
រដ្ឋាភិបាលអនុម័តអនុក្រឹត្យជក់បារីនៅទីសាធារណៈ ដោយផាកពិន័យ២ម៉ឺនរៀលសម្រាប់អ្នកបំពាន
គណៈរដ្ឋមន្រ្តីបានអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬកន្លែងសាធារណៈ ដែលអនុក្រឹត្យនេះនឹងអនុញ្ញាតឲ្យផាកពិន័យអ្នកជក់បារីនៅកន្លែងហាមឃាត់ចំនួន២ម៉ឺនរៀល។នៅព្រឹកថ្ងៃសុក្រនេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពិនិត្យមើលសេចក្តីព្រាងអនុក្រឹត្យនេះ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាគណៈរដ្ឋមន្រ្តីបានសម្រេចអនុម័តលើសេចក្តីព្រាងអនុក្រឹត្យនេះ។