រដ្ឋាភិបាលរឹតបន្តឹងការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក
រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ដោយ នឹងពិន័យជាប្រាក់សម្រាប់អ្នកចោលកាកសំណល់ទាំងនេះនាំឲ្យប៉ះពាល់បរិស្ថាននិងអ្នកប្រកបអាជីវកម្មទាំងនេះដោយមិនមានការអនុញ្ញាតពីក្រសួងបរិស្ថាន។នៅក្នុងអនុក្រឹត្យចុះថ្ងៃទី១ខែកុម្ភៈដែលវីអូឌីទើបតែទទួលបាននៅថ្ងៃចន្ទនេះ រដ្ឋាភិបាលបញ្ជាក់ថារាល់ការបោះបង់ចោលសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកទៅក្នុងប្រភពទឹកឬទីលានចាក់សំរាមឬក៏នៅទីសាធារណៈនានានិងការដុតឬការវាយបំបែកសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកដែលបង្កគ្រោះថ្នាក់ដល់បរិស្ថានឬសុខភាពសាធារណៈ ត្រូវហាមឃាត់។ ក្រសួងបរិស្ថានជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក។ អនុក្រឹត្យបន្តថាក្រសួងបរិស្ថាននឹងចេញគោលការណ៍ណែនាំបច្ចេកទេសស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកប្រកបដោយសុវត្ថិភាពបរិស្ថាន។