បទយកការណ៍៖ ពលរដ្ឋនៅខេត្តស្ទឹងត្រែងប្ដូរពីរបរនេសាទមកធ្វើស្រែចម្ការវិញ ដោយសាររកត្រីលែងបាន
កាំងចាម ជាភូមិមួយស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ ភូមិនេះមានផ្លូវដីក្រហម ហុយទ្រលោមពេលមានឡានបើកកាត់ម្ដងៗ និងមានជង្ហុកធំៗ និងរអិលខ្លាំងបើសិនជាមានភ្លៀង។ នៅតាមផ្លូវ គេឃើញមានផ្ទះពលរដ្ឋនៅអមសងខាងផ្លូវ ប្របនឹងមាត់ទន្លេមេគង្គ ដែលបង្កភាពងាយស្រួលដល់ពលរដ្ឋនៅទីនោះក្នុងការប្រកបរបរនេសាទ និងធ្វើស្រែចម្ការ ជាដើម។ ប៉ុន្តែប្រជានេសាទមួយចំនួននៅក្នុងភូមិនេះបានប្តូរពីរបរនេសាទ មកធ្វើស្រែចម្ការវិញ បន្ទាប់ពីទិន្នផលត្រីធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យពួកគេរកចំណូលលែងបាន ខណៈមានពលរដ្ឋអះអាងថាមានអ្នកប្រើប្រាស់ឧបករណ៍ឆក់ខុសច្បាប់ច្រើន។