មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ឃ្លាំង ហួត បានគំរាមវីអូឌី ដែលសួររឿងសារបែកធ្លាយរបស់ លោក ហ៊ុន សែន ដែលបញ្ជាឱ្យចាប់ខ្លួនសកម្មជនសង្គម លោក ផន់ ផាន់ណា រួមទាំងសុំការឆ្លើយតប ជុំវិញការដែលគេភ្ជាប់មន្ត្រីរូបនេះ ទៅនឹងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា។
សំណុំរឿងឃាតកម្មតំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវអ្នកនយោបាយថៃ អ្នកស្រី ស៊ីថាន់ណុន (Sitanun Satsaksit) បានបង្ហោះសារលើហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែមករានេះ ដោយនិយាយថា លោក ហួត គឺជាកូនចៅជំនិតរបស់ លោក ហ៊ុន សែន និងមានទំនាក់ទំនងល្អយ៉ាងស្អិតរមួត ជាមួយលោក ថាក់ ស៊ីន និងសមាជិកគណបក្សភឿថៃ។
ដូចគ្នានេះដែរ បើតាមវីដេអូឃ្លីបមួយ ដែលគេចែកចាយលើបណ្តាញសង្គម ជាភាសាថៃ បាននិយាយថា ករណីឃាតកម្មលើ លោក លិម គិមយ៉ា ជារឿងជម្លោះនយោបាយផ្ទៃក្នុងកម្ពុជា អាចមានជាប់ពាក់ព័ន្ធអ្នកមានឥទ្ធិពលធំនៅប្រទេសកម្ពុជា។
ប្រភពបន្តនោះចោទជាសំណួរថា តើ លោក ស៊ុមវ៉ាំង ឬលោក លី រតនៈរស្មី អាចមានជាប់ពាក់ព័ន្ធនឹងលោក ឃ្លាំង ហួត មនុស្សជំនិតអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ទេ។
ប្រភពដែលគូសបញ្ជាក់ថា លោក ឃ្លាំង ហួត គឺជាមនុស្សមានឥទ្ធិពលធំ មានទំនាក់ទំនងជិតស្និត ជាមួយក្រុមអាវក្រហមថៃ និងលោក ថាក់ស៊ីន យ៉ាងខ្លាំងបែបនេះ។
ប្រភពថា «ច្បាស់លាស់ណាស់ បើវាស់ពីឥទ្ធិពល បារមី មិនបាច់ធ្វើការសង្កេតទេ លោក ហួត បុគ្គលនេះអាចនៅពីខាងក្រោយខ្នង លោក ស៊ុមវ៉ាំង ឬបងវ៉ាំង ប៉ោយប៉ែត ជាអ្នកមានព្រះគុណលើលោក អ៊ែកកាឡាក់ ផែណយ ច្បាស់ណាស់»។
ប្រភពឱ្យដឹងទៀតថា លោក ឃ្លាំង ហួត ជាដៃស្តាំរបស់ លោក ហ៊ុន សែន មានទំនាក់ទំនងស្និតរមួតជាមួយក្រុមអាវក្រហមបក្សភឿថៃ និងធ្លាប់ជួយផ្គត់ផ្គង់ ពួកគេក្រោយមានជម្លោះនយោបាយថៃផងដែរ។
ប្រភពបន្តថា បើវាស់ពីឥទ្ធិពល លោក ឃ្លាំង ហួត នៅប្រទេសថៃ អាចគ្របដណ្តប់លើ លោក ស៊ុមវ៉ាំង ខណៈលោក ហួត ចេះភាសាថៃច្បាស់ និងមានទំនាក់ទំនងជាមួយបណ្តាញជនជាតិថៃ ជាច្រើនផងដែរ។
ប្រភពថា «តែសម្រាប់ករណីឃាតកម្មនេះ លោក ថាក់ស៊ីន នៅស្ងៀម ទាំងដែលរឿងនេះជារឿងដ៏ធំបំផុតរវាងប្រទេសនិងប្រទេស ជាប់ពាក់ព័ន្ធនឹងដែនអធិបតេយ្យរបស់ប្រទេស លោក ថាក់ស៊ីន ដូចខ្មោចបិទមាត់ មិនហ៊ាននិយាយអ្វីទាំងអស់ វាខុសពីធម្មតាឬទេ ធ្វើឱ្យគេសង្ស័យរវាងលោក ហ៊ុន សែន លោក ហួត និងលោក ថាក់ស៊ីន មានអ្វីអាថិ៍កំបាំង គួរឱ្យសង្ស័យឬទេ»។
