សភាអឺរ៉ុបនៅសប្តាហ៍មុន បានបន្តទុកពេលឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា ពិចារណាពីការស្តារប្រជាធិបតេយ្យឡើងវិញ មុនឈានទៅដល់ការអនុវត្តវិធានការនានា រួមទាំងការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា EBA។
ការព្រមានជាថ្មីទៀតរបស់សភាអឺរ៉ុបនេះ បានកើតឡើងក្រោយពីជំរុញញឹកញាប់ តែស្ថានការណ៍នយោបាយនៅកម្ពុជាហាក់គ្មានអ្វីប្រែប្រួល តាមការចង់បានរបស់ខ្លួន ដោយអតីតបក្សប្រឆាំងនៅតែត្រូវគេផាត់ចេញពីឆាកនយោបាយដដែល។
តាមសេចក្តីសម្រេចរបស់សភាអឺរ៉ុប ទាមទារឲ្យរដ្ឋាភិបាលរបស់ខ្លួនដាក់ទណ្ឌកម្មច្រើនចំណុច លើរដ្ឋាភិបាលកម្ពុជា រួមទាំងប្រព័ន្ធអនុគ្រោះពន្ធ បើសិនជាសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីពនៅតែត្រូវបានរឹតត្បិត។
អឺរ៉ុបក៏ទាមទារឲ្យទម្លាក់ការចោទប្រកាន់ទាំងស្រុង លើអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និង លោក សម រង្ស៊ី ផងដែរ។
ក្រៅពីនេះ ក្រុមប្រទេសលោកសេរីដែលមានសមាជិកចំនួន ២៨ប្រទេសមួយនេះ ជំរុញឲ្យរដ្ឋាភិបាលរបស់ខ្លួន រៀបចំបញ្ជីឈ្មោះមន្ត្រីកម្ពុជា ជាប់ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ អ្នកចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មទិដ្ឋាការផងដែរ។
មួយវិញទៀតលោក សម រង្ស៊ី ដែលត្រូវបានអនុញ្ញាតិឲ្យចូលស្តាប់ក្នុងកិច្ចប្រជុំនោះដែរ បានសរសេរលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែកញ្ញានេះថា តំណាងរាស្ត្រខ្លះរបស់អឺរ៉ុប បានស្នើព្យួរអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាតិបណ្តោះអាសន្ត អំឡុងពេលតាមដានការស្តារប្រជាធិបតេយ្យឡើងវិញនេះ។
តើវិធានការចង់ឲ្យស្តារប្រជាធិបតេយ្យនៅកម្ពុជារបស់អឺរ៉ុបនេះ មានឥទ្ធិពលទេ?
សហភាពអឺរ៉ុប បានកំណត់មិនយកពន្ធលើផលិតផលគ្រប់យ៉ាងលើកលែងតែអាវុធ ដែលកម្ពុជានាំទៅលក់នៅទីផ្សាររបស់ខ្លួន។ ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ធ្វើឲ្យសហភាពអឺរ៉ុបក្លាយជាទីផ្សារដ៏ធំមួយ សម្រាប់កម្ពុជានាំផលិតផលកាត់ដេរ ទៅលក់នៅទីនោះដោយរួចពន្ធរាប់រយលានដុល្លារក្នុង ១ឆ្នាំៗ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូស័ក្តិ រាយការណ៍បា្រប់នាយករដ្ឋមន្ត្រីអំឡុងចុងឆ្នំា២០១៧ថា កម្ពុជាទទួលបានផលប្រយោជន៍ប្រមាណ ៧០០លានដុល្លារ ក្នុងឆ្នាំ២០១៦ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបនេះ។
របាយការណ៍របស់គណៈកម្មការអឺរ៉ុប ចេញផ្សាយកាលពីខែមេសាកន្លងទៅថា កម្ពុជាបាននាំចេញទំនិញទៅសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង ៦ពាន់លានដុល្លា។
ប្រព័ន្ធអនុគ្រោះពន្ធនេះ បានភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ អនុឡោមតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា និយាយថា បើគេពិនិត្យមើលពីសក្តានុពលនៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុប លោកវិភាគថា អឺរ៉ុបនៅតែមានឥទ្ធិពលក្នុងការជំរុញឲ្យមានការចរចានយោបាយនៅកម្ពុជា ដោយថា ទំនិញស្ទើរតែទាំងអស់របស់កម្ពុជាស្ថិតនៅលើទីផ្សារអឺរ៉ុប និងអាមេរិក ពិសេសផលិតផលកាត់ដេរ។
អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ ធ្លាប់ប្រាប់VODថា ប្រព័ន្ធអនុគ្រោះពន្ធ បានផ្តល់អត្រាកំណើនសេដ្ឋកិច្ចដល់កម្ពុជាដល់ទៅ ៤០% និងផ្តល់លទ្ធភាពប្រកួតប្រជែងផ្នែកវិស័យកាត់ដេរ ជាមួយប្រទេសក្នុងតំបន់។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះពន្យល់ថា ប្រព័ន្ធអនុគ្រោះពន្ធនេះជាប្រភពផ្តល់ទីផ្សារការងារ សម្រាប់កម្មករខ្មែរជាង ៨០ម៉ឺននាក់ផងដែរ។
លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើវិធានការអឺរ៉ុបឈានទៅបង្កកទ្រព្យសម្បត្តិមន្ត្រីមួយចំនួនមែននោះ ជាការកាត់ផ្តាច់ឫសកែវសេដ្ឋកិច្ចមួយទៀតដល់រដ្ឋាភិបាល។
អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា
ទោះជាយ៉ាងណា របត់នយោបាយនៅកម្ពុជា បានជំរុញឲ្យមហាអំណាចចិន ហាក់ចូលកាន់តែកៀកបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចិនមិនគ្រាន់តែប្រកាសគាំទ្រពីជម្រើសនយោបាយរបស់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ មហាអំណាចលំដាប់សេដ្ឋកិច្ចមួយនេះ ថែមទាំងប្រកាសផ្តល់បទពិសោធន៍ពីការដឹកនាំប្រទេស និងការអភិឌ្ឍបែបចេរភាព ដល់គណបក្សប្រជាជន ដែលកំពុងឈ្នះការបោះឆ្នោតក្រោមសំឡេងរិះគន់របស់ក្រុមប្រទេសលោកសេរីនេះទៀតផង។
អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី វិភាគថា ការហក់ឡើងប្រជាប្រិយភាពជាបន្តបន្ទាប់របស់គណបក្សប្រឆាំងនៅឆ្នាំ២០១៣ និង២០១៧ អាចជាដើមចមសំខាន់មួយ ជំរុញឲ្យគណបក្សនេះ ត្រូវបានគេរំលាយមុនបោះឆ្នោតឆ្នាំ២០១៨មកដល់។
លោក មាស នី វិភាគថា ភាពភ័យខ្លាចនេះ អាចជាឧបសគ្គនៃការចរចា បើអ្នកនយោបាយខ្មែរមិនបង្កើនការទុកចិត្តគ្នាទៅវិញទៅមក បើទោះលោកគិតថា ប្រទេសលោកសេរី នៅតែជាកត្តានុពលនៃប្រភពរកប្រាក់ចំណូលរបស់កម្ពុជាក៏ដោយ។
ប៉ុន្តែ អ្នកវិភាគរូបនេះព្រមានថា ជាហានិភ័យរបស់កម្ពុជា បើអ្នកនយោបាយជ្រើសយកការភ័យខ្លាចហើយទៅចាប់ចិនតែមួយ។
អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី
យ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន សរសេរលើបណ្តាញសង្គមតេឡេក្រាមកាលពីថ្ងៃទី១៥ ខែកញ្ញាថា ការស្នើឲ្យទម្លាក់ចោលការចោទប្រកាន់ កឹម សុខា មិនអាចធ្វើទៅបានទេ ដោយថា សំណុំរឿងនេះកំពុងស្ថិតនៅលើដៃតុលាការនៅឡើយ។
មួយវិញទៀតការផ្តល់ តំណែងក្រុមប្រឹក្សាខេត្ត រាជធានីក្រុងស្រុក-ខណ្ឌ និងឃុំសង្កាត់ឲ្យបក្សប្រឆាំងវិញ ក៏មិនអាចទៅរួចដែរ ដោយថា បើបានបែងចែកតាមច្បាប់កម្ពុជារួចអស់ហើយនោះ និងថា រាជរដ្ឋាភិបាលកម្ពុជានៅបន្តអនុវត្តន៍វិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលល្មើសច្បាប់ដើម្បីពង្រឹងនីតិរដ្ឋ។
ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងកាលពីមុនបោះឆ្នោតថា បរទេសមិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ហើយថា កម្ពុជានឹងប្រឹងប្រែងដោយខ្លួនឯង ដូចសម័យដែលលោកធ្លាប់ដឹកនាំកម្លាំងតស៊ូផ្តួលរំលំរបបខ្មែរក្រហមបើមានសម្ពាធពីបរទេស។
ប៉ុន្តែ លោក ឯម សុវណ្ណារ៉ា វិភាគថា ជម្រើសណាមួយ ដែលរដ្ឋាភិបាលដើរចេញពីប្រទេសលោកសេរី អាចជាការជំរុញកម្ពុជាឲ្យប្រឈមនឹងការបែកបាក់ជាតិកាន់តែខ្លាំង។
អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា
សរុបទៅអ្នកវិភាគថា ឥទ្ធិពលរបស់សហភាពអឺរ៉ុប នៅតែជាក្តីកង្វល់របស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែថា ដំណើរឆ្ពោះទៅរកការចរចាស្វែងរកការផ្សះផ្សាជាតិ និងស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ស្ថិតនៅលើឆន្ទះរបស់បក្សកាន់អំណាចថា តើពួកគេបានតម្កល់ប្រយោជន៍ជាតិកម្រិតណា៕