សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត លោក សំបូរ មាណ្ណារ៉ា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជារដ្ឋមន្ត្រី ដែលមានតួនាទីជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងព្រះរាជក្រឹត្យឡាយព្រះហស្ថលេខា របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះអង្គបានត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈសាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក សំបូរ មាណ្ណារ៉ា ជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឋានៈស្មើរដ្ឋមន្ត្រី ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។
ការត្រាស់បង្គាប់តែងតាំងសាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តលោក សំបូរ មាណ្ណារ៉ា បន្ទាប់ពីលោក ហ៊ុន សែន ទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
លោក សំបូរ មាណ្ណារ៉ា ចាត់ទុកការតែងតាំងរបស់ជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីនាពេលនេះ គឺជាអំណោយមួយសម្រាប់រូបលោក ដែលទទួលបានពីរាជរដ្ឋាភិបាល។ លោកបង្ហាញការប្ដេជ្ញាចិត្តប្រឹងប្រែងបន្តទៀត ក្នុងការបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយនូវមុខវិជ្ជាប្រវត្តិសាស្ត្រ ដោយឈរទៅលើសច្ចភាពប្រវត្តិសាស្ត្រ ដែលនេះជាចំណូលចិត្តរបស់លោកបានធ្វើ។
លោកមានប្រសាសន៍ថា៖«អ៊ីចឹងតម្លៃពិតប្រាដក របស់ខ្ញុំ គឺតម្លៃនៃការបំពេញភារកិច្ច ដើម្បីបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយរបស់ខ្ញុំឱ្យបានយល់ដឹង ខុសត្រូវ ស្គាល់ល្អ អាក្រក់ និងផ្អែកទៅលើសច្ចភាពប្រវត្តិសាស្ត្រ ដើម្បីញុំាងខ្លួនឯងឱ្យយល់ថា ជីវិតរបស់យើងចេញមកពីណាហើយត្រូវ ទទួល និងកំពុងតស៊ូធ្វើអី និងព្យាករណ៍ ដើម្បីអនាគតរបស់ខ្លួន អនាគតរបស់ប្រទេសជាតិ និងសង្គម»។
លោក សំបូរ មាណ្ណារ៉ា បញ្ជាក់ថា នៅទស្សវត្សរ៍ ៧០ គាត់បានសិក្សាថ្នាក់កម្រិតមធ្យមសិក្សានៅសាលាទួលស្វាយព្រៃ ប៉ុន្តែអំឡុងពេលនោះ លោកមិនទាន់បានបញ្ចប់ការសិក្សានៅឡើយទេ។ ក្រោយសម័យខ្មែរក្រហម លោកបានត្រឡប់មកសិក្សាវិញ ដោយបន្តការសិក្សានៅសាលាគរុវិទ្យាជាន់ខ្ពស់ ដែលមានទីតាំងនៅសាកលវិទ្យាល័យភ្នំពេញបច្ចុប្បន្ន។
លោកបញ្ជាក់ថា សាលាគរុវិទ្យាជាន់ខ្ពស់នេះ ដែលបានបង្រៀនគាត់ឱ្យក្លាយជាគ្រូបង្រៀនដល់បច្ចុប្បន្ន ហើយក្រោយមកទៀត លោកបានបញ្ចប់បរិញ្ញាបត្រនៅសាលាភូមិន្ទភ្នំពេញ តែក្រោយមកកម្ពុជាបានបង្កើតសាលានេះទៅជាសាកលវិទ្យាល័យនាពេលនោះ។ លោកបានទទួលសញ្ញាបត្រនៅឆ្នាំ១៩៨៩ ដែលបានធ្វើឱ្យលោកមានឱកាសបង្រៀន ខណៈឆ្នាំ១៩៩១ លោកក៏ទទួលបានជ័យលាភីបារាំង ហើយក្រោយមកទៀត លោកក៏បានចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិកផងដែរ។
ក្រោយមកលោកសាស្រ្ដាចារ្យ សំបូរ មាណ្ណារ៉ា ក៏ត្រូវបានរាជរដ្ឋាភិបាលនិងរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់ឱកាសបន្ដការសិក្សានៅទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង ក្នុងកម្មវិធី Event Study Program ដើម្បីសិក្សាផ្នែកការស្រាវជ្រាវបន្ថែមទៀត។
លោក សំបូរ មាណា្ណរ៉ា កើតនៅឆ្នាំ១៩៥៧។ ក្រៅពីបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិភ្នំពេញ នៅអំឡុងដើមឆ្នាំ២០០០ លោកក៏បានបង្រៀនមុខវិជ្ជានេះនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ បច្ចុប្បន្នលោកជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាផងដែរ៕