អង់គ្លេស​សង្ឃឹម​ថា​ ការ​បោះ​ឆ្នោត​ជាតិខាង​មុខ​នឹង​​ប្រព្រឹត្ត​ទៅ​ដោយ​​សេរី​ ​​យុត្តិធម៌​ ​និង​គ្មាន​ការ​គំរាម​កំហែង​

ជំនួបពិភាក្សាការងាររវាងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ជាមួយឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស លោក ដូមីនីក វីល្លៀម( Dominic Williams)(ឈខាងស្តាំដៃ លោក ប្រាជ្ញ ចន្ទ) កាលពីថ្ងៃទី១០ ខែកុម្ភៈ ២០២៣ នៅស្នាក់ការ គ.ជ.ប. រាជធានីភ្នំពេញ។ (ទំព័រហ្វេសប៊ុក ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា)

ចក្រភពអង់គ្លេសតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានលើកឡើងថា អង់គ្លេសចង់ឃើញអ្នកមានសិទ្ធិបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ខ្លួន ហើយសង្ឃឹមថា ​ការបោះឆ្នោតខាងមុខនេះ នឹងប្រព្រឹត្តទៅដោយសន្តិភាព គ្មានការគំរាមកំហែង និងប្រកបដោយយុត្តិធ​ម៌។

ក្តីរំពឹងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ប្រាជ្ញ ចន្ទ ជាមួយឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស លោក ដូមីនីក វីល្លៀម( Dominic Williams) កាលពីថ្ងៃទី១០ ខែកុម្ភៈ។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងជំនួបនោះឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេសប្រចាំកម្ពុជា  លោក ដូមីនីក វីល្លៀម បង្ហាញជំហរប្រាប់ទៅលោក ប្រាជ្ញ ចន្ទ ថា អង់គ្លេសចង់ឃើញអ្នកមានសិទ្ធិបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត ហើយគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមានសិទ្ធិធ្វើសកម្មភាពដែលរួមមានគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល។

បន្ថែមពីនេះ អង់គ្លេសក៏មានការជំនឿជាក់ថា ការបោះឆ្នោតឆ្នាំ២០២៣ នេះ នឹងមានគណបក្ស នយោបាយចូលរួមច្រើន ហើយការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅដោយសន្តិភាព គ្មានការគំរាមកំហែង ម្យ៉ាងទៀតការបោះឆ្នោតនេះនឹងអនុវត្តដោយតម្លាភាព។

ក្រោយចូលរួមពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ប្រាជ្ញ ចន្ទ នោះ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានសរសេរលើហ្វេសប៊ុកថា ក្នុងជំនួបពិភាក្សាកាលពីម្សិលមិញ លោកដូមីនីក វីល្លៀម ​បានផ្តោតលើការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសកលឆ្នាំនេះ។

ស្ថានទូតអង់គ្លេស ប្រ ចាំកម្ពុជា«ឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស លោក Dominic Williams បានជួបឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១០ ខែកុម្ភៈ។  ការពិភាក្សាផ្តោតលើការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសកលឆ្នាំនេះ ដែលឯកអគ្គរាជទូត Williams សង្ឃឹមថានឹងប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សេរី និងយុត្តិធម៌ ដោយមានកន្លែងសម្រាប់ឱ្យទស្សនៈនយោបាយផ្សេងៗគ្នាត្រូវបានបញ្ចេញ»។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប. ដដែលបានឱ្យដឹងថា ឆ្លើយតបទៅនឹងសំណើរបស់ឯកអគ្គរាជទូតអង់គ្លេស លោក ប្រាជ្ញ ចន្ទ ប្រាប់ទៅភាគីអង់គ្លេសថា ការបោះឆ្នោត ឃុំ សង្កាត់កាលពីឆ្នាំ២០២២ប្រព្រឹត្តទៅទទួលបានជោគជ័យ  ដោយសាទរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពីព្រោះបានប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ មានតម្លាភាព មានសុខសន្តិភាព និងគ្មានការគំរាមកំហែង។

ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣នេះវិញ  លោក ប្រាជ្ញ ចន្ទ ថា  គ.ជ.ប បានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាបន្តទៀតហើយ ក្នុងនោះ  កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ ហើយកម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត រួមទាំងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោត។

បន្ថែមពីនេះ គ.ជ.ប ក៏មានកម្មវិធីគ្រប់គ្រងលទ្ធផលបោះឆ្នោត ការបែងចែកអាសនៈ និងការស្រង់ឈ្មោះ បេក្ខជនជាប់ឆ្នោត។

សេចក្តីប្រកាសព័ត៌មាន គ.ជ.ប. បានលើកឡើងថា៖«ពាក់ព័ន្ធនឹងការប្រឈមទៅនឹងការបោះឆ្នោត ដែលបានលើកឡើងដោយភាគីប្រតិភូអង់គ្លេស ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា អ្នកនយោបាយមួយចំនួនបានធ្វើសកម្មភាព របស់ខ្លួនមិនគោរពច្បាប់ ហើយសកម្មភាពទាំងនោះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទ។ ដោយឡែក គ.ជ.ប បានអនុវត្តតួនាទី និងសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកលើច្បាប់ ពីព្រោះ ឯករាជ្យភាពរបស់ គ.ជ.ប ភ្ជាប់ទៅនឹងការអនុវត្តច្បាប់»។

ក្នុងជំនួបពិភាក្សារយៈពេលមួយម៉ោងនោះដែរ លោក ប្រាជ្ញ ចន្ទ ក៏បានប្រាប់ទៅឯកអគ្គរាជទូត អង់គ្លេសឱ្យប្រាប់ទៅគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងឱ្យជួយជំរុញ ឱ្យភាគីទាំងនោះ គោរពច្បាប់ឱ្យបានត្រឹមត្រូវ។

ទោះបីជាយ៉ាងនេះក្តី ការលើកឡើងរបស់ឯកអគ្គរាជទូតអង់គ្លេស លោកដូមីនីក វីល្លៀម (Dominic Willams)  ពេលនេះ  ធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចំនួន ២រូប កំពុងជាប់បណ្ដឹងនៅតុលាការ។ ក្នុងនោះ មានអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ជាប់បណ្ដឹងនៅតុលាការ «រឿងបរិហារកេរ្តិ៍» ដែលប្ដឹងដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័​ន្ធនឹងកា​ររិះ​គន់បញ្ហា​កា​​រ​បោះ​ឆ្នោតឃុំសង្កាត់កាលពី​ឆ្នាំ២​០​២២។

ចំណែកអនុប្រធានគណបក្សភ្លើងទៀនមួយរូបទៀត គឺលោក ថាច់ សេដ្ឋា​ ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោមបទចោទប្រកាន់ថា «ចេញសែកអត់មានលុយ ឬហៅថាសែកស្អុយ»។

ដោយឡែក លោក គង់ គាំ ក៏បានប្រកាសលាលែងពីតួនាទីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោក ហ៊ុន​ សែន ប្រកាសមិនប្ដឹងលោកទៅតុលាការ ក្រោយពីលោក គង់ គាំ និងភរិយា ប្រគល់ដី និងផ្ទះដែលគ្រប់គ្រងរាប់សិបឆ្នាំ ត្រឡប់ទៅឱ្យក្រសួងការបរទេសវិញ។

តាមប្រតិទិនរបស់គ.ជ.ប. បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