដ្ឋរ៉ាឃីន។
លោកស្រី អង់សាន ស៊ូជី ក៏បានលើកឡើងផងដែរថានៅក្នុងរដ្ឋរ៉ាឃីនមានជនជាតិភាគតិចជាច្រើនដែលកាន់សាសនាផ្សេងៗគ្នា ជនជាតិខ្លះកំពុងតែជួបបញ្ហាដូចគ្នា មូលហេតុអ្វីបានជាពិភពលោកមិនចាប់ហើយចាប់អារម្មណ៍តែពីជនជាតិរ៉ូហ៊ីងយ៉ាងដែលកាន់សាសនាឥស្លាមទៅវិញ។ លោកស្រីបន្តថារដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវតែយកចិត្តទុកដាក់ធានាសុវត្ថិភាពដល់ជនជាតិភាគតិចនីមួយៗឲ្យបានស្នើគ្នា ដូច្នេះហើយរដ្ឋាភិបាលត្រូវធានាឲ្យបានពីសន្តិសុខនិងស្ថិរភាពរបស់ពួកគេទាំងនោះ។ អ្នកស្រីក៏បានបន្ថែមថាសន្តិភាពនិងការរីកចម្រើនជាធាតុផ្សំពីរដែលមិនអាចចែកដាច់ចេញពីគ្នានោះទេ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយមេដឹកនាំមីយ៉ាន់ម៉ារូបនេះ ក៏នៅតែយល់ថាក្រុមយោធាអាចរកវិធីណាមួយដែលប្រសើរជាងការបង្រ្កាបដោយកម្លាំងទៅលើក្រុមជនជាតិរ៉ូហ៊ីងយ៉ា។
លោកស្រី អង់សាន ស៊ូជី ត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សនិងមេដឹកនាំប្រទេសប្រជាធិបតេយ្យមួយចំនួនរិះគន់យ៉ាងខ្លាំងដោយសារតែការរក្សាភាពស្ងៀុុមស្ងាត់របស់លោកស្រីពីករណីបង្រ្កាបលើជនជាតិរ៉ូហ៊ីងយ៉ា។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK កាលពីខែមិថុនាកន្លងទៅមេដឹកនាំមីយ៉ាន់ម៉ារូបនេះបានឆ្លើយយ៉ាងខ្លីថា មានមនុស្សតិចតួចប៉ុណ្ណោះនៅលើពិភភលោកដែលដឹងពីប្រវត្តិទាក់ទងនឹងបញ្ហាជនជាតិរ៉ូហ៊ីងយ៉ានេះ។
ក្នុងកិច្ចពិភាក្សាតុមូលនៃវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានកាលពីម្សិលមិញដែរ នាយករដ្ឋមន្រ្តីកម្ពុជា បានយកឱកាសការពារសកម្មភាពកន្លងមករបស់ប្រទេសមីយ៉ាន់ម៉ា និងថាប្រទេសក្នុងតំបន់ទន្លេមេគង្គសុទ្ធតែអ្នករងគ្រោះក្នុងរឿងនយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កាលពីចុងខែសីហាក្រុមមន្ត្រីជំនាញរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលធ្វើការសិក្សាស្វែងរកការពិតនៃការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាឃីន បានរកឃើញថា ប្រមុខកងទ័ពមីយ៉ាន់ម៉ាឧត្តមសេនី មីន អូង ឡាំង និងមន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍ក្រោមបង្គាប់លោក៥នាក់ទៀតមានចេតនាប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា និងឧក្រិដ្ឋសង្រ្គាមប្រឆាំងជនជាតិនេះ។
ប្រទេសជាសមាជិកអចិន្រ្តៃយ៍និងមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយចំនួនទៀតមានដូចជា បារាំង អង់គ្លេស គុយវ៉េត ហូឡង់ និងស៊ុយអែត បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬក៏បង្កើតតុលាការណាមួយ ដើម្បីជំនុំជម្រះក្រុមមន្រ្តីយោធោជាន់ខ្ពស់ទាំង៦នាក់នោះ៕