
សមាជិកព្រឹទ្ធសភា លោក ប៉េង ប៉ាត់ ទទួលមរណភាព
សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា លោក ប៉េង ប៉ាត់ បានទទួលមរណភាពកាលពីយប់អធ្រាត្រថ្ងៃពុធនេះ ដោយរោគាពាធ។ នៅក្នុងសេចក្តីជូនដំណឹងមួយចេញផ្សាយនៅថ្ងៃទី២ខែមីនានេះ ព្រឹទ្ធសភាបានឲ្យដឹងថាលោក ប៉េង ប៉ាត់ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចនិងមុខងារសាធារណៈបានទទួលមរណភាព នៅវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សេចក្តីជូនដំណឹងបន្តថាពិធីដង្ហែសពនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ទី៥ខែមីនា ទៅវត្តបុទុមវត្តី។