សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា(IIC)បានបំពាក់អាវសញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យនេះអះអាងថាឧកញ៉ារូបនេះមាន”ស្នាដៃច្រើន”ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាពិធីបំពាក់អាវជាសញ្ញាបត្រកិត្តិយសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ នៅក្រុមហ៊ុនទ្រី ភាព ក្បែរមន្ទីរពេទ្យអង្គឌួង។ លោកបន្តថាមុននឹងរៀបចំពិធីបំពាក់អាវកិត្តិយសនេះ សាកលវិទ្យាល័យបានប្រជុំគណៈកម្មាធិការវាយតម្លៃនិងសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប រួមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាផងដែរ ។