
កម្ពុជានិងរុស្ស៊ីចុះហត្ថលេខាលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិល
រដ្ឋាភិបាលកម្ពុជានិងរុស្ស៊ីកាលពីថ្ងៃអង្គារបានចុះកិច្ចព្រមព្រៀងលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិល ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅចំពោះមុខសមភាគីរបស់ខ្លួនថាកម្ពុជានឹងមិនអនុញ្ញាតឲ្យមានការសាយភាយអាវុធនុយក្លេអ៊ែរនោះទេ។នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែននិងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន៨ នៅទីក្រុងមូស្កូ សហព័ន្ធរុស្ស៊ី កាលពីថ្ងៃអង្គារ។ កិច្ចព្រមព្រៀងទាំងនោះមានដូចជាកិច្ចសហការលើបច្ចេកទេសយោធា អនុស្សរណៈយោគយល់លើប្រព័ន្ធទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយ អនុស្សរណៈយោគយល់ពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជានិងអនុស្សរណៈយោគយល់ស្តីពីការបង្កើតក្រុមការងារកម្ពុជា-រុស្ស៊ី ចំពោះកិច្ចសហការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិលជាដើម។