ធនាគារជាតិ​​​ព្រមាន​វិធាន​ការ​ច្បាប់​លើ​ម្ចាស់​គ្រឹះស្ថាន​ឥណ​ទាន​ទទួល​យក​អត្តសញ្ញាណ​បណ្ណ​ឬ​សៀវភៅ​គ្រួសារ​ពី​កូន​បំណុល​

ធនាគារជាតិ នៃ កម្ពុជា។ រូបភាព៖ ជន ចាន់រ៉ែន

ធនាគារជាតិនៃកម្ពុជា​ ព្រមានដាក់ទណ្ឌកម្មលើម្ចាស់គ្រឹះស្ថានឥណទានជនបទទាំងអស់ ដែលនៅតែបន្តទទួលយកលិខិតយថាភូត ដូចជា អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ពីកូនបំណុលដើម្បីជាថ្នូរសម្រាប់ជាវត្ថុធានាលើការផ្ដល់ឥណទាន។

ក្នុងលិខិតរបស់ធនាគារជាតិដែលវីអូឌីទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋ  ហើយលិខិតយថាភូតនេះ មិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការផ្តល់ឥណទាន និងមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្មឡើយ។

ករណីនេះ ធនាគារជាតិកម្ពុជា បានប្រាប់ទៅ​ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពនេះ។ ​

ក្នុងលិខិតដដែលបញ្ជាក់ថា  បើគ្រឹះស្ថានឥណទានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណា មិនអនុវត្តតាមច្បាប់ និងបទបញ្ញត្តិជាធរមាន គ្រឹះស្ថាននឹងត្រូវរងទណ្ឌកម្មខាងវិន័យស្របតាមមាត្រា៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ។

មាត្រា ៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ បានចែងថា ប្រសិនបើគ្រឹះស្ថានប្រតិស្រុតបានប្រព្រឹត្តល្មើសនឹងបញ្ញត្តិនៃច្បាប់ ឬនៃបទបញ្ជាស្តីពីសកម្មភាពរបស់ខ្លួន ឬប្រសិនមិនបានធ្វើតាមការដាស់តឿន ឬប្រសិនមិនបានធ្វើតាមអធិបញ្ជា អាជ្ញាធរ អាណាព្យាបាលអាចសម្រេចដាក់តាមនីតិវិធីដែលធ្វើចំពោះមុខសាមីខ្លួន នូវទណ្ឌកម្មខាងវិន័យដូចជា ការព្រមាន ការស្តីបន្ទោស ការហាមធ្វើប្រតិប​ត្តិការមួយចំនួន នឹងការកំណត់ព្រំដែនដទៃទៀត ក្នុងការធ្វើសកម្មភាព ការព្យួរមុខងារជាបណ្តោះអាសន្ន។ ចំពោះអ្នកដឹកនាំម្នាក់ ឬច្រើននាក់ដោយមាន ឬដោយគ្មានការតែងតាំងអភិបាលបណ្តោះអាសន្ន និងឈានដល់ការដកហូតអាជ្ញាបណ្ណជាស្ថាពរ និងការដាក់ឱ្យជម្រះបញ្ជីជាបន្ទាន់។

ប្រធាន​ផ្នែកទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លោក កាំង តុងងី មានប្រសាសន៍ថា ការជូនដំណឹងរបស់ធនាគារជាតិកម្ពុជា ប្រាប់ទៅម្ចាស់គ្រឹះស្ថានឥណទានជនបទទាំងអស់ ឱ្យឈប់បន្តទទួលយកលិខិតយថាភូត [ច្បាប់ដើម]  ពីកូនបំណុល  ដើម្បីជាថ្នូរសម្រាប់ជាវត្ថុធានាលើការផ្ដល់ឥណទាន មិនមែនជារឿងថ្មីនោះទេ ។

លោកបញ្ជាក់ថា សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សង្កេតឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់ខ្លួន បានអនុវត្តតាមការណែនាំរបស់ធនាគារជាតិ គឺមិនដែលយកលិខិតយថាភូត [ច្បាប់ដើម] ពីកូនបំណុល ដើម្បីតម្កល់ទុកនោះទេ ពីព្រោះឯកសារនេះ មិនមានតម្លៃជាលុយ សម្រាប់គ្រឹះស្ថានទេ។ ប៉ុន្តែគ្រឹះស្ថានតម្រូវឱ្យកូនបំណុលកូបពីឯកសារយថភូតតម្កល់ទុកនៅស្ថាប័នកម្ចីរបស់ខ្លួនតែប៉ុណ្ណោះ។

លោក កាំង តុងងី បន្តថា ការយកលិខិតយថាភូត ​ ពីកូនបំណុល  ដើម្បីតម្កល់ទុកមិនមានអ្វីចំណេញដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ អាចបង្កហានិភ័យថែមទៀតផង។ ប៉ុន្តែលោកសង្កេតឃើញថា មានតែអ្នករកស៊ីឯកជនមួយចំនួនតែប៉ុណ្ណោះ ដែលយកលិខិតយថាភូត ​ ពីកូនបំណុល ដើម្បីទុកជាវត្ថុធានាលើការផ្ដល់ឥណទានរបស់ពួកគេ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំសង្កេតឃើញទីផ្សារផ្តល់កម្ចីបច្ចុប្បន្ននេះ  អ្នករកស៊ីឯកជន ក្រុមបញ្ចាំ ដែលពួកគាត់មិនមានអាជ្ញាបណ្ណ យើងឃើញពួកគាត់យកលិខិតយថាភូត [ច្បាប់ដើម] ពីកូនបំណុល ។ ចំណែក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានច្បាប់ត្រឹមត្រូវមិនធ្វើបែបហ្នឹង [មិនយកលិខិតយថាភូត [ច្បាប់ដើម] ពីកូនបំណុលនោះទេ»។

កាលពី​ថ្ងៃទី​​២៧ ខែ​មករា​ ឆ្នាំ​​២០២៣​ ​ ធនាគារជាតិនៃកម្ពុជា និង​អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយ ប្រកាសចា​ត់​វិធានការច្បាប់ទៅលើ​អ្នកផ្ដល់កម្ចី​ខុសច្បាប់ដែលយកអត្រាការប្រាក់ខ្ពស់​ និងការផ្សព្វផ្សាយនានាពាក់ព័ន្ធនឹងការ​ផ្តល់សេវាហិរញ្ញវត្ថុ​ដោយ​គ្មានច្បាប់អនុញ្ញាត។

​សេចក្តីថ្លែងការណ៍រួម​បាន​លើកឡើង​ថា នាពេលថ្មីៗនេះ មានសកម្ម​ភាពផ្សព្វផ្សាយ​ និង​ផ្តល់សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ជាពិសេស​សេវា​ឥណទាន​តាម​រយៈទូរសព្ទ បណ្ដាញសង្គម និងអនឡាញ​ យ៉ាងអនាធិបតេយ្យដោយ​គ្មាន​​ច្បាប់​​អនុញ្ញាត​ត្រឹម​ត្រូវពីធនាគារ​ជាតិ​នៃកម្ពុជា ដែលបានធ្វើឱ្យ​សាធារណជន​មាន​ការ​ភ័ន្ត​ច្រឡំ។

សេចក្តីថ្លែងការណ៍​បន្តថា ករណីនេះក៏បាន​​បង្ក​ផលវិបាក​ជា​ច្រើន​ទៅលើ​សេដ្ឋ​​កិច្ច និង​សង្គម ដោយសារតែជន​​ទាំងនោះបាន​យកអត្រាការប្រាក់​ខ្ពស់ហួស​ហេតុ​ ការ​គំរាម​កំហែង​បំភិតបំភ័យ ការអនុវត្តកិច្ចសន្យា​មិន​សុចរិតដោយ​បង្កប់នូវការ​កេង​ចំណេញហួសហេតុ​ពី​អ្នក​ខ្ចី​ប្រាក់ ដែល​បណ្តាល​ឱ្យ​​ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យ​ធ្លាក់​ក្នុងបន្ទាក់​​បំណុល​ច្រើន​លើសលុប ព្រមទាំងបាត់បង់ទំនុកចិត្ត​លើ​ស្ថាប័នធនាគារ​នៅកម្ពុជា​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