
អំពី វីអូឌី
វីអូឌី (VOD) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៣ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR។ វីអូឌី គឺជាស្ថាប័នព័ត៌មានឯករាជ្យក្នុងស្រុកមួយ ដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងផ្សព្វផ្សាយតាមរយៈគេហទំព័រ។ វីអូឌី គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយមួយ ដែលដំណើរការដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា ស៊ីស៊ីអាយអឹម (CCIM)។ ចំណែក ស៊ីស៊ីអាយអឹម ត្រូវបានបង្កើតឡើងនិងចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ កាលពីខែមិថុនា ឆ្នាំ២០០៧ ក្នុងគោលបំណងបន្តផលិតកម្មវិធីវីអូឌី ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ក្រោយការបង្កើតស្ថាប័នស៊ីស៊ីអាយអឹម VOD គឺជាកម្មវិធីសំខាន់ ដែលបានផលិតកម្មវិធីវិទ្យុ និងព័ត៌មានតាមអនឡានប្រកបដោយវិជ្ជាជីវៈ។
ចាប់ពីឆ្នាំ២០០៧ មកដល់ពេលបច្ចុប្បន្ននេះ វីអូឌី បានផលិតដោយជោគជ័យ និងប្រកបដោយភាពទាក់ទាញនូវព័ត៌មានវិទ្យុ ព័ត៌មានអនឡាញ ទូរទស្សន៍អនឡាញ ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈវិទ្យុ និងប្រព័ន្ធអ៊ីនធើណិត។
វីអូឌី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមវិភាគទាន ដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ស៊ីស៊ីអាយអឹម ដើម្បីលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ និរន្តរភាព និងបរិយាកាសឯករាជ្យនៃប្រព័ន្ធផ្សព្វផ្សាយ។
ដោយមានទីតាំងស្ថិតនៅផ្ទះលេខ១៤អា ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទប់ផ្សាយនិងផលិតកម្មវិធីរបស់វីអូឌី ត្រូវបានរៀបចំប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយសិល្បៈជាមួយនឹងឧបករណ៍ទំនើបស្របទៅតាមការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា។ បុគ្គលិករបស់វីអូឌី មានបទពិសោធន៍ក្នុងការផលិតកម្មវិធីវិទ្យុ ស្ពត បទយកការណ៍ ការធ្វើបទសម្ភាសន៍ ការផលិតព័ត៌មាន និងការសរសេរព័ត៌មានស៊ើបអង្កេត។ល។
នៅឆ្នាំ២០១១ គេហទំព័រព័ត៌មាន www.vodkhmer.news បានត្រូវបង្កើតឡើងដើម្បីបំពេញនូវតម្រូវការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ គេហទំព័រនេះ បានផ្តល់ព័ត៌មានគ្រប់ទិដ្ឋភាព និងគ្រប់ទម្រង់ជូនប្រជាពលរដ្ឋក្នុងនោះរួមមាន ការផ្តល់ជូននូវព័ត៌មានជាតិសំខាន់ៗដែលកើតឡើងស្ទើរតែរាល់វិនាទី ព័ត៌មានអន្តរជាតិ ព័ត៌មានអំពីសិល្បះ កីឡាជាតិ និងអន្តរជាតិ សេដ្ឋកិច្ច វិទ្យាសាស្ត្រ។ល។
នៅឆ្នាំ២០១៨ គេហទំព័រព័ត៌មានវីអូឌី បានដាក់បញ្ចូលទម្រង់នៃការទទួលព័ត៌មានចម្រុះបន្ថែមដល់អ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា។ វីអូឌី បានដាក់បញ្ជូលព័ត៌មានជាអត្ថបទ ព័ត៌មានវីដេអូ និងព័ត៌មានខ្លីៗ ដែលរាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មានតែមួយគឺ www.vodkhmer.news។