មានរយៈពេលជាង១ខែហើយតាំងពីបង្កើតក្រុមការងារពិសេសបង្រ្កាបបទល្មើសព្រៃឈើ ប៉ុន្តែលទ្ធផលនៃការបង្រ្កាបបទល្មើសព្រៃឈើរដ្ឋាភិបាលនៅតែមិនទាន់បានបង្ហាញជាសាធារណៈនៅឡើយបើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដៅឈ្មោះឧកញ៉ាយ៉ាងតិចពីរនាក់ដែលនាយករដ្ឋមន្រ្តីថាជាអ្នករកស៊ីឈើទៅលក់នៅប្រទេសវៀតណាម។
ការទន្ទឹងរង់ចាំលទ្ធផលជាងមួយខែមកនេះបានធ្វើឲ្យអង្គការសង្គមស៊ីវិលផ្នែកបរិស្ថានសម្តែងក្តីបារម្ភ។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញ នៅថ្ងៃពុធបណ្តាញជនជាតិដើមភាគតិចនិងព្រៃឈើចំនួន២៧បានសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់នឹងបង្ក្រាបបទល្មើសព្រៃឈើនាំចេញទៅប្រទេសវៀតណាម។ ប៉ុន្តែអង្គការទាំងនោះបានដាក់ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះខែ្សចង្វាក់នៃការផ្គត់ផ្តង់ឈើដោយថាមិនមានទិន្នន័យច្បាស់លាស់បញ្ជាក់ពីបរិមាណឈើនាំចេញមកពីប្រភពផ្សេងៗរួមមានពីសហគមន៍ព្រៃឈើ គម្រោងអាជីវកម្មរ៉ែ ទំនប់វារីអគ្គិសនី ជាពិសេសពីសម្បទានដីសេដ្ឋកិច្ច។
មន្រ្តីកម្មវិធីបរិស្ថាននៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលជាអង្គការមួយក្នុងចំណោមអង្គការទាំងជិត៣០នោះ លោក ឯម សុភ័ក្រ្ត មានប្រសាសន៍ថាការពន្យាពេលបង្ហាញលទ្ធផលនៃការបង្រ្កាបបទល្មើសព្រៃឈើនេះអាចធ្វើឲ្យជនល្មើសរួចខ្លួនឬអាចកាឡៃឈើដែលខុសច្បាប់ទៅឈើស្របច្បាប់វិញ។ លោកយល់ថា៖ ”ហេតុអីបានជាគណកម្មការហ្នឹងអត់បង្ហាញពីតម្លាភាពនៃការចាប់ជនល្មើស ហើយភស្តុតាងមួយចំនួនហ្នឹងទុករហូតដល់ពេលនេះប្រហែលជាអាចជនល្មើសបំផ្លាញភស្តុតាងធ្វើម៉េចបង្វែរនីតិវិធីពីខុសច្បាប់ទៅជាស្របច្បាប់”។
អង្គការទាំងអង្គការទាំងជិត៣០នោះក៏បានបង្ហាញការសោកស្តាយចំពោះយន្តការផ្លូវច្បាប់ដែលមានស្រាប់ តែនៅតែមិនអាចទប់ស្កាត់ចំពោះបទល្មើសព្រៃឈើនៅទូទាំងប្រទេស។
អង្គការទាំងនោះបានស្នើដល់រដ្ឋាភិបាលត្រូវបង្រ្កាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសគឺមិនមែនបង្រ្កាបតែនៅក្នុងខេត្តចំនួនដែលគណកម្មការពិសេសកំពុងធ្វើការនោះទេ។
សកម្មជនបរិស្ថានលោក ឈឹម សាវុធ អះអាងថាលោកបានឃើញបទល្មើសព្រៃឈើនៅខេត្តព្រះវិហារនិងកំពង់ធំជាពិសេសតំបន់ព្រៃឡង់គឺកាន់តែច្រើនខណៈគណកម្មការពិសេសរបស់រដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការនៅខេត្តផ្សេងពីនោះ។ លោកថាការមិនទាន់បញ្ចេញរបាយការណ៍បង្រ្កាបបទល្មើសព្រៃឈើនេះធ្វើឲ្យពលរដ្ឋអស់ជំនឿលើប្រសិទ្ធភាពការងារនៃក្រុមពិសេសនេះដែលនឹងចំណាយថវិការដ្ឋ៥០០លានរៀល។
លោកមានប្រសាសន៍ថា៖ ”ឃើញតែព័ត៌មានមួយចំនួនតាមប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមមានការដុតឈើរាប់សិបកំណាត់គ្រប់កន្លែង ប៉ុន្តែអត់ឃើញមានការផ្តន្ទាទោស[ជនល្មើស]យកច្បាប់មកអនុវត្ត។ បញ្ហាហ្នឹងដែលខ្ញុំគិតថា[រដ្ឋាភិបាល]អត់ឆន្ទៈពិតប្រាកដក្នុងការបង្រ្កាបទេវាជារឿងមួយដើម្បីបំបិតបំបាំងរឿងផ្សេងបន្តទៀត”។
