
សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ព្រមដាក់លិខិតឆ្លងដែនពីរដើម្បីសុំនៅក្រៅឃុំ
អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី លោក ហុង សុខហួរ នៅព្រឹកនេះបានថ្លែងក្នុងសាលសវនាការតុលាការកំពូលថាលោកស្នើនៅក្រៅឃុំបណ្ដោះអាសន្នដោយសារលោកមានបញ្ហាសុខភាព ហើយលោកយល់ព្រមដាក់លិខិតឆ្លងដែនរបស់លោកចំនួន២និងប្រាក់មួយចំនួនសម្រាប់ការសុំនៅក្រៅឃុំ។ លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។