ជុំវិញបញ្ហានេះ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត និយាយប្រាប់វីអូឌីនៅថ្ងៃទី១៥ ខែមករានេះថា លោកឃើញសារចោទប្រកាន់ខ្លះភ្ជាប់ជាមួយរូបលោក ប៉ុន្តែលោកបានបដិសេធថា លោកមិនបានពាក់ព័ន្ធនឹងករណីឃាតកម្មលើ លោក លិម គិមយ៉ា នោះទេ។
លោកថា៖«ខ្ញុំឃើញដែរ គេដាក់ថា ហួត តែគេអត់មានប្រាប់ត្រកូលទេ ហើយ ហួត ហ្នឹងពេលរូបហ្នឹងគេដាក់ ឯកឧត្តម ហួត ហៃ ទៀតនោះ។ តែកន្លែងខ្លះមានរូបខ្ញុំ កន្លែងខ្លះអត់មានរូបខ្ញុំទេ មានរូប ហួត ហៃទី១។ ទី២ ខ្ញុំកាន់ព្រះពុទ្ធសាសនា បើនិយាយចេះទេ បើខ្ញុំពាក់ព័ន្ធនឹងរឿងហ្នឹង ឱ្យខ្ញុំព្រះធរណីស្រូបទៅចុះ កុំនិយាយច្រើន ហើយខ្ញុំឃើញក៏សើចតែប៉ុណ្ណើង»។
កន្លងទៅ មានសារបែកធ្លាយរបស់ លោក ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនសកម្មជនសង្គម លោក ផន់ ផាន់ណា ដែលសង្ងំលាក់ខ្លួននៅប្រទេសថៃ។
សារបែកធ្លាយនោះ លោក ហ៊ុន សែន ប្រើពាក្យថាអាហូត ត្រូវចាប់ ផន់ ផាន់ណា ឱ្យបានកុំឱ្យរត់រួច ទោះ ផន់ ផាន់ណា នេះ ក្លាយជាសាកសពក្តី ត្រូវបញ្ជូនទៅកម្ពុជា។
ការចេញបញ្ជារបស់ លោក ហ៊ុន សែន នេះចំពេលដែល លោក ផន់ ផាន់ណា សង្ខំលាក់ខ្លួននៅក្នុងប្រទេសថៃ នឹងបានប្រើបណ្តាញសង្គម បំផុសឱ្យយុវជនខ្មែរ ចូលរួមឈឺឆ្អាលការការពារបូរណភាពទឹកដី ជុំវិញគម្រោងអភិវឌ្ឍន៍តាមព្រំដែនកម្ពុជាវៀតណាម ឡាវ (CLV ) ដែលរងការរិះគន់ថា មេដឹកនាំខ្មែរកំពុងអនុវត្តមហិច្ចតាវៀតណាមលេបទឹកដី។
សំឡេង «(ឃ្លាំង) ហួត ត្រូវទទួលខុសត្រូវ ទៅលើការងារនេះឲ្យធ្វើការជាមួយនគរបាលថៃ ហើយក្រុមអាវក្រហមក៏ត្រូវតែចូលរួម ដែលយើងមានការសហការល្អជាមួយ យើងត្រូវធ្វើសកម្មភាពនេះផងដែរ។ ហើយដែលធ្វើសកម្មភាពដាច់ដោយឡែក ពីនគរបាលថៃ និងកម្លាំងយើងផ្ទាល់ ក៏ត្រូវតាមយកមួយនេះឲ្យបាន បើទោះបីដោយតម្លៃណាក៏ដោយ ក៏រស់ ឬស្លាប់យើងអត់ដឹង ចេះតែដឹងថាមួយហ្នឹង គឺមិនអាចទៅណាមិនឲ្យចេញទៅណាបាន ដូច្នេះត្រូវអនុវត្តវិធានការនេះ ជាបន្ទាន់ដាច់ខាត មិនឱ្យអា ផន បញ្ញា នេះរួចខ្លួនបានទេ»។
ជុំវិញសារបែកធ្លាយនេះ វីអូឌី ក៏បានសួរបញ្ជាក់លោក ឃ្លាំង ហួត ថាតើសាររបស់ លោក ហ៊ុន សែន ដែលបញ្ជានោះ គឺជាឈ្មោះរបស់លោកឬទេ? លោកបដិសេធ និងគំរាម។
លោកថា៖ «លោកឯងបើនៅស្រុកខ្មែរវិញ អញប្តឹងចូលគុកប៉ាដោយ ត្រកូលអញឈ្មោះ ឃ្លាំង ហួត មិនមែនអាហួតទេ ត្រកូលឈ្មោះ ឃ្លាំង ហួត មិនមែនអាហួតទេ ទី១។ ទី២ អាសំឡេងហ្នឹង ឱ្យស្គាល់សម្តេចតេជោ កាលណាលោកធ្វើការអ្វី លោកមិនទៅបញ្ជាអីណា ទៅបញ្ចេញសំឡេងវោកវាក់អីចឹងទេ ជាចរិតលោកគ្រប់គ្រងប្រទេស៤០ឆ្នាំជាងនោះ។ អាសំឡេងហ្នឹង អ្នកដែលបានប្រយោជន៍ គឺអស់លោកទេ»។
