ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដាក់វិធានការមួយចំនួនក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ ដល់មន្រ្តីរដ្ឋបាលព្រៃឈើនិងមន្រ្តីរដ្ឋបាលជលផល ដោយរំឭកពីចំណាត់ការផ្លូវច្បាប់លើជនណាដែលបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា។នៅក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី២១ខែមករា ហើយវីអូឌី(VOD)ទទួលបាននៅថ្ងៃពុធនេះ ក្រសួងកសិកម្មបានលើកឡើងថាភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឲ្យមាន”បញ្ហាដ៏ធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើនិងព្រៃលិចទឹក”ហើយបានបង្ក”វិនាសកម្មនិងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សង្គមសេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិនិងបរិស្ថាន”។