
រដ្ឋមន្រ្តីអប់រំស្នើឲ្យបង្កើតមូលនិធិសម្រាប់ជ្រើសរើសនិស្សិតខ្មែរទៅរៀននៅក្រៅប្រទេស
រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជននិងកីឡា បានចេញលិខិតមួយស្នើទៅរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិចារណាបង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និសិត្សទៅសិក្សានៅបរទេស។ លិខិតចុះថ្ងៃទី២៩ ខែ កុម្ភៈបានឲ្យដឹងថាក្រសួងអប់រំយុវជននិងកីឡាកំពុងមានមានគម្រោងផ្ដល់មូលនិធិសម្រាប់សិស្ស និសិត្សទៅសិក្សានៅក្រៅប្រទេស ស្របនឹងគោលនយោបាយកំណែទម្រង់វិស័យអប់រំនៅកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការប្រឡងថ្នាក់ជាតិ ឲ្យទទួលបានអាហារូបករណ៍សម្រាប់ទៅសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត នៅតាមសាកលវិទ្យាល័យល្បីៗនៃបណ្ដាប្រទេសអភិវឌ្ឍន៍។ លិខិតបានបន្ដថាក្រសួងមានគោលដៅបង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និសិត្ស ទៅសិក្សានៅបរទេសនិងមានភាពជឿជាក់ថាមូលនិធិនេះនឹងផ្ដល់ឱកាសដល់ប្រទេសកម្ពុជាក្នុងការពង្រីកវិសាលភាពនៃការប្រគួតប្រជែងរបស់ខ្លួន នៅក្នុងបរិបទនៃសមាហរណកម្មតំបន់និងសកលភាវូបនីយកម្ម។ រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ប្រាប់វីអូឌីថានិស្សិតដែលត្រូវបានផ្តល់អាហារូករណ៍ទៅសិក្សានៅក្រៅប្រទេសនឹងចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលថានឹងធ្វើការងារជាគ្រូបង្រៀនឬបម្រើការងារឲ្យស្ថាប័នរបស់រដ្ឋ ពេលត្រឡប់មកវិញ។ លោកបន្តថានិស្សិតដែលនឹងត្រូវជ្រើសរើសនោះគឺជាសិស្សពូកែប្រចាំសាលា។ លោករដ្ឋមន្រ្តីមិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ដោយលោកថារង់ចាំការពិចារណារបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំពោះសំណើនេះជាមុនសិន។ វីអូឌីមិនទាន់អាចទាក់ទងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបាននៅឡើយទេ៕