
អាជ្ញាធរថាសហគមន៍មួយនៅខេត្តរតនគីរីមិនបានយកបង្គន់កូនស្តេចថៃធ្វើការិយាល័យ
សាលាខេត្តរតនគិរី បានប្រកាសច្រានចោល ការលើកឡើងថា សហគមន៍មួយនៅខេត្តនោះ យកបង្គន់អនាម័យរបស់កូនស្តេចថៃ ធ្វើជាការិយាល័យ ដោយចាត់ទុកថា ការផ្សព្វផ្សាយកន្លងទៅខុសពីការពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអាជ្ញាធរដែនដី។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៦ ខែកុម្ភៈ សាលាខេត្តរតនគីរី បានលើកឡើងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ មានបណ្តាញសង្គមហ្វេសប៊ុក របស់មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរី គឺលោក ឆាយ ធី និងហ្វេសប៊ុកអ្នកផ្សេងទៀត ដែលសាលាខេត្តថា ចុះផ្សាយថា សហគមន៍បឹងយក្សឡោម បានយកបង្គន់របស់កូនស្តេចថៃ ធ្វើជាការិយាល័យ ក្រោយពីកូនស្តេចថៃ បញ្ចប់ព្រះរាជទស្សនកិច្ចនៅទីនោះ។