អង្គភាពប្រឆាំងអំពើពុករលួយប្រជុំវិភាគពាក្យបណ្ដឹងរបស់យុវជនដែលប្ដឹងលោក កឹម សុខា
អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកប្រជុំមួយនៅថ្ងៃអង្គារស្អែកនេះ ដើម្បីវិភាគទៅលើពាក្យបណ្ដឹងរបស់យុវជនមួយក្រុមដែលបានប្ដឹងប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដោយពួកគេចោទថាបានផ្ដល់លុយឲ្យនារីម្នាក់ទិញផ្ទះនិងដី។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថាលោកបានទទួលពាក្យបណ្តឹងរបស់ក្រុមយុវជនតាំងពីថ្ងៃសុក្រសប្ដាហ៍មុន។ លោកបន្តថាអង្គភាពប្រឆាំងអំពើពុករលួយនឹងបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃអង្គារ ថាត្រូវចាត់ការឬយ៉ាងណា។ លោកមានប្រសាសន៍ថា៖ “ថ្ងៃអង្គារម៉ោង ៩ព្រឹក យើងនឹងប្រជុំដោះស្រាយ យើងនិងអញ្ចើញម្ចាស់ប្ដឹងមកស្ដាប់ការវិភាគរបស់យើង ហើយអ្នកសារព័ត៌មានក៏អាចចូលស្ដាប់បានដែរ”។