
ក្រុមយុវជនគាំទ្របក្សកាន់អំណាចទាមទារឲ្យលោក សម រង្ស៊ី សុំទោសជាសាធារណៈ
ក្រុមសម្ព័ន្ធយុវជនសេនានាគដែលគាំទ្រលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចេញមុខទាមទារឲ្យប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី សុំទោសជាសាធារណៈចំពោះពួកគេនិងប្រជាពលរដ្ឋទូទៅ ដោយថាលោកប្រមាថថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា រឿងចុចចូលចិត្ត(Likes)លើហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី។នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១១ខែមីនា សម្ព័ន្ធសេនានាគបានលើកឡើងថាក្រុមរបស់ពួកគេ”គោរព ស្រឡាញ់ អាណិត ចូលចិត្ត(Likes)និងបានគាំទ្រយ៉ាងស្មោះស្ម័គ្រពិតប្រាកដប្រកបដោយភក្តីភាព”នូវទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី។ ពួកគេបន្តថាលោក សម រង្ស៊ី បានបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី៩ខែមីនា ថារកឃើញពីLikesក្លែងក្លាយលើទំព័រហ្វេសប៊ុករបស់ហ៊ុន សែន”ដោយភ្ជាប់នឹងការសរសេរថាLikesមួយចំនួនធំបានមកពីការទិញឬជួលមនុស្សក្រីក្រ អត់ការារធ្វើ សិប្បនិម្មិតក្លែងបន្លំ”។