
ក្រុមហ៊ុនណាហ្គាវើលជួសជុលរបងពុទ្ធសាសនបណ្ឌិត្យ ខណៈបណ្តាញព្រះសង្ឃមិនពេញចិត្ត
ក្រសួងធម្មការនិងសាសនាឲ្យដឹងថាក្រុមហ៊ុនណាហ្គាវើលចាប់ផ្តើមជួសជុលរបងនិងគ្រោងនឹងសាងសង់ក្លោងទ្វារពុទ្ធសាសនបណ្ឌិត្យឡើងវិញតាមកិច្ចសន្យា ខណៈបណ្តាញព្រះសង្ឃតវ៉ានៅព្រឹកថ្ងៃសុក្រនេះឲ្យមានការសាងសង់របងជាថ្មី។ក្នុងលិខិតជូនដំណឹងមួយចុះថ្ងៃទី២៤ ខែមីនា ក្រសួងធម្មការបានបញ្ជាក់ថារបងនិងក្លោងទ្វារពុទ្ធសាសនបណ្ឌិត្យប៉ែកខាងជើងដែលត្រូវបានរុះរើទាំងស្រុងនោះ ពេលនេះក្រុមហ៊ុនកំពុងជួសជុលហើយក្រុមហ៊ុនណាហ្គាវើលក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ជំនាញដើម្បីសាងសង់ក្លោងទ្វារតាមរចនាបទដើមទាំងស្រុងផងដែរ។