យ៉ាងណា លោក ហ៊ុន សែន បានបរាជ័យក្នុងការបញ្ជាឱ្យតាមប្រមាញ់ចាប់ លោក ផន់ ផាន់ណា ខណៈពេលនេះ លោក ផន់ ផាន់ណា បាននិរទេសខ្លួនមកដល់សហរដ្ឋអាមេរិក ដោយសុវត្ថិភាព។
ដោយឡែក ករណីឃាតកម្មលើ លោក លិម គិមយ៉ា អ្នកនយបាយថៃមួយចំនួនបានផុសរូប លោក ឃ្លាំង ហួត ភ្ជាប់នឹងការសង្ស័យក្នុងសំណុំរឿងឃាតកម្មនេះ ។
កាលថ្ងៃទី១៥ ខែមករា នគរបាលអន្តរជាតិ អាំងទែប៉ូល (Interpol) បានចេញនិវេទន៍ក្រហម(Red notice) ឱ្យស្វែងរកចាប់ខ្លួនអ្នកផ្តល់តម្រុយឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ។
ដោយឡែក តុលាការព្រហ្មទណ្ឌថៃ ក៏បានចេញដីកាឱ្យតាមចាប់ខ្លួនជនសង្ស័យ លី រតនៈរស្មី តាមចម្លើយសារភាពរបស់ខ្មាន់កាំភ្លើង ដែល លី រតនៈរស្មី ត្រូវបានលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាទីប្រឹក្សានៅដើមឆ្នាំ២០២៤។
កាលពីថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវឃាតករបាញ់ប្រហារនៅក្បែរទីតាំង Wat Bowonniwet Vihara នៃទីក្រុងបាងក ប្រទេសថៃ។ លោក លិម គិមយ៉ា ដែលមានវ័យ ៧៣ឆ្នាំ បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្រោយរងការបាញ់ប្រហារចំនួន៣គ្រាប់។
ក្រោមការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាចកម្ពុជាជាង៤ទសវត្សរ៍ទៅនេះ មនុស្សជាច្រើនត្រូវបានគេបាញ់សម្លាប់ ក្នុងនោះមានទាំងអ្នកសារព័ត៌មាន ព្រះតេជគុណធម្មវិបស្សនា សំ ប៊ុនធឿន មេដឹកនាំសហជីពសេរីកម្មករលោក ជា វិជ្ជា សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី និងការសម្លាប់លោក បណ្ឌិត កែម ឡី និងសកម្មជនគណបក្សប្រឆាំង រាប់សិបនាក់ទៀត ត្រូវបានគេលួចធ្វើឃាត ដោយវាយសំដៅក្បាល ដែលខ្លះស្លាប់ ខ្លះពិការមួយជិវិត តែជនដៃដល់ មិនត្រូវបានប្រព័ន្ធយុត្តិធម៌នាំខ្លួន មកផ្តន្ទាទោសទេ។
បញ្ហាទាំងអស់នេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិស្តីបន្ទោសថា ប្រព័ន្ធយុត្តិធម៌ បានបរាជ័យផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ ជំរុញឱ្យកម្ពុជារអិលយ៉ាងលឿន ទៅរករបបដឹកនាំបែបគ្រួសារនិយមផ្តាច់ការ បំបានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ៕
Youtube video: https://www.youtube.com/watch?v=NfiZaYR6dSE