ស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហាញរបាយការណ៍ថា គ្រឿងញៀន និងសារធាតុញៀន ដែលប្រមូលបានពីការចុះបង្ក្រាបនៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ក្នុងរាជធានីភ្នំពេញ កាលពីយប់មិញមានចំនួនជិត៥០គីឡូក្រាម។
លោក ស ថេត សរសេរនៅលើហ្វេសប៊ុករបស់លោកថា ការបង្ក្រាបទីតាំងកំសាន្តមួយនេះមានទាំងជនជាតិចិននិងខ្មែរ ហើយមានសារធាតុញៀន និងគ្រឿងញៀនជិត៥០គីឡូក្រាម។
លោក ស ថេត៖«យប់មិញ ខ្ញុំ និងស្នងការរងជាច្រើនរូប ព្រមទាំងកម្លាំងជំនាញចម្រុះ បានចុះបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង៣០០នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ២ខាំ ជញ្ជីងថ្លឺងគ្រឿងញៀន ១២ និងកំាភ្លើងខ្លី១ដើម។»
មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា បទល្មើសគ្រឿងញៀនសរុបជាង ៨ពាន់ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅទូទាំងប្រទេសគិតចាប់តាំងពីដើមខែមករា រហូតដល់ត្រឹមថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះបទល្មើសជួញដូរមានចំនួន ៥ ០៥១ករណី និងបានឃាត់ខ្លួនអ្នកពាក់ព័ន្ធជា១ម៉ឺន៦ពាន់នាក់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាធ្ងន់ធ្ងរនៅក្នុងសង្គមបច្ចុប្បន្ន ដោយសារតែវាបានរាលដាលដល់តំបន់ជនបទដាច់ស្រយាល។