
លោក ហ៊ុន សែន ថាលោកមិនឯកភាពនឹងអ្នករិះគន់ថាគ្រូពេទ្យខ្មែរភាគច្រើនអាក្រក់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានថ្លែងថាលោកមិនយល់ស្របនឹងការលើកឡើងថាគ្រូពេទ្យខ្មែរភាគច្រើន”អាក្រក់” ដែលលោកថ្លែងបែបនេះសំដៅទៅរកលោកឧកញ៉ាគួច ម៉េងលី ដែលធ្លាប់បានរិះគន់វិស័យសុខាភិបាលកម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក ហ៊ុន សែន បានថ្លែងថាលោកទទួលស្គាល់ថាមានពេទ្យមួយចំនួនតូចដែលលោកថាមិនមានក្រមសីលធម៌ សម្តីមិនល្អនិងគិតតែពីលុយ។ ទោះជាយ៉ាងណា លោកថាចំនួនគ្រូពេទ្យនោះមិនច្រើនដល់ថ្នាក់៩០ឬ៩៩ភាគរយនោះទេ។ លោកចាត់ទុកការថ្លែងរិះគន់ថាពេទ្យខ្មែរភាគច្រើនអាក្រក់ជា”ការមិនអាចទទួលយកបាន”និង”ការប្រមាថមួយ”។ លោកបញ្ជាក់ថា៖ “១០០ខូចដល់៩៩ហើយ វាចប់ហើយ”។