លោក ឈឹម សាវុធ យល់ថាការធ្វើយុទ្ធនាការនេះគឺមានរយៈពេលជិត២ខែហើយគឺគួរតែមានចេញរបាយការណ៍បឋមឲ្យពលរដ្ឋបានដឹងពីចំនួនឈើដែលចាប់បាននិងតើអ្នកណាជាអ្នកប្រព្រឹត្តបទល្មើសព្រៃឈើនេះគឺមិនត្រូវបន្តលាក់បាំងនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានដាក់ការសង្ស័យចំពោះមន្រ្តីមួយចំនួនដែលមិនបង្រ្កាបបទល្មើសព្រៃឈើឲ្យមានប្រសិទ្ធិភាពដោយពួកគេបានផលប្រយោជន៍ពីបទល្មើសនេះ។ លោកមានប្រសាសន៍ថា៖ “ប៉ុន្តែរឿងដឹកឈឺនេះអាហ្នឹងវាដឹកហ្នឹងឡានហើយធំៗណាស់ ហើយចុះភ្នែកទៅណាអស់ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែកប៉េអឹម ទាំងភ្នែករដ្ឋាពិបាលព្រៃឈើ ទាំងភ្នែកបរិស្ថាន ភ្នែកទៅណាអស់ទៅឬក៏អាហ្នឹងនឹងគេដែរវាណាស់តែអ៊ីចឹង”។
ការថ្លែងរបស់នាយករដ្ឋមន្រ្តីបែបនេះគឺក្រោយពេលដែលលោកបានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយនាយកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអមដោយកងទ័ពឆ័ត្រយោង៩១១និងអភិបាលខេត្តមួយចំនួនដោយប្រើឧត្ថម្ភាគចក្រពីរគ្រឿងដោយអះអាងថាដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា។
នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃនោះ។ លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសកាត់ករប្រសិនបើមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានទេនោះ។
លោក ឈឹម សាវុធ យល់ថាការយឺតយ៉ាវក្នុងបង្ហាញរបាយការណ៍នៃការបង្រ្កាបបទល្មើសព្រៃឈើគឺជាឱកាសឲ្យអ្នកកាប់ខុសច្បាប់កាឡៃទៅឈើជាស្របច្បាប់។
លោកកត់សំគាល់ថា៖ ”យើងមើលតែច្បាប់នាំឈើចេញរបស់ឧកញ៉ា ទ្រី ភាព មួយ ដំបូងគាត់បានច្បាប់ប្រមូលទិញឈើចាស់ៗពីរដ្ឋបាលព្រៃខេត្តចំនួន៨ទេដើម្បីនាំចេញទៅលក់ក្រៅប្រទេស។ ប៉ុន្តែយើងឃើញការកាប់បំផ្លាញពេញព្រៃយកឈើថ្មីសុទ្ធគាត់ប្រមូលទិញគរទុកតាមឃ្លាំងហើយគាត់យកឡានដឹកចេញយក[អាជ្ញាប័ណ្ណ]រដ្ឋាភិបាលអនុញ្ញាតឲ្យស្របច្បាប់ដឹកឈើហ្នឹងចេញ។ ទីបំផុតឈើស្រុកខ្មែរត្រូវអស់រលីង”។
របាយការណ៍ក្នុងខែកក្កដាឆ្នាំ២០១៥អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ បានរកឃើញថាការបាត់បង់ព្រៃឈើច្រើនលើសលប់នៅកម្ពុជាគឺកើតឡើងដោយសារតែក្រុមហ៊ុនឯកជនមួយចំនួនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់គ្រងលើដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរដ្ឋាភិបាលទៅកាប់បំផ្លាញព្រៃឈើក្នុងនោះក៏មានការកាប់បំផ្លាញនៅក្នុងតំបន់ព្រៃការពារផងដែរ។
អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ កត់សម្គាល់ថាការបាត់បង់ព្រៃឈើដ៏មហិមានៅកម្ពុជាគឺជាការបង្ហាញឲ្យឃើញពីបរាជ័យជាប្រព័ន្ធនៃការអនុវត្តច្បាប់ការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជានិងពីការកើតឡើងអំពើពុករលួយនៅក្នុងវិស័យនេះ។
កាលពីឆ្នាំ២០១៤រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថាព្រៃឈើនៅក្នុងប្រទេសកម្ពុជានៅសល់ប្រមាណ៦០ភាគរយលើផ្ទៃប្រទេស។ ប៉ុន្តែរបាយការណ៍ពីរូបភាពផ្កាយរណបដែលចេញកាលពីខែធ្នូឆ្នាំ២០១៣ដោយអង្គការ Open Development Cambodia (ODC) បានបង្ហាញថាព្រៃឈើនៅប្រទេសកម្ពុជាត្រូវបានបំផ្លាញយ៉ាងខ្លាំងក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះ។
បើតាមរបាយការណ៍នេះកាលពីឆ្នាំ១៩៧៣ព្រៃឈើកម្ពុជាមានប្រហែល៧២,១១ភាគរយ។ ប៉ុន្តែរូបភាពថ្មីៗតាមផ្កាយរណបបានបង្ហាញថាគម្របព្រៃឈើបច្ចុប្បន្ននៅសល់តែ៤៦,៣៣ភាគរយដោយរួមបញ្ចូលទាំងចម្ការកៅស៊ូផងដែរ៕