ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តំណាងភាគីនិយោជកក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អ៊ិលធីឌី បានឯកភាពជាមួយកម្មករ លើការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករទាំងអស់នៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ។
កាលពីថ្មីៗនេះ កម្មករ–កម្មការិនីជាង ៣០០នាក់ បម្រើការងារនៅរោងចក្រ ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាបិទទ្វាររោងចក្រ ដើម្បីទាមទារឱ្យថៅកែទូទាត់ប្រាក់សំណងដល់កម្មករដែលរោងចក្របានបញ្ឈប់។
សេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលសះជានៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អិលធីឌី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងថា តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកភាពគ្នាលើការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ច សន្យាការងារ។
ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនេះ ក្រសួងអះអាងថា ក្រុមហ៊ុននឹងបើកជូនកម្មករនិយោជិតទាំងអស់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨:០០ព្រឹក នៅទីតាំងក្រុមហ៊ុន ខេមបូ ហ៊ែនសាំ។
ក្រសួងការងារបញ្ជាក់ថា អំឡុងពេលបើកប្រាក់បំណាច់ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដើម្បីចុះឈ្មោះរកការងារថ្មីជូនកម្មករនិយោជិតផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ៖«ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់តាំងមន្ត្រីជំនាញចុះសម្របសម្រួល និងដោះស្រាយវិវាទការងាររួម នេះជាបន្តបន្ទាប់ ចំនួន ៥លើក។ ក្រោមកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខណ្ឌ ពោធិ៍សែនជ័យ និងស្មារតីទទួលខុសត្រូវរបស់តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នៅ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ»។
ការយល់ព្រមដោះស្រាយវិវាទការងាររួមនេះកើតឡើងក្រោយពេលមានកម្មករជាច្រើនរយនាក់នាំគ្នាតវ៉ា និងក្រោយមានសំណើពីសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថាស៊ីខៅឌូ(CCAWDO) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានដាក់លិខិតមួយទៅប្រធាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យជួយអន្តរាគមន៍ និងដោះស្រាយវិវាទការងារជូនកម្មករនៅក្រុមហ៊ុន ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ឱ្យស្របទៅតាមច្បាប់ការងារ បន្ទាប់ពីក្រុមហ៊ុនប្រកាសបិទអាជីវកម្ម និងបញ្ចប់កិច្ចសន្យាការងាររកម្មករនិយោជិតទាំងអស់។
លិខិតដដែលឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ និយោជកក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អិលធីឌី បានជូនដំណឹងអំពីការបិទប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុន និងការបញ្ចប់កិច្ចសន្យាការងាររបស់កម្មករ-និយោជិតទាំងអស់ ប៉ុន្តែការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ មិនបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារនោះទេ។
ស៊ីខៅឌូ និយាយទៀតថា ការដាក់ពាក្យបណ្តឹងទៅប្រធាននាយកដា្ឋនវិវាទការងារ ឱ្យអន្តរាគមន៍ និងជួយដោះស្រាយនេះ ដើម្បីជំរុញឱ្យនិយោជកក្រុមហ៊ុនខាងលើ អនុវត្តច្បាប់កម្ពុជាឱ្យកាន់តែល្អប្រសើរ និងទប់ស្កាត់ការរីករាលដាលនៃបញ្ហាផ្សេងទៀតផងដែរ។
រោងចក្រ ខេមបូ ហ៊ែនសាំ ជារោងចក្រផលិតសម្លៀកបំពាក់ និងមានកម្មករនិយោជិតចំនួន ១ ៧៨៦នាក់ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